ក្រសួងការងារ សហការយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធដើម្បីអន្តរាគមន៍និងសម្របសម្រួលឱ្យពលការិនីចំនួន២៤នាក់វិលមកកម្ពុជាវិញដោយសុវត្ថិភាព
យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធដើម្បីអន្តរាគមន៍ និងសម្របសម្រួលឱ្យប្អូនពលការិនីចំនួន២៤នាក់បន្ថែមទៀតបានវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១២ ឧសភាឆ្នាំ២០២៤ ប្រកបដោយសុវត្ថិភាព។ រហូតមកដល់ពេលនេះ ក្រសួងការងារ បានរៀបចំឱ្យបងប្អូនពលការិនីត្រឡប់មកមាតុប្រទេសវិញសរុបចំនួន៥២នាក់រួចហើយ។
យោងតាមសេចក្តីជូនដំណឹងដដែលនេះដែរ បានឱ្យដឹងថា បងប្អូនពលការិនីដែលមិនទាន់បានវិលត្រឡប់មកវិញ កំពុងត្រូវបានជួយទំនុកបម្រុងកន្លែងស្នាក់នៅ អាហារ និងតម្រូវការផ្សេងៗដោយស្ថានឯកអគ្គរាជទូតកម្ពុជា។ ក្រសួង និងស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំបែបបទ និងនីតិវិធីឱ្យបងប្អូនពលការិនីបានវិលត្រឡប់មកមាតុប្រទេសនៅពេលដ៏ខ្លីខាងមុខ៕