ក្នុងខែឧសភា ឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ២៥ ជាមួយទុនវិនិយោគសរុបប្រមាណជិត ២៥០ លានដុល្លារអាមេរិក

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២៤ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦ លានដុល្លារអាមេរិក និងដែលអាចបង្កើតការងារបានប្រមាណ ១៥ ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ២៥ នោះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧ គម្រោង។
សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងទៀតថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភា រួមមាន៖
ក.ក្រៅតំបន់សេដ្ឋកិច្ចពិសេស
១. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០ មេហ្គាវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។
២. គម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ដែលមានទីតាំងស្ថិតនៅភូមិតាន ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៧កន្លែង។
៣. គម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែក ដែលមានទីតាំងស្ថិតនៅភូមិអូរត្រជាក់ចិត្តឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ១៦លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ២២៩កន្លែង។
ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១. គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ ផ្លូវជាតិលេខ៦ ក្នុងទុនវិនិយោគចំនួន ២៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៨៤កន្លែង។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែឧសភា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកជិត ៥០% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ប្រមាណជិត ៣១% នៃទុនវិនិយោគសរុប៕