Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

លោក រ៉ុង ឈុន ដកខ្លួនចេញចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1212
លោក រ៉ុង ឈុន ដកខ្លួនចេញចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល លោក រ៉ុង ឈុន ដកខ្លួនចេញចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោក រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន បានសម្រេចដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជ្រើសតំណាងតំណា ងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ការដកខ្លួននេះ បន្ទាប់ពី គ.ជ.ប បានបញ្ជាក់ថា បេក្ខជនពេញ សិទ្ធិ លេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទ មជ្ឈិម ហើយដែលមិន ទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់ បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល។

លោករ៉ុង ឈុន បានថ្លែងប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១០ ឧសភា នេះថា ” … ខ្ញុំនឹងដកខ្លួន បើសិនជាយើងធ្វើការតវ៉ាទាមទារវា ត្រូវប្រើពលវេលា ហើយមើលទៅពេលវេលាវាមិនគ្រប់គ្រាន់សម្រាប់ ខ្ញុំធ្វើការតវ៉ាទាមទារជាមួយ គ.ជ.ប ។ ប្រសិនបើធ្វើការ តវ៉ាទាម ទារជាមួយ គ.ជ.ប ពេលនឹងវានឹងអាចធ្វើឲ្យខូចបញ្ជីឈ្មោះ។ អីចឹងយើងត្រូវគិតពីប្រយោជន៍បក្ស និងអ្នកគាំទ្រ។ ដូច្នេះបញ្ហាតួនាទីតំណែង
ឬមួយឈរឈ្មោះ ចំពោះខ្ញុំវា មិនជាបញ្ហាអ្វីទេ។ ខ្ញុំនឹងដកខ្លួនថយឲ្យអ្នកបន្តបន្ទាប់ឡើងមកជំនួសទៅ។”

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ផ្អែកតាមមូលដ្ឋានច្បាប់ និងដោយហេតុថាឈ្មោះ រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោសស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល ដូចនេះឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះបើយោងតាមលិខិតរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបជូនឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីប្រធាន គ.ជ.ប បានស្នើសុំបញ្ជាក់អំពីភាពមាន ឬមិនមាននីតិសម្បទាឡើងវិញរបស់ឈ្មោះ រ៉ុង ឈុន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ ] ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។

គ.ជ.ប បានធ្វើលិខិតជម្រាបទៅប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គ.ជ.ប បានពិនិត្យលើសំណុំលិខិតសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន ឃើញថា : ពុំទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយទេ។ ចំណុចខ្វះខាត ដែលគណបក្សត្រូវបំពេញបន្ថែមមាន ដូចខាងក្រោម ៖
១- សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ១(មួយ)ច្បាប់។
២- បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល។
៣- បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ។
សូមជម្រាបថា គណបក្សភ្លើងទៀន បានយកពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ទៅដាក់នៅ គ.ជ.ប កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣៕សរន / N

អត្ថបទទាក់ទង