Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

អ្នកសារព័ត៌មាន២នាក់ ត្រូវបានឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើកិច្ចសន្យាអប់រំចំពោះការផ្សាយមួលបង្កាច់ផ្ទុយពីការពិត

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 507
អ្នកសារព័ត៌មាន២នាក់ ត្រូវបានឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើកិច្ចសន្យាអប់រំចំពោះការផ្សាយមួលបង្កាច់ផ្ទុយពីការពិត អ្នកសារព័ត៌មាន២នាក់ ត្រូវបានឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើកិច្ចសន្យាអប់រំចំពោះការផ្សាយមួលបង្កាច់ផ្ទុយពីការពិត

លោក ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់ ប៉ុន្ដែពេលនេះបានដោះលែងត្រឡប់ទៅវិញហើយ ក្រោយរដ្ឋបាលខេត្ត បានដកពាក្យបណ្ដឹង ពាក់ព័ន្ធការផ្សាយព័ត៌មានញុះញង់បង្កឱ្យមានចលាចលសង្គម។

បើតាមលោក ឯក ឆេងហួត ក្រោយដោះលែងសមត្ថកិច្ច បានធ្វើកិច្ចសន្យាអប់រំ និងតម្រូវឲ្យអ្នកសារព័ត៌មានទាំង២នាក់នេះ ធ្វើការសុំទោសចំពោះការផ្សាយព័ត៌មានខុសឆ្គងរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ មានការបង្ហោះផ្សាយដោយបណ្តាញសង្គមហ្វេសប៊ុក LSN លួស សេង ញូស៍ ដោយដាក់ចំណងជើងថា «ពលរដ្ឋរស់នៅឃុំអង្គរបុរី ខេត្តតាកែវ ទិញទឹកធ្វើស្រែមួយហិកតា៣០ម៉ឺនរៀល» ព្រមទាំងបានរៀបចំជាឈុតឆាកសំដែងបាចទឹកដាក់ដីស្រែដែលគ្មានស្រូវ និងសម្ភាសន៍ប្រជាកសិករចោទប្រកាន់ទៅលើស្ថានីយ៍បូមទឹក៧មករា នៅឃុំបាស្រែថា មិនព្រមបូមទឹកជូនកសិករធ្វើស្រែនៅភូមិទួលសាំង (ក) ឃុំអង្គរបុរី។

ទាក់ទិនករណីនេះ រដ្ឋបាលស្រុកអង្គរបូរី ខេត្តតាកែវ បានចេញសេចក្តីបំភ្លឺដោយធ្វើការបកស្រាយថា ការផ្សាយរបស់អ្នកសារព័ត៌មាន២នាក់នេះ គឺផ្ទុយពីការពិត។ ចំណែកឯឈុតឆាកសកម្មភាពបាច់ទឹកដាក់ស្រែដែលគ្មានស្រូវ គឺជាការបញ្ចើចបញ្ចើរចំអកឡកឡឺយធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម ព្រោះថា៖ ម្ចាស់ស្ថានីយ៍បូមទឹក៧មករា ឃុំបាស្រែនេះ យកថ្លៃសេវាទឹកក្នុងពេលកសិករធ្វើស្រែក្នុងមួយលើកៗ តម្លៃ២៤ម៉ឺនរៀល ទៅ២៦ម៉ឺនរៀលក្នុងមួយហិកតាប៉ុណ្ណោះ។ កន្លងមកគឺក្នុងខែមីនា និងខែមេសា មានកសិករសុំឱ្យម្ចាស់ស្ថានីយ៍បូមទឹកឱ្យពួកគាត់ធ្វើស្រែ ប៉ុន្តែម្ចាស់ស្ថានីយ៍ មិនព្រមបូមទឹកទេ ដោយសារក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្ត ស្រុក បានផ្សព្វផ្សាយថា មិនឱ្យធ្វើស្រូវប្រាំងលើកទី២ ចំណែកឯនៅស្ថានីយ៍ ក៏មិនទាន់មានទឹកបូមដែរ។

យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកអង្គរបុរីដដែលនេះដែរ បានឱ្យដឹងថា លុះចូលមកដល់ថ្ងៃទី០១ ខែឧសភា ដោយមានទឹកជាបណ្តើរៗ ម្ចាស់ស្ថានីយ៍ ក៏ចាប់ផ្តើមបូមទឹករុញទៅភូមិរការ ភូមិតាមូង និងភូមិយាផ្អើជាមុនសិន ពីព្រោះទីនោះ កំពុងមានស្រូវដែលកសិករបានព្រូសរួច។ ចំណែកឯដីស្រែនៅភូមិពួនកក និងភូមិទួលសាំង (ក) ដែលមិនទាន់បានព្រួសស្រូវ ក៏ពុំទាន់បានផ្តល់ទឹកជូន។ ដោយសារតែមិនយល់ពីដំណើរការនេះ ទើបបណ្តាញសង្គមហ្វេសប៊ុកមានឈ្មោះ LSN លួស សេង ញូស៍ ធ្វើការផ្សព្វផ្សាយមួលបង្កាច់ផ្ទុយពីការពិត។

រដ្ឋបាលស្រុកអង្គរបុរី ក៏បានគូសបញ្ជាក់ថា ស្ថានីយ៍បានចាប់ផ្តើមបូមបញ្ជូនទឹកទៅកាន់ភូមិពួនកក ភូមិទួលសាំង (ក) ចាប់ពីថ្ងៃទី១៣ ខែឧសភា មុនការបង្ហោះផ្សាយរបស់បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ LSN លួស សេង ញូស៍ ទៅទៀត៕

អត្ថបទទាក់ទង