Khmer First Close

លិខិតមិត្តអ្នកអាន៖ យើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាព និងបន្តអរគុណសន្តិភាព

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 144
លិខិតមិត្តអ្នកអាន៖ យើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាព និងបន្តអរគុណសន្តិភាព លិខិតមិត្តអ្នកអាន៖ យើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាព និងបន្តអរគុណសន្តិភាព

 

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គឺជាខួបលើកទី៤៧ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន និងសហការី បានចាប់ផ្តើមចលនាតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ដើម្បីសង្រ្គោះអាយុជីវិតប្រជាជនខ្មែរចេញពីរណ្តៅមរណៈ។ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ កម្ពុជា ដៃម្ខាងត្រូវកសាងអភិវឌ្ឍប្រទេសជាតិ និងដៃម្ខាងទៀត ត្រូវទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ រហូតដល់ចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ទើបកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។ សន្តិភាពដែលកម្ពុជាមាន ត្រូវបានរកបានដោយលំបាកជាទីបំផុត ហេតុនេះហើយបានជាយើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាព និងបន្តអរគុណសន្តិភាព។

ប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់មានស្លាកស្នាមដោយសារការបំផ្លិចបំផ្លាញនៃសង្រ្គាម និងជម្លោះពេញមួយប្រវត្តិសាស្ត្ររបស់ខ្លួន បានជ្រើសរើសបញ្ចូលនូវមនោសញ្ចេតនា «អរគុណសន្តិភាព យើងត្រូវរក្សាសន្តិភាព» ជាពាក្យស្លោកដ៏មានអានុភាពដើម្បីជាការដាស់តឿនស្មារតីកូនខ្មែរគ្រប់រូបកុំឱ្យភ្លេចខ្លួន ព្រោះថា សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ កើតចេញពីការធ្វើពលីកម្ម និងលះបង់យ៉ាងធំធេងទម្រាំយើងមានអ្វីៗដូចសព្វថ្ងៃនេះ។

ទោះបីមិនបានបង្ហាញសកម្មភាពក្តី ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈដែលធ្លាប់ឈឺចាប់ដោយសារសង្រ្គាម មានអារម្មណ៍ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលយើងរកបានដោយលំបាក បន្ទាប់ពីសង្រ្គាម ភាពចលាចល ទុក្ខវេទនា និងការព្រាត់ប្រាស់ក្រុមគ្រួសារដោយសារសង្រ្គាមជាច្រើនទស្សវតរ៍។

ស្លាកស្នាមនៃអតីតកាលដ៏ច្របូកច្របល់នៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា រួមទាំងរបបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏ឃោរឃៅ និងចលាចលស៊ីវិលជាបន្តបន្ទាប់ បានក្លាយទៅជាការរំលឹកឥតឈប់ឈរអំពីផលវិបាកដ៏អាក្រក់នៃសង្រ្គាម ហើយក៏រឹតតែបង្ហាញឱ្យខ្មែរយើងឃើញនិងយល់ពីតម្លៃនៃសន្តិភាពដែលត្រូវតែការពារឱ្យបានជាដាច់ខាត។ តាមរយៈការថ្លែងអំណរគុណចំពោះសន្តិភាពដែលខ្មែរទទួលបាននោះ កម្ពុជា សង្កត់ធ្ងន់លើសារៈសំខាន់នៃការរួបរួមគ្នា ការផ្សះផ្សាជាតិ និងកិច្ចសហប្រតិបត្តិការក្នុងការរក្សាស្ថិរភាព និងសុខដុមរមនាក្នុងសង្គមជាតិ។

ពាក្យស្លោក «អរគុណសន្តិភាព» ជាការអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ ប្តេជ្ញាចិត្តរួមគ្នា ដើម្បីការពារសន្តិភាព ដែលសម្រេចបានដោយលំបាកបំផុត និងជំរុញអនាគតដ៏ត្រចះត្រចង់ និងជាផ្លែផ្កានៃសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។

សរុបមកវិញ កម្ពុជាបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព យុត្តិធម៌ និងក្តីមេត្តា ដោយធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃរបួសអតីតកាលពោលគឺសង្រ្គាម និងធានាថាមរតកនៃសន្តិភាពនឹងបន្តស្ថិតស្ថេរជាពន្លឺនៃក្តីសង្ឃឹម និងវឌ្ឍនភាពសម្រាប់ជាតិ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាព និងបន្តអរគុណសន្តិភាព៕

ដោយ៖ តាំង ករុណា

អត្ថបទទាក់ទង