សាលាដំបូងរាជធានីភ្នំពេញ ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី និងបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធការបើកសវនាការក្រុមយុវជនមាតាធម្មជាតិ
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ដោយច្រានចោលការផ្សាយមិនពិត និងគ្មានមូលដ្ឋានរបស់វិទ្យុអាស៊ីសេរី (RFA Khmer) និងបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធការបើកសវនាការកាត់ទោសក្រុមយុវជនមាតាធម្មជាតិ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ មានគេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា បានផ្សព្វផ្សាយ និងបានសរសេរបង្ហោះរៀបរាប់តៗគ្នាថា «ក្រុមយុវជនមាតាធម្មជាតិនាំគ្នា អង្គុយក្រៅតុលាការ ដោយសារតុលាការមិនបើកសវនាការជាសាធារណៈ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជាសាធារណៈលើកទី១ ដើម្បីជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌលេខ ២៤០០ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយមានវត្តមានរបស់ជនជាប់ចោទ ចំនួន៥នាក់ ចូលរួមសវនាការគឺ ១.ឈ្មោះ យឹម លាងហ៊ី ២.ឈ្មោះ លី ចាន់ដារ៉ាវុត ៣.ឈ្មោះ ថុន រដ្ឋា ៤.ឈ្មោះ ឡុង គន្ធា និង៥.ឈ្មោះ ភួន កែវរស្មី ព្រមទាំងមេធាវីការពារសិទ្ឋិឱ្យជនជាប់ចោទចំនួន៤រូប និងមានអ្នកចូលរួមស្តាប់សវនាការដូចជា មន្ត្រីទូត មន្ត្រីសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និស្សិត និងសាធារណជនផងដែរ៕