យន្តហោះដែលមានរចនារូបប្រាសាទអង្គរវត្ត គ្រឿងទី១ របស់ Air Asia Cambodia នឹងត្រៀមហោះហើរសាកល្បងនៅថ្ងៃទី៣០ មេសាខាងមុខនេះ
យន្តហោះគ្រឿងទី១ របស់ក្រុមហ៊ុន Air Asia Cambodia បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសា ខាងមុខ។
តាមរយៈបណ្តាញតេលេក្រាមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២១ ខែមេសា ថា យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia ដែលមានរចនារូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia យ៉ាងស្រស់ស្អាត និងដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ នឹងត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បងនៅថ្ងៃទី៣០ ខែមេសា ខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ។ រីឯការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំដំណើរការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នាដើមខែក្រោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើតាមកាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នឹងធ្វើការហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន ៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃផងដែរ ចំណែកឯការហោះហើរក្រៅប្រទេសនឹងចាប់ផ្តើមនាពេលខាងមុខ៕