ផ្ទៃដីជាង ៣៩.០០០ហិកតា ក្នុងខេត្ដពោធិ៍សាត់ ត្រូវបានក្រុមយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដកហូតនិងឃ្លុំទុកដើម្បីស្តារព្រៃឈើឡើងវិញ
ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានឱ្យដឹងថា តាមរយៈកិច្ចប្រតិបត្តិការកន្លងមកនេះ ជាលទ្ធផលក្រុមយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង បានឃ្លុំដី សរុបចំនួន៣៩.៥០៧ហិកតា កសាងផែនទីជូនទៅក្រសួងបរិស្ថាន សម្រាប់កំណត់ភូមិសាស្ត្រស្តាព្រៃឈើឡើងវិញ។ ការប្រាប់ឱ្យដឹងនេះ ធ្វើឡើងក្នុងពេលដែលឯកឧត្ដមចុះពង្រឹងកងកម្លាំងទាំង១០គោលដៅ ដែលបាននិងកំពុងប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែងនិងស្រុកភ្នំក្រវាញ កាលពីចុងសប្ដាហ៍កន្លងទៅ។
ឯកឧត្ដម ខូយ រីដា បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការកន្លងមកជាលទ្ធផលយើងបានឃ្លុំដី សរុបចំនួន៣៩.៥០៧ហិកតា កសាងផែនទីជូនទៅក្រសួងបរិស្ថាន សម្រាប់កំណត់ភូមិសាស្ត្រស្តារព្រៃឈើឡើងវិញ និងបានឃុំខ្លួនជនល្មើសចំនួន១៤នាក់ អប់រំប្រជាពលរដ្ឋបាន៥១នាក់ និងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនល្មើសបានមួយចំនួនទៀត ដើម្បីចាត់ការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ។
ឯកឧត្ដម ខូយ រីដា បានគូសបញ្ជាក់ថា លទ្ធផលទាំងនេះគឺផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់កងកម្លាំង មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងស្មារតីនិងឆន្ទ:មោះមុត ទទួលខុសត្រូវខ្ពស់ ចំពោះប្រមុខរាជរដ្ឋាភិបាល បើទោះបីឆ្លងកាត់ឧបសគ្គស្មុគ្រស្មាញ យ៉ាងណាក៏ដោយ ដើម្បីការពារសម្បត្តិធនធានធម្មជាតិទាំងនោះ។ ព្រោះដូចដែលយើងបានដឹងហើយថា ខេត្តពោធិ៍សាត់ជាខេត្តធុងអាគុយ បើអស់ព្រៃឈើ នោះវានឹងអស់ទឹកភ្លៀង ប្រៀបដូចអាគុយដែលអស់ទឹកអាស៊ីតដូច្នោះដែរ។
សូមជម្រាបជូនថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានគ្របដណ្តប់លើភូមិសាស្ត្រមួយចំនួនធំហើយ ក្នុងនោះឯកឧត្តមអភិបាលខេត្តបានបង្រួមពី១០ក្រុម មកត្រឹម៦ក្រុមវិញ និងបន្តឈរជើង ចល័តល្បាតជាប្រចាំទៅតាមគោលដៅនីមួយៗ ដោយបានដំឡើងផែនទី និងផ្ទាំងប៉ាណូសម្គាល់ទីតាំងដីដែលបានឃ្លុំទុកដើម្បីស្តាព្រៃឈើឡើងវិញ៕