សហភាពអង្គការសង្គមស៊ីវិល ថ្កោលទោសបុគ្គល អេឡិច និងវិទ្យុអាស៊ីសេរី ដែលជំរុញយុវជនខ្មែរ១០រូបជាប់ទោសពីបទ«រួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រ»ដើម្បីប្រយោជន៍នយោបាយ

សហភាពអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសបុគ្គល Gonzalez Davidson Alejandro ហៅអេឡិច និងវិទ្យុអាស៊ីសេរី ដែលជំរុញយុវជនខ្មែរ ១០រូប ជាប់ទោសពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» ដើម្បីប្រយោជន៍នយោបាយរបស់ខ្លួន។
តាមរយៈសេចក្ដីថ្លែងការណ៍នេះ សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក បានសម្ដែងការសោកស្តាយលើយុវជន១០រូប ដែលកាលពីថ្មីៗនេះ ត្រូវបានតុលាការចេញសេចក្តីសម្រេចផ្តន្ទាទោសលើសំណុំរឿង «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» ដោយពួកគេបានប្រព្រឹត្តអំពើដែលជាធាតុផ្សំនៃបទល្មើសទាំងនេះ ដោយមិនដឹងខ្លួន។
សហភាពអង្គការសង្គមស៊ីវិល បានឱ្យដឹងថា យោងទៅតាមអង្គហេតុ ការស៊ើបអង្កេតរបស់តុលាការ និងភស្តុតាងដទៃទៀតដែលកើតមានឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមពាក់ព័ន្ធនឹងយុវជនទាំង១០រូប ដែលមានបុគ្គលម្នាក់ឈ្មោះ GONZALEZ DAVIDSON ALEJANDRO ហៅ (អេឡិច) ជាមេដឹកនាំបង្កនូវចលនា និងជាផ្នែកមួយនៃនយោបាយបំបែកបំបាក់ និងបំផ្លាញសង្គមខ្មែរ ជាមួយនឹងអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី តាមរយៈសកម្មភាពបរិស្ថាន និងបង្កឱ្យមានភាពវឹកវរទៅដល់សណ្តាប់ធ្នាប់សន្តិសុខ សង្គមជាតិជាច្រើនដង។ ដោយឡែកយុវជន ទាំង១០រូបនេះទទួលបានឥទ្ធិពល និងមនោគមន៍វិជ្ជាខ្មៅកខ្វក់របស់ អេឡិច និង អ្នកនយោបាយក្រៅប្រទេស ព្រមទាំង វិទ្យុអាស៊ីសេរី បានបន្តទំនាក់ទំនងគ្នាតាមរយៈបណ្តាញសង្គម ZOOM, SIGNAL,។ល។
សេចក្ដីថ្លែងការណ៍ដដែលនោះដែរ បានបន្តថា ក្រោយពីយុវជនកម្ពុជា ត្រូវបានតុលាសម្រេចផ្ដន្ទាទោស បែរជាវិទ្យុអាស៊ីសេរី, លោក សម រង្ស៊ី និង អេឡិច បានសម្តែងការសប្បាយរីករាយលើគំនរទុក្ខរបស់យុវជនទាំង១០រូប មានខ្លះកំពុងជាប់ពន្ធនាគារ ដោយពួកគេរំពឹងថា ការអនុវត្តច្បាប់របស់តុលាការខ្មែរ ចំពោះយុវជនចាញ់កលលោក អេឡិចទាំង១០រូប និងធ្វើឱ្យកម្ពុជាអាប់អោនកេរ្តិ៍ឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ ធ្វើឱ្យបរទេសលោកខាងលិចស្អប់ខ្មែរ មិនតែប៉ុណ្ណោះពួកគេចង់ឃើញកម្ពុជាមានវិបត្តិសេដ្ឋកិច្ច តាមរយៈការមិនធ្វើទេសចរណ៍មកកម្ពុជា ការមិនបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងចង់ឱ្យអន្តរជាតិថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលនេះជាគោលបំណងពិតដែលពួកគេចង់បាន។
សហភាពអង្គការសង្គមស៊ីវិល បានគូសបញ្ជាក់ថា នៅក្នុងឱកាសនៃការជាប់ពន្ធនាគាររបស់យុវជនខ្មែរទាំង១០រូប លោក សម រង្ស៊ី លោក អេឡិច និងអាចមានឱកាសប្រមូលថវិការពីខ្មែរក្រៅប្រទេស អង្គការបរទេសយកមកជាប្រយោជន៍ខ្លួន ដោយយកហេតុផលថាដើម្បីជាតិ ដើម្បីយុវជនដែលជាប់គុក នេះហើយជាគំនិតអាក្រក់ដែលពួកគេបានខិតខំធ្វើជាយូរមកហើយ៕