រារដ្ឋាភិបាលកម្ពុជាតែងប្រកាន់ខ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ចជានិច្ច
នៅក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល តែងតែប្រកាន់ខ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ចដោយផ្តល់ការគាំទ្រនិងជំនួយដល់វិស័យឯកជននៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការអាជីវកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ទិដ្ឋភាពធុរកិច្ចនិងការធ្វើការវិនិយោគយ៉ាងច្រើន លើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ ការងារសមរម្យ កិច្ចគាំពារសង្គម ឌីជីថលូបនីយកម្ម និងចីរភាពបរិស្ថាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចសេរីបំផុតក្នុងពិភពលោក ដោយវិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគជាមួយនឹងកម្មសិទ្ធិបរទេស១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឱ្យមានការចូលរួមពីវិនិយោគិនក្នុងស្រុក ដោយឡែកករណីលើកលែងតែមួយគត់គឺកម្មសិទ្ធិលើដីធ្លី៕