គម្រោងទីក្រុងឆ្លាតវៃ ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដោយធ្វើការសាកល្បងលើការគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអ៊ីនធឺណិតនៃវត្ថុ (Internet of Things ឬ IoT) នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ លោក យុន លីនណេ អភិបាលរងខេត្ត បានថ្លែងថា ដើម្បីអនុវត្តគម្រោងបានជោគជ័យគឺត្រូវប្រើកម្មវិធីទូរសព្ទ ដែលមានឈ្មោះថា “សៀមរាបស្អាត និងឆ្លាត (Smart Clean Siem Reap)” ដែលជាជំហានដំបូងក្នុងការកែប្រែការគ្រប់គ្រងកាកសំណល់ឆ្លាតវៃ ហើយកម្មវិធី (App) នេះ ក្រុមហ៊ុនប្រមូលសំរាមអាចពិនិត្យស្ថានភាពតាមសមកាល (Real-time)
ដែលបង្កភាពងាយស្រួលគ្រប់គ្រងការងារប្រមូលសំរាមក្នុងក្រុងសៀមរាប។
ជាលទ្ធផលនៃការសិក្សាមុនការអនុវត្តការងារនេះ បានបង្ហាញឱ្យឃើញថា មានកង្វះខាតក្នុងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម ដោយសារពលរដ្ឋប្រើធុងសំរាមច្រើនខ្នាត ច្រើនទំហំមិនស្មើគ្នា ហើយខ្វះព័ត៌មានច្បាស់អំពីកាលវិភាគប្រមូល ដែលធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពគ្រប់គ្រងកាកសំណល់។
ប៉ុន្តែក្រោយពីមានកិច្ចសហការជាមួយដៃគូជាមួយអង្គការ GIZ និងក្រុមហ៊ុនហ្កាអ៊ីយ៉ា គម្រោងនេះ បានផ្តើមអនុវត្តដោយប្រើធុងសំរាមដែលមានទំហំនិងខ្នាតដូចគ្នា ដោយរួមបញ្ចូលគ្នាជាមួយកម្មវិធី (App) “សៀមរាបស្អាត និងឆ្លាត” អាចធ្វើឱ្យអ្នកប្រើប្រាស់អាចទទួលដំណឹងអំពីកាលវិភាគប្រមូលសំរាមរៀងរាល់សប្ដាហ៍ ដើម្បីអាចរៀបចំសំរាមទាន់ពេលវេលា។
គូសបញ្ជាក់ថា ខេត្តសៀមរាប មានការអនុវត្តគម្រោងសាកល្បងចំនួន៨ ដើម្បីសាកល្បងអនុវត្តកិច្ចការទីក្រុងឆ្លាតនានា ដែលក្នុងនោះទីភ្នាក់ងារ JICA បានចាប់ផ្ដើមគម្រោងទីក្រុងឆ្លាតដែលមានឈ្មោះថា “គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ( គម្រោងទីក្រុងឆ្លាត)” បាននិងកំពុងអនុវត្តតាំងពីឆ្នាំ២០២២ រហូតមកដោយសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងដៃគូជាច្រើនទៀត៕