Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិ លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម នៃអង្គការ WTO

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1030
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិ លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម នៃអង្គការ WTO រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិ លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម នៃអង្គការ WTO

នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រចាំទីក្រុងហ្សឺណែវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិ លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework-EIF) នៃអង្គការ WTO និងលោក Aik Hoe Lim នាយកផ្នែកពាណិជ្ជកម្ម និងបរិស្ថាននៃអង្គការ WTO។

ក្នុងជំនួបនោះ បានលើកឡើងពីសមិទ្ធផលសំខាន់ៗរបស់ EIF និងការគាំទ្រនាពេលបច្ចុប្បន្ន ដើម្បីបង្កើតក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដែលក្រសួងពាណិជ្ជកម្ម បាននិងកំពុងដឹកនាំក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។

បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំបង្កើតគណៈកម្មាធិការជំនួយពាណិជ្ជកម្ម សម្រាប់ការសម្របសម្រួលកាន់តែប្រសើរជាមួយម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រើប្រាស់ធនធានសម្រាប់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍន៍ពាណិជ្ជកម្ម។

ជាកិច្ចឆ្លើយតប លោកបណ្ឌិត Adhikari បានស្វាគមន៍គណៈប្រតិភូកម្ពុជា និងបានកោតសរសើរដល់កម្ពុជា ក្នុងការអនុវត្តគម្រោង EIF ប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ លោកក៏បានលើកឡើងអំពីការគាំទ្រ EIF លើការបង្កើតក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងឱកាសនោះដែរ លោក Aik Hoe Lim នាយកផ្នែកពាណិជ្ជកម្ម និងបរិស្ថាននៃអង្គការ WTO បានជម្រាបផងដែរថា លេខាធិការដ្ឋាន WTO និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព តាមរយៈសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនានា៕