Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ពលរដ្ឋប្រមាណ២៥០នាក់ បានផ្តិតមេដៃផ្តល់សិទ្ធិជូនមេធាវីរាជរដ្ឋាភិបាលក្នុងសំណុំរឿងក្រុមហ៊ុនប្រ៊ីលាន ស៊ីធីវើល៍

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 511
ពលរដ្ឋប្រមាណ២៥០នាក់ បានផ្តិតមេដៃផ្តល់សិទ្ធិជូនមេធាវីរាជរដ្ឋាភិបាលក្នុងសំណុំរឿងក្រុមហ៊ុនប្រ៊ីលាន ស៊ីធីវើល៍ ពលរដ្ឋប្រមាណ២៥០នាក់ បានផ្តិតមេដៃផ្តល់សិទ្ធិជូនមេធាវីរាជរដ្ឋាភិបាលក្នុងសំណុំរឿងក្រុមហ៊ុនប្រ៊ីលាន ស៊ីធីវើល៍

បន្ទាប់ពីទទួលបានសិទ្ធិពេញសមត្ថភាពពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានជួបជាមួយពលរដ្ឋដែលអះអាងថាជាជនរងគ្រោះប្រមាណ២៥០នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនប្រ៊ីលាន ស៊ីធីវើល៍ ដើម្បីអនុវត្តន៍នីតិវិធីតាមផ្លូវច្បាប់។

នៅក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងថា បន្ទាប់ពីទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដោយដំបូងបានផ្តល់លេខទូរសព្ទ័ទំនាក់ទំនងដល់ពលរដ្ឋដែលរងគ្រោះដើម្បីប្រមូលទិន្នន័យពិតប្រាកដ។ ក្នុងនោះមានពលរដ្ឋជាង២ពាន់នាក់ដែលបានអះអាងថា កំពុងរងគ្រោះដោយសារតែការដាក់លុយវិនិយោគបានការប្រាក់ ការដាក់លុយទិញដី និងទិញផ្ទះជាដើម។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិដោយស្របច្បាប់នៅពេលនេះ គឺមិនតម្រូវឱ្យពលរដ្ឋរងគ្រោះ ចំណាយថវិកាបង់ថ្លៃសេវាមេធាវីនោះទេ ព្រោះសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នករ៉ាប់រងបេសកកម្មរបស់មេធាវី។ ឯកឧត្តម ក៏បានបន្ថែមទៀតថា កន្លងមកសម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗក្នុងសំណុំរឿងនេះ។

គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលរាជរដ្ឋាភិបាលបញ្ជូនមេធាវី ជួយការពារប្រជាពលរដ្ឋក្នុងសំណុំរឿងឯកជន។ បន្ថែមលើពីនេះ ពលរដ្ឋផ្សេងទៀត នឹងត្រូវរៀបចំឱ្យមានជំនួបបែបនេះទៅតាមដំណាក់កាលរហូតទាល់តែអស់អ្នករងគ្រោះ៕