នាយឧត្តមសេនីយ៍ សៅ សុខា ថានឹងចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ បើ U22 កម្ពុជាឆ្លងមិនផុតវគ្គសន្សំពិន្ទុពូលA

បន្ទាប់ពីបញ្ចប់ការប្រកួតក្រុមបាល់ទាត់បុរស U22 កម្ពុជា ជាមួយនឹង ហ្វីលីពីន នៅព្រលប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរនៅលើបណ្ដាញសង្គម FaceBook ផ្ទាល់ខ្លួនមានខ្លឹមសារទាំងស្រុងថា៖ កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ
បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី ៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាម រយះវិស័យកីឡាបាល់ទាត់ ។
បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម ។
ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គ លេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់
មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ. ៕