Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1166
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព» សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»
នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និង​សញ្ញា​​បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចតេជោ និងជាប្រធានកាកបាទក្រហមកម្ពុជា រួមទាំងកូនៗរបស់សម្ដេចទាំងទ្វេរផងដែរ។ ពិធីនេះបានរៀប​ចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ។
សម្តេចតេជោ​ ហ៊ុន សែន បានមានប្រសាសន៍សូមថ្លែងអំណរគុណដល់គណៈកម្មាធិការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរៀបចំពិធីដ៏មហោឡារិក និងសូមសម្តែងនូវ អំណរគុណជូនចំពោះ អង្គការពុទ្ធសាសនិកពិភពលោក និង សកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជ្រើសរើសថ្ងៃដ៏ពិសិដ្ឋនេះដើម្បីផ្តល់គោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» និងផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ជូនដល់សម្តេចនាពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា សម្តេចពិតជាមានចិត្តអំណរប្រកបដោយការគោរពយ៉ាងខ្លាំងចំពោះកាយវិការដ៏ប្រពៃថ្លៃថ្លានេះ និងថ្លែងអំណរគុណដល់លោក ម៉ូរីតា នរីតាដា (Morita Noritada) ដែលបាន និងកំពុងភ្ជាប់ទំនាក់ទំនងយ៉ាងសកម្ម ជាមួយបណ្ដាប្រទេសមេគង្គ និងលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់តាំងពីឆ្នាំ១៩៩៣។៣០ឆ្នាំក្រោយមក នាថ្ងៃនេះ លោក ម៉ូរីតា ក៏កំពុងមាន វត្តមាននៅទីនេះជាមួយយើងទាំងអស់គ្នាផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ការទទួលបានគោរមងារ និងសញ្ញាបត្រកិត្តិយសនាថ្ងៃនេះ កើតមានឡើងដោយសារតែការចូលរួមរបស់ លោក ម៉ូរីតា ដែលបានបំពេញតួនាទីជាច្រើនក្នុងនាមជាព្រឹទ្ធបុរសមួយរូបរបស់អាស៊ី។ លោក ម៉ូរីតា គឺជាមនុស្សដំបូងគេរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានមក
សម្តេចដើម្បីពិភាក្សាអំពីការចូលរួមរបស់កម្ពុជាទៅក្នុងកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។ការចូលរួមដោយមិនគិតពីការនឿយហត់របស់លោក ម៉ូរីតា ក្នុងការស្តារនិង កសាងប្រទេសកម្ពុជាឡើងវិញ ស័ក្តិសមនឹងទទួលបានពីសម្តេចនូវការកោតសរសើរ និងការគោរពអស់ពីដួងចិត្ត។ ជាក់ស្តែង លោក ម៉ូរីតា មិនត្រឹមតែជាអ្នកដែលបានទៅទស្សនាប្រាសាទ ព្រះវិហារច្រើនជាងគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដែលបាន ជួយបង្កើនសន្ទុះនៃការជំរុញដល់ភាពជោគជ័យនៃគំនិតផ្តួចផ្តើម ជាច្រើននៃកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍ និងកសាងសន្តិភាព រវាងកម្ពុជា និងថៃ ទៀតផង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយសនាពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនកម្ពុជាទាំងអស់ និងបានបង្ហាញអំពីទំនាក់ទំនងដែលមិនអាច កាត់ថ្លៃបានរវាងព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និង សន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនានៃមនុស្សជាតិ ។
ការផ្តល់ជូននេះ គឺពិតជានិមិត្តរូបនៃពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធដែលបានជ្រៀបចូលទៅក្នុងជីវិតរស់នៅរបស់មនុស្សលោក ទាំងទិដ្ឋភាពសង្គម វប្បធម៌ នយោបាយ និង សេដ្ឋកិច្ច។
សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលការណ៍នេះតំណាងឱ្យស្មារតី និងទស្សនវិជ្ជាតែមួយរបស់កម្ពុជា ។ សម្តេចមានមោទនភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការកសាងជាតិឡើងវិញ ក្រោយជម្លោះក៏ដូចជាការចូលរួមស្ថាបនារបស់យើង។
សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏វិសេសវិសាល និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ អង្គការពុទ្ធសាសនិកពិភពលោក ក្នុងការផ្សព្វផ្សាយពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ការលើកតម្កើងតម្លៃនៃព្រះពុទ្ធសាសនា និងការផ្សារភ្ជាប់ពុទ្ធបរិស័ទជុំវិញពិភពលោក ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពសម្រាប់មនុស្សជាតិទាំងមូល។ សម្តេចតេជោបានគាំទ្រអស់ពីចិត្តចំពោះបេសកកម្ម និងចក្ខុវិស័យរបស់អង្គការ ពុទ្ធសាសនិកពិភពលោក ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយអន្តរជំនឿបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដីរបស់យើង។ សម្តេចក៏សូមយកឱកាសនេះ កោតសរសើរចំពោះឥស្លាមសាសនា និងសាសនាផ្សេងដែលបាន រួមចំណែកដល់ការកសាងសន្តិភាព រក្សាសន្តិភាព និងការអភិវឌ្ឍកម្ពុជា រយៈពេលកន្លងមក និងបច្ចុប្បន្ននេះ។
សម្តេចតេជោ មានប្រសាសន៍ដោយសម្តែងនូវការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដោយមានការគាំទ្រពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការលើកកម្ពស់ច្រករបៀងវប្បធម៌ សាសនា និង អរិយធម៌ដែលតភ្ជាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គ តំបន់អាស៊ីប៉ាស៊ីហ្វិក និង តំបន់ជាច្រើនផ្សេងទៀត។ ឈរលើវឌ្ឍនភាពទាំងអស់នេះ សម្តេចសូមចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួនដូចខាងក្រោម៖
ទី១-សូមលើកទឹកចិត្តឱ្យមានការអភិវឌ្ឍនូវ គំនិតផ្ដួចផ្ដើមជាច្រើនបន្ថែមទៀត ដែលផ្សារភ្ជាប់នូវអរិយធម៌ព្រះពុទ្ធសាសនានៅជុំវិញពិភពលោកដើម្បីលើកកម្ពស់ការអប់រំការផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធដើម្បីឱ្យស្ថាប័ន-សិក្សា ធនាគារគំនិត (think tanks) វិទ្យាស្ថានពុទ្ធ សាសនិក ឬ សកលវិទ្យាល័យ អាចបញ្ចូលតម្លៃទាំង នេះទៅក្នុងកម្មវិធីអប់រំ និង ស្រាវជ្រាវ ។
ទី២-យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងចំណោមប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងតំបន់ទន្លេមេគង្គ និងលើពិភព លោកដើម្បីបណ្តុះតម្លៃ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលនាំទៅរកយុត្តិធម៌ សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក ការអត់ឱន និងការរួមរស់ប្រកបដោយ
សន្តិសហវិជ្ជមាននៃមនុស្សជាតិ។
ទី៣-ឈរលើការប្តេជ្ញានៅក្នុងមហាសន្និបាតលើកទី៦ របស់អង្គការពុទ្ធសាសនិកពិភពលោក ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៦១ ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ ព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ, សម្តេចសូមអំពាវនាវដល់សហគមន៍ពុទ្ធសាសនិកពិភពលោក បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដើម្បីបញ្ចប់សង្គ្រាមការស្អប់ខ្ពើម អំពើហឹង្សា និង អំពើផ្សេងៗដែលបំផ្លាញមនុស្សជាតិយើង។
ទី៤-ជាមួយនឹងការគោរពចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ យើងមិនត្រូវភ្លេចជាមួយនឹងការធ្វើសុខុដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលមាន វត្តមាននៅកម្ពុជា ពិសេសឥស្លាមសាសនា និងគ្រឹស្តសាសនា ដែលនេះគឺជាចំណុចខ្លាំងរបស់កម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់សារជាថ្មីថា កម្ពុជានឹងបន្តប្រកាន់យកនូវគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ហើយប្រជាជនកម្ពុជាទាំង អស់នឹងបន្តទទួលបាននូវសេរីភាពខាងសាសនាដូចមានចែងក្នុង រដ្ឋធម្មនុញ្ញរបស់យើង ។
សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឱ្យអង្គការពុទ្ធសាសនិក ពិភពលោក ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងសហគមន៍ពុទ្ធសាសនាកម្ពុជា និងអន្តរជាតិ មកពីគ្រប់និកាយធ្វើការរួមគ្នាជាមួយអង្គការ យូណេស្កូ និងទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត ដើម្បីលើកកម្ពស់សុខដុមរមនាអន្តរជំនឿបន្ថែមទៀត ដើម្បីសម្រេចឱ្យ បាននូវគោលដៅរួមរបស់យើង គឺសន្តិភាព និងស្ថេរភាព៕

អត្ថបទទាក់ទង