Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ព្រោះមានចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 731
ការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ព្រោះមានចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ព្រោះមានចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្ដី ប្រកាសព័ត៌មានស្ដីពីការចាប់ខ្លួនលោក ស៊ុន ចន្ទី ភេទប្រុស ប្រធានគណបក្សកម្លាំងជាតិ ដោយបានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតករណីបទល្មើសជាក់ស្តែងលើ ឈ្មោះ ស៊ុន ចន្ទី ភេទប្រុស អាយុ៤៤ឆ្នាំ ជាប្រធានគណបក្សកម្លាំងជាតិ ដែលបានធ្វើសកម្មភាពកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ចុះជួបជាមួយសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស នៅខេត្តអីបារាំគិ ប្រទេសជប៉ុន ហើយបានបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្ត ចំពោះរាជរដ្ឋាភិបាលលើការចែកប័ណ្ណក្រីក្រ ថាមានការរើសអើង និងមានភាពលម្អៀងជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

សេចក្ដីប្រកាសព័ត៌មានដដែលនេះដែរ បានបញ្ជាក់ថា ដោយពិនិត្យឃើញថា សកម្មភាពរបស់ជនសង្ស័យស្ថិតក្នុងបទល្មើសជាក់ស្តែង និងតាមលទ្ធផល នៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងអយ្យការបាន ចេញដីកាបញ្ជាឱ្យចូលខ្លួន លេខ២៨៨ អ.យ.ក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បង្គាប់ឱ្យនាំខ្លួនឈ្មោះ ស៊ុន ចន្ទី ភេទប្រុស អាយុ៤៤ឆ្នាំ ឱ្យមកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនខាងលើ ដោយបានចាប់ខ្លួនឈ្មោះ ស៊ុន ចន្ទី ភេទប្រុស អាយុ ៤៤ឆ្នាំ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តចាត់ការសំណុំរឿងនេះដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមនីតិវិធី និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕