ថៃស្នើសុំបន្ថែមកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅជុំវិញស្ថានទូតថៃ និងស្ថានកុងស៊ុលនៅខេត្តសៀមរាប នៅថ្ងៃបោះឆ្នោត ខាងមុខ

ការស្នើសុំនេះ បានធ្វើឡើងខណៈនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលស្វាគមន៍ លោក ឈើតគៀត អាត់ថាក័រ (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
នៅក្នុងជំនួបនេះ លោក
Cherdkiat ATTHAKOR បានស្នើសុំកិច្ចសហប្រតិបត្តការ និងការជួយជ្រោមជ្រែងពីអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក្នុងអំឡុងពេលដែល ប្រទេសថៃរៀបចំព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ជាតិ ដែលប្រព្រឹត្តទៅនៅពេលខាងមុខនេះ។
ដើម្បីឲ្យដំណើរការបោះឆ្នោតក្រៅប្រទេស ប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព លោក
ឯកអគ្គរាជទូតថៃ បានស្នើសុំឲ្យជួយគាំទ្រការពារទាំងផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់នៅបរិវេណ និងទីតាំងដែលមានរៀបចំការបោះឆ្នោតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្នុងជំនួបនេះ ភាគីថៃបានចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធកិច្ចការពារព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលថៃធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកន្លងមក។
ក្រៅពីនោះ លោក ឈើតគៀត អាត់ថាក័រ (Cherdkiat ATTHAKOR) ក៏បានលើកឡើងពីកិច្ចការនគរបាល និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលកំពុងមាននិន្នាការកើនឡើងជាសកលគឺល្បែងអនឡាញខុសច្បាប់ជាដើម។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែង អំណរគុណចំពោះ
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងទទួលយកនូវរាល់បទពិសោធន៍ និងការប្រឹក្សាយោបល់ពាក់ព័ន្ធដំណើរការនៃកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅក្នុងអំឡុងពេលនៃការប្រកួតកីឡាស៊ីហ្គេម រីឯពាក់ព័ន្ធនិងការស្នើសុំកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសថៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានសម្តែងការស្វាគមន៍ និងបានរៀបចំចាត់ចែងកម្លាំងនាយកដ្ឋានជំនាញសហការជាមួយនិងកម្លាំងនគរបាលមូលដ្ឋាន ដើម្បីផ្តល់ជូននៅកិច្ចការពារតាមការស្នើសុំឲ្យបានល្អប្រសើរ។
ពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងល្បែងហ្គេមអនឡាញ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ដោយអនុវត្តតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាលនៅប្រទេសកម្ពុជា បានធ្វើការបង្ក្រាបបានស្ទើរតែទាំងស្រុងនៅទីតាំងហ្គេមអនឡាញធំៗគ្រប់ប្រភេទ លើកលែងតែមានករណីមួយចំនួនតូចដែលបានលួចលាក់ជ្រកក្រោមអាជ្ញាប័ណ្ណកាស៊ីណូ ក៏ប៉ុន្តែកិច្ចការនេះនគរបាលជាតិកម្ពុជានៅតែបន្តបង្ក្រាបដូចភ្លៀងរលឹម។
ក្នុងឱកាសនោះដែរ លោក
ឯកអគ្គរាជទូតថៃ បានសម្តែងនូវមនោសញ្ចេតនា និងការដាក់ជំនឿចិត្តខ្ពស់អរគុណចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានថ្លែងការកោតសរសើរចំពោះការដាក់ចេញនូវបទបញ្ជាបង្រ្កាបបទល្មើសឆ្លងដែន និងការចង្អុលដឹកនាំអនុវត្តកិច្ចប្រតិបត្តិការដោយផ្ទាល់ក្នុងការប្រយុទ្ធប្រឆាំងល្បែងអនឡាញខុសច្បាប់ ដែលទទួលបាលលទ្ធផលល្អគួរឲ្យកត់សម្គាល់ ធ្វើឲ្យបទល្មើសគ្រប់ប្រភេទមានការថយចុះ៕