Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋបាលខេត្ដកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីចាក់ថ្មច្រាំងទន្លេ នៅស្រុកស្រីសន្ធរ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 797
រដ្ឋបាលខេត្ដកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីចាក់ថ្មច្រាំងទន្លេ នៅស្រុកស្រីសន្ធរ រដ្ឋបាលខេត្ដកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីចាក់ថ្មច្រាំងទន្លេ នៅស្រុកស្រីសន្ធរ

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីចាក់ថ្មច្រាំងទន្លេនៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជុំវិញករណីនេះ រដ្ឋបាលខេត្ដកំពង់ចាម បានបញ្ជាក់ថា រដ្ឋបាលខេត្ដ បានចុះធ្វើការពិនិត្យភ្លាមៗ ដោយចាត់តាំង ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃសំណង់ ព្រមទាំងជួបជាមួយ នឹងភាគីពាក់ព័ន្ធរួមមាន អាជ្ញាធរឃុំ/ភូមិ តំណាងម្ចាស់ទីតាំង និងប្រជាពលរដ្ឋរស់នៅក្បែរតំបន់នៃសំណង់។

ក្រោយពីចុះពិនិត្យរួចរាល់ រដ្ឋបាលខេត្ដកំពង់ចាម បានប្រកាសថា៖
១-ការចាក់ថ្មច្រាំងទន្លេនេះ មានប្រវែងបណ្តោយច្រាំង ១៦៥ម៉ែត្រ ជម្រាលច្រាំង ១០ម៉ែត្រ និង ១៦ម៉ែត្រ ដែលផ្នែកខាងក្រោមចាក់ថ្មទប់ជម្រាលលយចូលក្នុងទឹក។ សំណង់នេះ ធ្វើឡើងពុំបានសុំច្បាប់ជាលាយលក្ខណ៍ អក្សរទេ តែបានសុំផ្ទាល់មាត់ត្រឹមលោកមេឃុំមានជ័យ។ សំណង់ត្រូវបានចាប់ផ្តើមម្តងបន្តិចៗ រហូតដល់ចប់ សកម្មភាពទាំងស្រុងនៅក្នុងខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ម្ចាស់ទីតាំងបានបញ្ជាក់ពីគោលបំណងនៃការចាក់ថ្មនេះគឺដើម្បីការពារទប់ច្រាំងទន្លេកុំឲ្យបាក់បន្តទៀត។

២-ជាវិធានការរដ្ឋបាល គឺក្រុមការងារបានតម្រូវឲ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពចាក់ថ្មបន្តទៀត និងរង់ចាំ លទ្ធផលនៃការចុះសិក្សា វាយតម្លៃរបស់ក្រសួងធនធានទឹកនិងឧតុនិយម អំពីលក្ខណៈបច្ចេកទេស និងផលប៉ះពាល់ប្រសិនបើមាន។

៣-ជាការវាយតម្លៃបឋម ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តយល់ឃើញថា សំណង់នេះហាក់មិននាំទៅដល់ការខូចខាតច្រាំងទន្លេ ឬធ្វើឲ្យប៉ះពាល់លំហូរទឹកទន្លេឡើយ។ ផ្ទុយមកវិញ សំណង់នេះ ទំនងជាអាចជួយទប់ ច្រាំងទន្លេមិនឲ្យបាក់បន្ត។ មិនតែប៉ុណ្ណោះ ប្រជាជនដែលមានផ្ទះនៅក្បែរសំណង់ទាំងអស់ គឺមានការសារទរទាំងអស់គ្នា ដ្បិតពួកគាត់យល់ឃើញថា សំណង់នេះនឹងជួយការពារច្រាំងទន្លេមិនឲ្យបាក់មកដល់ផ្ទះពួកគាត់ដែរ។

៤-រដ្ឋបាលខេត្តក៏សូមបញ្ជាក់ផងដែរថា ដើម្បីការពារផ្លូវជាតិលេខ ៧០B ដែលគម្រាមកំហែងដោយការ បាក់ច្រាំងជាបន្តបន្ទាប់ជាច្រើនឆ្នាំមកនេះ រដ្ឋបាលខេត្តក៏មានគម្រោងជួសជុលច្រាំងទន្លេនៅតំបន់នោះកុំឲ្យបាក់ស្រុត បន្តនៅពេលឆាប់ៗខាងមុខដែរ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម សូមស្វាគមន៍ចំពោះសប្បុរសជនទាំងអស់ ដែលមានបំណងចង់ចូលរួមអភិវឌ្ឍមូលដ្ឋាន ពិសេសសំណង់ច្រាំងទន្លេ តែសូមឲ្យមានកិច្ចសហការពីអជ្ញាធរ និង ស្ថាប័នជំនាញជាមុន ដើម្បីចូលរួមគាំទ្រផ្នែកច្បាប់ បច្ចេកទេស និងធានានូវតម្លៃនៃសមិទ្ធផល៕