Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ៖ កម្ពុជានៅតែមានជំនឿ និងប្រកាន់ខ្ជាប់នូវគោលនយោបាយសកលភាវូបនីយកម្ម ពហុភាគីនិយម និងគោលនយោបាយបើកចំហរ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1042
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ៖ កម្ពុជានៅតែមានជំនឿ និងប្រកាន់ខ្ជាប់នូវគោលនយោបាយសកលភាវូបនីយកម្ម ពហុភាគីនិយម និងគោលនយោបាយបើកចំហរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ៖ កម្ពុជានៅតែមានជំនឿ និងប្រកាន់ខ្ជាប់នូវគោលនយោបាយសកលភាវូបនីយកម្ម ពហុភាគីនិយម និងគោលនយោបាយបើកចំហរ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអធិបតីក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤» ដោយមានការចូលរួមពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ វិនិយោគិនជាតិ និងអន្តរជាតិល្បីៗ ជាច្រើននាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកកម្មវិធីពិព័រណ៍នេះជាវេទិកាសំខាន់ ដែលប្រមូលផ្តុំដោយអ្នកធុរកិច្ចទាំងក្នុងនិងក្រៅប្រទេសដាក់តាំងបង្ហាញផលិតផល និង សេវាកម្ម ក៏ដូចជាឱកាសផ្គូផ្គង និងការចាប់ដៃគូពាណិជ្ជកម្មផងដែរ។ ឯកឧត្តម វង្សី វិស្សុត ក៏បានកត់សម្គាល់ថា បន្ថែមលើវត្តមានរបស់ក្រុមហ៊ុនអន្តរជាតិមករកទីផ្សារនៅកម្ពុជាក្នុងពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិនេះ ឯកឧត្តមក៏ចង់ឱ្យមានការដាក់តាំងផលិតផលខ្មែរកាន់តែច្រើននៅក្នុងពិព័រណ៌បែបនេះ ដើម្បីពង្រីកឱកាសនាំចេញផលិតផលខ្មែរទៅកាន់ពិភពលោក ជាពិសេសគឺនាំកម្ពុជាទៅកាន់ពិភពលោក (Bring Cambodia to the World)។ បន្ថែមលើទិដ្ឋភាពពាណិជ្ជកម្ម ឯកឧត្តម វង្សី វិស្សុត បានគូសរំលេចនូវទស្សនាទានថាពាណិជ្ជកម្ម និងការវិនិយោគត្រូវតែផ្សារភ្ជាប់គ្នា ហើយក៏បានបង្ហាញនូវក្តីសង្ឃឹមថាពិព័រណ៍នេះក៏នឹងនាំមកនូវឱកាសវិនិយោគថ្មីៗក្នុងប្រទេសកម្ពុជាផងដែរ ដោយនាំមកនូវបច្ចេកវិទ្យា ចំណេះដឹង ចំណេះធុរកិច្ច និងជំនាញថ្មីៗ ដើម្បីបង្កើនតម្លៃបន្ថែម និងជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅតែមានជំនឿ និងប្រកាន់ខ្ជាប់នូវគោលនយោបាយសកលភាវូបនីយកម្ម ពហុភាគីនិយម និងគោលនយោបាយបើកចំហរ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ ទោះបីជាពិភពលោកកំពុងតែប្រឈមនឹងបញ្ហាភាពមិនប្រាកដប្រជាជាច្រើន ទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម ដោយសារការប្រែប្រួលភូមិសាស្ត្រនយោបាយ ការបែកបាក់ប្រព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ ក្នុងបរិបទនេះ ឯកឧត្តម វង្សី វិស្សុត បានលើកទឹកចិត្តឱ្យអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកត្រូវចេះពង្រីក និងចាប់យកឱកាសវិនិយោគជាពិសេសក្នុងប្រទេសកម្ពុជា។ កម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវិនិយោគិនទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលវិនិយោគនៅកម្ពុជា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាពក្នុងរយៈពេលវែង ដោយផ្តល់ការលើកទឹកចិត្តជាច្រើនដល់វិនិយោគិនជាតិ និងអន្តរជាតិ តាមរយៈការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងលិខិតបទដ្ឋានពាក់ព័ន្ធ ជាមួយនឹងឧត្តមភាពប្រកួតប្រជែង និង
កាលានុវត្តភាពនានា ហើយរាជរដ្ឋាភិបាលតែងតែខិតខំការពារយ៉ាងម៉ឺងម៉ាត់ និងរក្សាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។

ក្នុងបរិបទខាងលើនេះដែរ, រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅការពារ ថែរក្សា និងពូនជ្រុំសមិទ្ធផលជាតិ, លើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត, ជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ច, និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាន នូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។  លើសពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងនូវវិធានការមុតស្រួចជាកញ្ចប់ ដែលត្រូវបានដាក់ចេញដោយ សម្តេចមហាបវរធិបតី នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក​ឯកជនលើកទី១៩ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន និងបង្ហាញថាកម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលនូវវិនិយោគិន និងការវិនិយោគថ្មីៗបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសរំលេចនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងធានាកំណើនសេដ្ឋកិច្ច
ព្រមទាំងការចែករំលែក ដើម្បីធានាបរិយាបន្នកម្មនៃសេដ្ឋកិច្ច។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានព្យាករណ៍ថានឹងមានកំណើនក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤ នេះ និងក្នុងឆ្នាំ២០២៥ ខាងមុខ។ ជាក់ស្តែង នៅត្រីមាសទី១ នៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មបានកើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់១១,៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ទន្ទឹមនេះ, ការវិនិយោគក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន១២៨គម្រោង ស្មើនឹងទំហំទឹកប្រាក់២,៥១៣លានដុល្លារ មានការកើនឡើង៣២៧% បើធៀបនឹងឆ្នាំ២០២៣ ដោយការវិនិយោគភាគច្រើនគឺនៅក្នុងសកម្មភាពកម្មន្តសាលមិនមែនកាត់ដេរ ដូចជា រោងចក្រផលិតសម្ភារៈអេឡិចត្រូនិក ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងរោងចក្រផ្គុំនិងដំឡើងរថយន្ត ដែលបានក្លាយជាចន្ទល់សេដ្ឋកិច្ចថ្មី និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពគួរជាទីមោទននៃការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ដោយសារការកើនឡើងនៃសកម្មភាពដែលមានតម្លៃបន្ថែមកាន់តែខ្ពស់។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម និងដៃគូនានាដែលបានរៀបចំពិព័រណ៌នេះឡើង ដើម្បីនាំពិភពលោកមកកម្ពុជា (Bring the World to Cambodia) ហើយក៏បានលើកទឹកចិត្តឱ្យអង្គពិធីទាំងអស់ នាំកម្ពុជាទៅកាន់ពិភពលោក (Bring Cambodia to the World) ផងដែរ។

ជាការបញ្ចប់ ឯកឧត្តមឧបនាយកដ្ឋមន្ត្រីប្រចាំការ ស្នើឱ្យវិនិយោគិនជាតិ និងអន្តរជាតិជួយពាំនាំនូវព័ត៌មានពិតអំពីភាពរីកចម្រើននៃសេដ្ឋកិច្ច និងឱកាសនៃការធ្វើធុរកិច្ចនៅកម្ពុជាទៅពិភពលោក ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេសចូលមកកម្ពុជាបន្ថែមទៀត៕

អត្ថបទទាក់ទង