Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៤ចំណុច ដើម្បីជួយតម្រង់ទិសការងាររបស់ក្រសួងផែនការ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1106
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៤ចំណុច ដើម្បីជួយតម្រង់ទិសការងាររបស់ក្រសួងផែនការ សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៤ចំណុច ដើម្បីជួយតម្រង់ទិសការងាររបស់ក្រសួងផែនការ

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ចំនួន៤ចំណុច ដើម្បីជួយតម្រង់ទិសការងាររបស់ក្រសួងផែនការ។

អនុសាសន៍ទាំង៤ចំណុចនោះរួមមាន៖

១- ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់យុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ក៏ដូចជាគោលនយោបាយនិងរបៀបវីរៈផ្សេងៗ ដូច្នេះសូមឱ្យក្រសួងផែនការពន្លឿនការរៀបចំផែនការយុទ្ធសាស្ដ្រនេះឱ្យបានទាន់ពេលវេលា។

២- ក្រសួងផែនការត្រូវបង្កើនសមត្ថភាពមន្រ្ដីរបស់ខ្លួនជាប្រចាំជាប់មិនដាច់ សម្រាប់ការងារអង្កេត និងជំរឿនចាំបាច់នានា ជាពិសេសគឺផលិតទិន្នន័យញែក ដែលនឹងប្រែក្លាយទិន្នន័យឱ្យក្លាយទៅជាព័ត៌មានលម្អិត ជាក់លាក់ គ្រប់គ្រាន់ ទាន់ពេលនិងមានគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ក្នុងការវាយតម្លៃស្ថានភាពកំពុងកើត ការវិភាគបញ្ហានិងការឆ្លើយតប និងផែនការសម្រាប់អនាគតចំគោលដៅ។

៣- ដើម្បីទាញយកអត្ថប្រយោជន៍ភាគលាភប្រជាសាស្រ្ដ និងភាគលាភយេនឌ័រឱ្យបានជាអតិបរមា និងបញ្ចៀសបញ្ហាកង្វះកម្លាំងពលកម្ម និងប្រជាជនវ័យចាស់ ដែលច្រើនជាងប្រជាជនវ័យក្មេងនៅកម្ពុជាក្រោយឆ្នាំ២០៥០ សូមឱ្យក្រសួងផែនការគិតគូរឱ្យបានល្អិតល្អន់ឡើងវិញពីនិន្នាការវិទ្យាសាស្រ្ដ និងបម្រែបម្រួលរចនាសម្ព័ន្ធអាយុ ព្រមទាំងសេណារីយ៉ូយន្ដការគាំទ្រដល់យុវវ័យ និងគ្រួសារ និងធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិ ប្រជាជនឆ្នាំ២០១៦-២០៣០។

៤- ពាក់ព័ន្ធនឹងសាលាជាតិផែនការនិងស្ថិតិ សូមឱ្យក្រសួងផែនការពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងពាក់ព័ន្ធ ដើម្បីប្រែក្លាយសាលាជាតិផែនការនិងស្ថិតិ ទៅជាគ្រឹះស្ថានសារធារណៈរដ្ឋបាល ដើម្បីពង្រឹងនិងពង្រីកវិសាលភាពតួនាទីនិងភារកិច្ចឱ្យកាន់តែរីកចម្រើនទៅមុខ និងមានប្រសិទ្ធភាពក្នុងការបណ្ដុះបណ្ដាលវគ្គវិក្រឹតការ និងសុក្រឹតការដល់មន្រ្ដីរាជការ និងមន្ដ្រីបន្ដវេនជាអ្នកគ្រប់គ្រងនិងជាអ្នកដឹកនាំ ដោយមានធនធានថវិកាគ្រប់គ្រាន់ដើម្បីទ្រទ្រង់ការងារអប់រំ បណ្ដុះបណ្ដាលប្រកបដោយគុណភាពនិងសមត្ថភាព។ សាលាជាតិផែនការនិងស្ថិតិខ្លួនឯង ត្រូវលើកកម្ពស់សមត្ថភាពរបស់ខ្លួន ទាំងសមត្ថភាពគ្រូ និងសមត្ថភាពស្ថាប័ន ដើម្បីជាមូលដ្ឋានគ្រឹះអប់រំ និងបណ្ដុះបណ្ដាលរឹងមាំ៕

អត្ថបទទាក់ទង