Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

“កម្ពុជា និងអង្គការ IOM បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត”

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1121
“កម្ពុជា និងអង្គការ IOM បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត” “កម្ពុជា និងអង្គការ IOM បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត”

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (International Organization for Migration-IOM) បានអះអាងអំពីការផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់កម្ពុជា ដើម្បីជំរុញដល់ការគ្រប់គ្រងទេសន្តរប្រវេសន៍ នេះជាការបញ្ជាក់របស់លោកស្រី Sarah Lou Arriola នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការ IOM នៅក្នុងឱកាសចូលជួបសម្តែងការគួរសមឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

លោកស្រី Sarah Lou Arriola បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា កាលពីឆ្នាំ២០២២ និងការទទួលធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តរៀបចំ 32nd SEA Games។ ជាមួយការកោតសរសើរពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និង IOM លោកស្រីបានជម្រាបជូនពីការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃដែលមានស្រាប់នេះ និងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ពន្ធ័ទាំងអស់នៅក្នុងការគ្រប់គ្រងទេសន្តប្រវេសន៍។  លោកស្រីក៏មានបំណងចង់ឃើញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជារវាងអាស៊ាននិងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (Gulf Cooperation Council-GCC) ដើម្បីប្រឆាំងការរត់ពន្ធមនុស្ស ការរត់ពន្ធគ្រឿងញៀន និងការគ្រប់គ្រងត្រួតពិនិត្យតាមព្រំដែន។

លោក លុយ ដាវីត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Sarah Lou Arriola នៅកម្ពុជា និងអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំងជានាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការ IOM កាលពីពេលថ្មីៗនេះ។ លោករដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះជំនួយគាំទ្ររបស់អង្គការ IOM ក្នុងការការពារជនទេសន្តរប្រវេសន៍កម្ពុជាដែលងាយរងគ្រោះ ក៏ដូចជាការកសាងសមត្ថភាពនៅកម្ពុជា។

លោករដ្ឋលេខាធិការបានថ្លែងកោតសរសើរអង្គការ IOM ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយអាជ្ញាធរថ្នាក់ជាតិ និងមូលដ្ឋានកម្ពុជា   និងដៃគូអភិវឌ្ឍន៍ក្នុងការផ្តល់ជំនួយបន្ទាន់ដល់ពលករចំណាកស្រុកដែលវិលត្រឡប់មកកម្ពុជាវិញក្នុងកំឡុងវិបត្តិជាសាកលនៃការរាតត្បាតជំងឺកូវីដ-១៩។

នៅពេលបញ្ចប់ ភាគីទំាងពីរបានបញ្ជាក់ការប្តេជ្ញាចិត្តសាជាថ្មីក្នុងការលើកកម្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និង IOM៕

អត្ថបទទាក់ទង