Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

បណ្ឌិត គិន ភា៖ តើចែកគេឯងស្រឡាញ់ជាតិផងបានទេ?

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1170
បណ្ឌិត គិន ភា៖ តើចែកគេឯងស្រឡាញ់ជាតិផងបានទេ? បណ្ឌិត គិន ភា៖ តើចែកគេឯងស្រឡាញ់ជាតិផងបានទេ?

សូមអានអត្ថបទទាំងស្រុង៖

យប់នេះ ខ្ញុំបានខុមម៉ិនឆ្លើយឆ្លងគ្នាលេងជាមួយបងបណ្ឌិត មាស នី (Meas Nee) នៅលើគណនីហ្វេសរបស់គាត់ពាក់ព័ន្ធរឿង «ជួយជាតិនិងមិនជួយជាតិ»(*) ក៏ធ្វើឱ្យខ្ញុំនឹកឃើញអត្ថបទមួយដែលខ្ញុំបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្ញុំកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានចំណងជើងថា .«តើចែកគេឯងស្រឡាញ់ជាតិផងបានទេ?»។ ខ្ញុំសូមកែសម្រួលខ្លះៗឱ្យត្រូវតាមស្ថានភាពជាក់ស្តែង និងបង្ហោះវា​ឡើងវិញ។ អត្ថបទនោះរាងវែងបន្តិច, ខ្ញុំគិតថាបងប្អូនមួយចំនួនអាចនឹងមិនអានវាដល់ចប់ទេ តែមិនថ្វីទេ អានក៏បាន មិនអានក៏មិនអីដែរ។ 

អត្ថបទនេះ ​ច្រើនឬតិច អាចឆ្លុះបញ្ចាំងពីឥរិយាបទខ្លះៗរបស់អ្នកនយោបាយ ឬអ្នកគាំទ្រនយោបាយខ្មែរមួយចំនួនតូចណានោះនៅក្នុងប្រទេសនិងក្រៅប្រទេស។

ជាការកត់សម្គាល់ សង្គមយើងបច្ចុប្បន្ន មនុស្សខ្មែរហាក់កំពុងត្រូវបានពុះជ្រៀកឱ្យទៅជាច្រើនចម្រៀកឬច្រើនក្រុម ប៉ុន្តែ ខ្ញុំសូមលើកយកតែមនុស្សពីរក្រុមមកបរិយាយ គឺក្រុមដែលអះអាងថាខ្លួនឯងថាជា «ជនស្នហាជាតិ» និងក្រុមដែលត្រូវបានគេចាត់ទុកថាជា «ជនក្បត់ជាតិ»។ 

ដោយផ្អែកតាមទស្សនៈបែបប្រធានវិស័យភាព (Subjectivity) នៃក្រុមណាមួយ, បុគ្គលតែម្នាក់ អាចត្រូវបានគេចាត់ទុកថាជា «ជនស្នេហាជាតិ» ឬ «ជនក្បត់ជាតិ» តែក្នុងពេលមួយពព្រិចភ្នែក។ ប៉ុន្តែ ក្រុមជនដែលចោទគេ ឬជនដែលត្រូវគេចោទថាជា «ជនស្នេហាជាតិ» ឬ «ជនក្បត់ជាតិ» ហាក់ដូចជាមិនបានយល់ថា អ្វីទៅហៅថា «ស្នេហាជាតិ» ឬអ្វីហៅថា «ក្បត់ជាតិ» នោះទេ។

ស្នេហាជាតិ គឺមានន័យថា ជាការស្គាល់ចរិត និងឋានៈនៃជាតិឱ្យច្បាស់លាស់ គឺយល់នូវសិទ្ធិនៃជាតិខ្លួន គឺពុំព្រមឱ្យជនជាតិឯណាមួយ មករំលោភលើសិទ្ធិជាតិខ្លួនដោយត្រង់ៗក្ដី ឬដោយបោកបញ្ឆោតក្ដី។ ចិត្ដស្នេហាជាតិដ៏ត្រឹមត្រូវ បណ្តាលឱ្យយើងចេះនិយមនិងការពាផលប្រយោជន៍នៃជាតិយើង តែឥតទៅរំលោភលើជាតិឯណាឡើយ។ ចំណែក ការក្បត់ជាតិ មានន័យថា ជាការចូលសមគំនិតនឹងអ្នកបរទេស នាំគេចូលមកលុកលុយសង្កត់សង្កិនដែនដី ឬប្រទេសជាតិរបស់ខ្លួន។

បើផ្អែកតាម​អត្ថន័យខាងលើ ប្រហែលជាមានមនុស្សមួយចំនួននៅតែយល់ចំឡំចំពោះអត្ថន័យនៃពាក្យ «ស្នេហាជាតិ» ឬ «ក្បត់ជាតិ»។ មានមនុស្សមួយក្រុម ហាក់ដូចជាបង្ហាញមនោសញ្ចេតនាស្រឡាញ់ជាតិតែម្នាក់ឯង និងយល់ថា មនុស្សមួយក្រុមទៀត មិនស្រឡាញ់ជាតិដូចខ្លួននោះទេ រហូតចោទគេថាជា «ជនក្បត់ជាតិ»។ ក្រុមនេះ គឺសំដៅដល់មជ្ឈដ្ឋានមនុស្សមួយចំនួន ឬអាចភាគច្រើន មកពីក្រុមអតីតបក្សប្រឆាំង ដែលតែងតែមើលមកមនុស្សនៃបក្សកាន់អំណាច ជាពិសេស មន្រីរាជការនៃបក្សកាន់អំណាច ថាជាមនុស្សមិនស្រឡាញ់ជាតិ មិនស្មោះត្រង់នឹងជាតិ ឬរហូតហៅថាជា «ជនក្បត់ជាតិ» ក៏មាន។ 

មជ្ឈដ្ឋានមនុស្សមួយចំនួនមកពីក្រុមអតីតបក្សប្រឆាំង តែងតែលើកតម្កើងក្រុមខ្លួនថាជាវីរៈជន ឬជា «ជនស្នេហាជាតិ» ស្រឡាញ់ជាតិជាងក្រុមណាៗទាំងអស់។ បើមានបុគ្គណាម្នាក់មិនយល់ស្របនឹងឧត្តមគតិនយោបាយរបស់ខ្លួន ក៏តាំងចោទគេថា ជាអាយ៉ងបក្សកាន់អំណាច ឬជា «ជនក្បត់ជាតិ» ក៏សឹងមាន។ បើគ្រាន់តែឃើញអ្នករាជការមួយចំនួនចូលរួមហែរក្បួនបក្សកាន់អំណាច ក៏នាំគ្នាប្រមាថកាតទានគេឥតសំចៃមាត់ ថាគេមិនចេះស្រឡាញ់ជាតិដូចខ្លួន។ បុគ្គលម្នាក់នៅពេលកំពុងចូលរួមជីវភាពនយោបាយជាមួយបក្សប្រឆាំង ត្រូវបានបក្សប្រឆាំងលើកតម្កើងជាវីរៈជន ឬជា «ជនស្នេហាជាតិ» ដ៏ឧត្តុង្គឧត្តមណាស់, ប៉ុន្តែ គ្រាន់តែគ្នាបានផ្លាស់ប្តូរជីវភាពនយោបាយភ្លាម បានចោទប្រកាន់គ្នាថាជាជនសំរាម ឬជា «ជនក្បត់ជាតិ» ជាដើម។ សូម្បីតែអ្នកវិភាគមួយចំនួន ដែលវិភាគខុសពីឧត្តមគតិនយោបាយក្រុមអតីតបក្សប្រឆាំង ក៏ត្រូវរងការចោទប្រកាន់ថាជា «ជនលក់ឧត្តមគតិ» ឬ «លក់ក្បាល» ឱ្យរាជរដ្ឋាភិបាលដែរ។ សរុបទៅ តើអ្វីទៅជាអត្ថន័យនៃពាក្យ «ស្នេហាជាតិ» ឬ «ក្បត់ជាតិ» របស់ក្រុមសប្រឆាំង? គឺគ្មានអ្វីក្រៅតែពីការដើរខុសឧត្តមគតិនយោបាយរបស់ក្រុមប្រឆាំងនោះទេ។

ដូចគ្នាដែរ, មជ្ឈដ្ឋានក្រុមមនុស្សមួយចំនួនតូចនៃបក្សកាន់អំណាចក៏មិនណយដែរ, មិនសូវទុកអ្នកដទៃក្រៅពីបក្សខ្លួនក្នុងកែវភ្នែកទេ, មើលមកក្រុមដទៃ ដែលមិនស្របនឹងឧត្តមគតិនយោបាយខ្លួន សុទ្ធតែជាមនុស្សគ្មានបានការ មនុស្សជ្រុលនិយម ជួនកាលបានបង្កកបញ្ញវន្តមួយចំនួនទុកចោលក្បែរជញ្ជាំងរាប់ឆ្នាំក៏មាន។ មនុស្សមួយចំនួនតូចនៃបក្សកាន់អំណាច តែងតែយល់ថា មានតែក្រុមខ្លួនទេ ដែលស្រឡាញ់ជាតិ និងជួយជាតិច្រើនជាងគេ ឬ «ស្នហាជាតិ» ជាងគេ ហើយមានពេលខ្លះ ថែមទាំងបានចោទប្រកាន់មជ្ឈដ្ឋានមនុស្សមកពីបក្សប្រឆាំងថាជា «ជនក្បត់ជាតិ» ផងក៏មាន។

មនុស្សមួយចំនួនតូចនៃបក្សកាន់អំណាច ដែលជាប្រធានស្ថាប័ន​កាន់កិច្ចការជាតិតែឯង​ឬបែងចែកការងារតែបក្សពួក កូនចៅសាច់ញាតិឯង មិនឱ្យនរណាជួយឡើយ ព្រោះតែស្រឡាញ់ជាតិពេក។  ម្ល៉ោះហើយ ធ្វើឱ្យមន្ត្រីមួយចំនួនក្នុងបក្សស្រែក «ជយោបក្ស!» តែនឹងមាត់ ប៉ុន្តែ «បេះដូងគេពិតដែរឬយ៉ាងណា គ្មាននរណាដឹងទេ!» សមដូចលោកប្រធាន ម៉ៅ និយាយថា «មានច្រើនពេលដែលខ្ញុំសួរខ្លួនខ្ញុំថា តើអ្នកដែលស្រែក “ជយោម៉ៅ!” ខ្លាំងជាងគេ និងលើកបដាខ្ពស់ជាងគេ តើពិតទេ? ដូចដែលមានអ្នកខ្លះនិយាយថា គេលើកទង់ក្រហមសំដៅវាយប្រហារទង់ក្រហមទេដឹង?»

តើពេលណាទើបខ្មែរឈប់ចោទប្រកាន់គ្នាពីរឿង «ស្នេហាជាតិ» ឬ «ក្បត់ជាតិ» ដោយផ្អែកតែទៅលើឧត្តមគតិនយោបាយ? ហេតុអ្វីមិនប្រកួតគ្នាលើគោលនយោបាយអភិវឌ្ឍន៍ជាតិ? ប្រទេសជាតិយើងអាចអភិវឌ្ឍលឿនជាងនេះ បើមនុស្សគ្រប់សមាភាពសង្គមមិនត្រូវបានបោះបង់ចោល។

 

ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៣ មក ខ្ញុំកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាល បានផ្តល់តម្លៃខ្ពស់លើការស្រាវជ្រាវវិទ្យាសាស្ត្រ ហើយបានកាត់បន្ថយការជឿលើរបាយការណ៍យកមុខ (Feel-good report) តាមរយៈការដាក់ចេញនូវយន្តការទទួលព័ត៌មានពិតពីប្រជាពលរដ្ឋជាច្រើនទម្រង់ ជាពិសេស ​ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យសម្តេចអាចឆ្លើយតបនិងដាក់ចេញនូវវិធានការជាច្រើនទាន់ពេលវេលានិងសមស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីចៅក្រសួង និងស្ថាប័ននានារបស់រដ្ឋ ក៏មានទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែរ ដែលដើរតួនាទីជាស្ពានចម្លងឆន្ទៈរាស្ត្រនិងរដ្ឋ។   

ខ្ញុំសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាល​ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងបន្តកំណែទម្រង់ស៊ីជម្រៅពិតប្រាកដទាំងនៅលើក្រដាសនិង​ការអនុវត្តជាក់ស្តែង និងវិនិយោគខ្ពស់លើការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ព្រមទាំងកាត់បន្ថយជាអតិរមានូវចំណុចអសកម្មនៅក្នុងសង្គមជាតិយើង។ ​

«សូមកុំស្រឡាញ់ជាតិតែឯង, សូមចែកគេឯងស្រឡាញ់ជាតិផង!!!»

(*) ខុមម៉ិនរបស់ខ្ញុំនៅលើគណនីហ្វេសប៊ុករបស់បងបណ្ឌិត មាស នី ៖

 

– «មិនថាធ្វើការរដ្ឋឬឯកជន ឬប្រជាជនសាមញ្ញទេ កុំឱ្យតែបំផ្លាញផលប្រយោជន៍ជាតិ គឺទុកថា ជួយជាតិហើយ។ មានច្រើនដងណាស់ ដែលអ្នកមិនធ្វើការរដ្ឋមួយចំនួន ចង្អុលអ្នកធ្វើការរដ្ឋថាមិនជួយជាតិ, ហើយក៏មានច្រើនដងដែរ ដែលអ្នកធ្វើការរដ្ឋមួយចំនួន ចង្អុលអ្នកមិនធ្វើការរដ្ឋថាមិនជួយជាតិ។

កុំចេះតែនាំគ្នាគិតថា មានតែក្រុមនេះស្នេហាជាតិ ក្រុមនោះមិនស្នេហាជាតិ, កុំចេះតែដណ្ដើមគ្នាស្នេហាជាតិផ្តាច់មុខ រហូតដល់ជាតិរលាយ។

ប្រវត្តិសាស្ត្របានបង្រៀនយើងហើយ ចរិតស្នេហាជាតិផ្តាច់មុខហ្នឹងហើយ ដែលជាតិយើងស្ទើរបាត់ស្រមោលពីផែនទីពិភពលោក៕»

– «អរគុណបង! ជានិច្ចកាល ខ្ញុំតែងតែប្រាថ្នាចង់ឃើញបងប្អូនខ្មែរយើងទាំងអស់គ្នាជានាគ្នា ស្រឡាញ់គ្នា ទុកគ្នាជាឈាមជ័រតែមួយលើផែនដីខ្មែរ ដែលមានទំនួលខុសត្រូវសង្គមក្នុងនាមជាខ្មែរ ដែលស្រឡាញ់ជាតិ ទឹកដី និងសម្បត្តិមរតកដូនតាខ្មែរដូចគ្នា។ ការទុកខ្មែរដូចគ្នាជាសត្រូវ មិននាំមកផលចំណេញដល់ជាតិទេ។»

អត្ថបទកែសម្រួលឡើងវិញ ២ ឧសភា ២០២៣

អត្ថបទទាក់ទង