សម្តេចតេជោ ហ៊ុន សែន អំពាវនាវមន្រ្តីគណបក្សប្រជាជនកម្ពុជាបម្រើប្រជាជនដោយស្មោះត្រង់
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានអំពាវនាវដល់មន្រ្តីគណបក្សទាំងក្នុង និងក្រៅប្រទេសត្រូវឱ្យបម្រើប្រជាជនដោយស្មោះត្រង់ ដោយសម្ដេចតេជោលើកឡើងថា «យើងជាអ្នកបម្រើប្រជាជនមិនមែនជាចៅហ្វាយរបស់ប្រជាជនឡើយ»។
ការអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច រួមជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស ប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជួរមន្ត្រីគណបក្សនៅគ្រប់ថ្នាក់ប្រកបដោយភាពរឹងមាំ និងស្អាតស្អំ គឺជាកត្តាសំខាន់ជាគន្លឹះនៃជ័យជម្នះ ព្រោះថាមន្ត្រីគណបក្សជាស្ពានតភ្ជាប់រវាងគណបក្សជាមួយប្រជាជន កម្លាំងដឹកនាំ ជាកម្លាំងជំរុញ និងអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស។ ដូច្នេះ គណបក្សត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំពាក់បំប៉នជួរមន្ត្រីគណបក្សទាំងសម្រាប់រយៈពេលបច្ចុប្បន្ន និងសម្រាប់រយៈពេលយូរអង្វែង ដើម្បីធានាការលើកកម្ពស់សមត្ថភាពឥតឈប់ឈរទាំងខាងនយោបាយ និងមុខជំនាញ ព្រមទាំងគុណធម៌ អត្តចរិត និងសីលធម៌ ឱ្យទទួលបាននូវការស្រឡាញ់ និងគាំទ្រពីប្រជាជន។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសឱ្យរាំងស្កាត់ឱ្យបានម៉ឺងម៉ាត់ចំពោះភាពអសកម្មរបស់មន្ត្រីដែលបំពានលើគោលការណ៍គណបក្ស និងច្បាប់រដ្ឋ ដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន។
នៅចំពោះមុខអង្គមីទ្ទិញ, សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ក្នុងចំណុចនេះខ្ញុំសូមបញ្ជាក់ជូន ចំពោះអង្គមីទ្ទិញ នៅទីនេះក៏ដូចជាសមាជិក សមាជិកកាទាំងអស់របស់គណបក្សប្រជាជនទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជនថា ប្រជាជនកម្ពុជា ត្រូវការដឹកនាំរបស់គណបក្សប្រជាជនគាំទ្រគណបក្សប៉ុន្តែ អ្វីដែលប្រជាជន គឺមិនសប្បាយចិត្ត គឺទង្វើខុសឆ្គងរបស់មន្ត្រីគណបក្សមួយចំនួន ដែលនោះខ្ញុំអំពាវនាវចំពោះមន្ត្រីគណបក្សទាំងអស់ ចូលធ្វើសកម្មភាពបម្រើប្រជាជនដោយស្មោះ យើងគឺ «ជាអ្នកបម្រើដោយស្មោះត្រង់ របស់ប្រជាជនមិនមែនជាចៅហ្វាយរបស់ប្រជាជននោះឡើយ»។
ទន្ទឹងនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំ គ្រប់គ្រងប្រទេសជាតិប្រកបដោយភាពជោគជ័យ ដោយរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយ ត្រូវបានការពារយ៉ាងរឹងមាំ។ ហើយគណបក្សប្រជាជនកម្ពុជា ជាតំណាងប្រជាពលរដ្ឋដ៏បរិសុទ្ធ ជាបង្អែកដ៏កក់ក្ដៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ៕