ទស្សននយោបាយ៖ តើជំងឺចាស់របស់ លោក សុន ឆ័យ កំពុងរើឡើងវិញ?
ក្រោយទទួលបានលទ្ធផលបោះឆ្នោតមិនសមបំណង អ្នកនយោបាយចាស់វស្សាមិនដែលឈ្នះ និងតែងមានរឿងក្តីក្តាំបន្តបន្ទាប់ ដោយសារមាត់ឥតគម្រប លោក សុន ឆ័យ បានចោទប្រកាន់ថា ការធ្លាក់ចុះសំឡេងគាំទ្រយ៉ាងគំហុក ក្នុងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ របស់គណបក្សឆន្ទៈខ្មែរ គឺដោយសារមានការទិញសំឡេងគាំទ្រពីអង្គបោះឆ្នោតរបស់ខ្លួន ដែលជាទង្វើខុសច្បាប់។ លោក សុន ឆ័យ បច្ចុប្បន្នមានតំណែងជាអនុប្រធានគណបក្សឆន្ទៈខ្មែរ ហើយសំឡេងឆ្នោតដែលធ្លាក់ចុះខ្លាំង និង បាត់បង់អស់ជិតពាក់កណ្តាលនេះ ត្រូវបានគេមើលឃើញថា មួយផ្នែកបានទៅលើគណបក្សកម្លាំងជាតិ ដែលបែកខ្ញែកចេញពីបក្សភ្លើងទៀន និងមួយទៀតបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយសារតែអស់ជំនឿលើនយោបាយបក្សប្រឆាំងជាច្រើនលើកច្រើនសារ។
គួរបញ្ជាក់ថា បើប្រៀបធៀបកាលពីពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ សំឡេងឆ្នោតរបស់គណបក្សប្រឆាំង បានធ្លាក់ចុះជិតពាក់កណ្តាល។ កន្លងទៅនេះ ដោយសារការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរអ្នកនយោបាយប្រឆាំងបានចេញទៅបង្កើតគណបក្សនយោបាយរៀងៗខ្លួន ហើយបានព្យាយាមដណ្តើមសំឡេងគាំទ្រពីគ្នាទៅវិញទៅមក ជម្លោះ ហែកហួរ និងចោទប្រកាន់គ្នាបន្តបន្ទាប់លើករណីប្រជែងគ្នាដណ្តើមអង្គបោះឆ្នោតនេះ បានកើតមានឡើងជាញឹកញាប់ ក្នុងជួរក្រុមអ្នកនយោបាយប្រឆាំង។ ដោយសារបញ្ហាចម្រូងចម្រាសក្នុងជួរអ្នកនយោបាយប្រឆាំងផ្កាប់មុខ ចេះតែកើតឡើងមិនឈប់ឈរ ទើបធ្វើឱ្យអ្នកគាំទ្រអស់ជំនឿ និងធ្វើឱ្យលទ្ធផលបោះឆ្នោតកន្លងទៅថ្មីៗនេះ របស់បក្សប្រឆាំងបានបន្តធ្លាក់ចុះខ្លាំង បណ្តាលឱ្យ លោក សុន ឆ័យ ក្រពុលមុខ ហើយចោទប្រកាន់គេឯងថាបានអូសទាញ និងទិញសំឡេងអ្នកគាំទ្ររបស់ខ្លួន។
គេនៅចាំបានថា កន្លងទៅ លោក សុន ឆ័យ ធ្លាប់រងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយពីចោទប្រកាន់គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប ថាជាចោរលួច សន្លឹកឆ្នោត និងទិញទឹកចិត្តអ្នកបោះឆ្នោត។ ដោយសារបណ្តឹងនេះ លោក សុន ឆ័យ បានប្រកាសលក់ផ្ទះដើម្បីសងសំណងទៅបក្សកាន់អំណាច ចំនួន ១លានដុល្លារ។ ការប្រឈមមុខច្បាប់នេះ មិនបានធ្វើឱ្យលោក សុន ឆ័យ រាងចាលនោះទេ សន្តានមនុស្សនេះ នៅតែប្រកាន់ចរិតជាត្រីកំភ្លាញដដែល ទោះបីជាមិនបានបញ្ចេញឈ្មោះបក្សណាមួយឱ្យចំក្តី ប៉ុន្តែនៅក្នុងការផ្សាយមួយរបស់ VOD នៅថ្ងៃទី២៧ ថ្មីៗនេះ លោក សុន ឆ័យ បានចោទប្រកាន់ជាចំហរថាមានការទិញសំឡេងពីអង្គបោះឆ្នោតមកពីគណបក្សរបស់ខ្លួន។ ចរិតអ្នកប្រឆាំងគឺបែបនេះឯង បោះឆ្នោតចាញ់ និងបាត់បង់ការគាំទ្រ បែរជាមិនព្រមទទួលស្គាល់ការពិត ថាអ្នកគាំទ្ររបស់ខ្លួនអស់ជំនឿ ទើបធ្លាក់ចុះសំឡេងខ្លាំងបែបនេះ។ ទម្លាប់ចោទប្រកាន់គ្មានភស្តុតាងនេះ អាចនឹងប្រឈមនឹងការប្តឹងផ្តល់ ជាថ្មីម្តងទៀតក៏ថាបាន ទាំងដែលរឿងក្តីមុនមិនទាន់បិទបញ្ចប់ផងនោះ។ ការមិនទទួលយកចំណុចខ្សោយរបស់ខ្លួន ការបែកបាក់ផ្ទៃក្នុង និងអសមត្ថភាពក្នុងការដឹកនាំ បានធ្វើឱ្យបក្សប្រឆាំងបន្តបាត់បង់ប្រជាប្រិយភាព និងធ្លាក់ចុះការគាំទ្រកាន់តែខ្លាំងឡើងៗ ណាមួយលោក សុន ឆ័យ នេះ មិនមានភាពជាអ្នកដឹកនាំនោះទេ ដឹកនាំយូរទៅបក្សកាន់តែអន់ខ្សោយទៅៗ។
ក្នុងនាមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា និងបានតាមដានដោយយកចិត្តទុកដាក់នូវការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទើបបានបិទបញ្ចប់ទៅកាលពីសប្តាហ៍មុននេះ យើងសង្កេតឃើញថា បរិយាកាសជាទូទៅមានស្ថានភាពល្អប្រសើរ ដំណើរការបោះឆ្នោតប្រព្រឹត្តទៅយ៉ាងរលូន គ្មានអំពើហិង្សា គ្មានការគំរាមគំហែង និងធ្វើឡើងតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។ ដូច្នេះខ្ញុំសុំដាស់តឿន លោក សុន ឆ័យ ថា « ត្រីកំភ្លាញ ងាប់ដោយសារមាត់»! ប្រសិនបើលោក សុន ឆ័យ មិននិយាយអ្វីតាមទំនើងចិត្តទេ វាជាការប្រសើរសម្រាប់លោកផ្ទាល់ និងបក្ខពួករបស់លោកផងដែរ។ យ៉ាងណាមិញ ការប្រឈមផ្លូវច្បាប់ ម្តងជា២ដង គួរតែរាងចាល ព្រោះ កុកអាចភ្លេចជុង តែជុង មិនភ្លេចកុកទេ! កាលពីដើមឆ្នាំ២០២៣ កន្លងទៅ លោក សុន ឆ័យ ធ្លាប់បានសរសេរលិខិតសុំអភ័យទោស ផ្ញើទៅកាន់លោក ហ៊ុន សែន ដែលខ្លួនបានចោទថា គណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោត ប៉ុន្តែលោក ហ៊ុន សែន បានបដិសេធមិនទទួលយកការសុំទោសនោះឡើយ។ ឥឡូវនេះ លោក សុន ឆ័យ ប្រហែលជាភ្លេចខ្លួនច្រឡំចូលដានចាស់វិញ ឬអាចថាជំងឺចាស់កំពុងរើឡើង គឺប្រព្រឹត្តដដែលទៀត ៕