សម្តេចតេជោ ហ៊ុន សែន ច្រានចោលការលើកឡើងរបស់ជនល្ងង់ខ្លៅមួយចំនួនដែលចោទប្រកាន់ថា ព្រែកជីកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមរបស់ចិន
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានច្រានចោលការលើកឡើងរបស់ជនល្ងង់ខ្លៅមួយចំនួនដែលបានចោទប្រកាន់ថា ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមរបស់ចិន និងថាវានឹងត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹករបស់ចិន។ ផ្ទុយទៅវិញ សម្តេចតេជោបានសង្កត់ធ្ងន់ថា «គម្រោងព្រែកជីកហ្វូណនតេជោ» គឺជាគំនិតផ្ដួចផ្ដើមទាំងស្រុងរបស់កម្ពុជា ដើម្បីផលចំណេញខាងសេដ្ឋកិច្ច និងឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនផ្លូវទឹក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា ទន្លេមេគង្គដែលមានប្រវែងទទឹងពី ១.០០០ ម៉ែត្រ ទៅ ១.៥០០ ម៉ែត្រ នៅតែគេអាចបាញ់នាវាដែលបរកាត់លិចបាន ចុះទម្រាំព្រែកជីកហ្វូណនតេជោដែលមានទទឹងត្រឹមតែ ១០០ម៉ែត្រ? សម្ដេចថា ពិតណាស់ចម្ងាយត្រឹមតែ ៥០ម៉ែត្រពីច្រាំង គេបាញ់តែ B-40 ក៏ធ្វើឱ្យនាវាដែលបើកឆ្លងកាត់នោះលិចបានដែរ។ ទន្ទឹមនេះ សម្ដេចតេជោក៏បានសង្កត់ធ្ងន់ថា បើចាំបាច់ត្រូវចល័តទ័ពមែន នោះការចល័តតាមផ្លូវគោកមានភាពងាយស្រួលជាង។
ជាមួយគ្នានេះ សម្ដេចតេជោបានវាយតម្លៃអ្នកវិភាគដែលជាជនល្ងន់ខ្លៅទាំងនោះថាជាអ្នកដែលមិនមានចំណេះដឹងខាងយោធានោះទេ ប៉ុន្តែតាំងខ្លួនជាបញ្ញាវ័ន្ត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចថ្លែងសារពិសេសពាក់ព័ន្ធនឹង «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤៕