Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ប្រាក់រៀល ត្រូវបានដាក់ឱ្យជួញដូរនៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ 1199
ប្រាក់រៀល ត្រូវបានដាក់ឱ្យជួញដូរនៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រាក់រៀល ត្រូវបានដាក់ឱ្យជួញដូរនៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានចូលរួមពិធីកាត់ខ្សែបូ ដោយដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូររូបិយបណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម គីមទី កោមលី អគ្គនាយកប្រតិបត្តិការ នៃធនាគារជាតិនៃកម្ពុជា និងលោក Cameron Hume នាយកផ្នែកលក់ដុំសកល និងជាអគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Travelex និងមានវត្តមានភ្ញៀវកិត្តិយស ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

គួរបញ្ជាក់ថា វត្តមាននៃប្រាក់រៀលជាលើកដំបូងនៅប្រទេសជប៉ុននេះ នឹងជួយឱ្យទេសចរជប៉ុនទៅដើរលេងកម្សាន្តនៅកម្ពុជា កាន់តែមានភាពងាយស្រួលក្នុងការប្តូរជាប្រាក់រៀល ជាពិសេសក៏នឹងជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនជាងមុនផងដែរ។

បន្ថែមពីនេះ ការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅទីក្រុងតូក្យូ ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀលអាចជួញដូរជាលក្ខណៈអន្តរជាតិ ព្រមទាំងឆ្លុះបញ្ចាំងអំពីការបង្កើនទំនុកចិត្តទៅដល់ការប្រើប្រាស់ និងការទទួលស្គាល់ប្រាក់រៀលកាន់តែទូលំទូលាយកម្រិតពិភពលោក។ នេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សាស្ថិរភាពប្រាក់រៀលក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ។

សូមជម្រាបផងដែរថា នាពេលខាងមុខ ធនាគារជាតិនៃកម្ពុជា នឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាច្រើនផ្សេងទៀតនៅលើពិភពលោក៕