អភិបាលខេត្តប៉ៃលិន បង្កើតមូលនិធិចាស់ជរា ដើម្បីឧបត្ថម្ភប្រាក់ប្រចាំខែជូនចាស់ជរាគ្មានទីពឹង
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបង្កើតមូលនិធិចាសជរា ឧបត្ថម្ភប្រាក់ប្រចាំខែ ជូនចាស់ជរាគ្មានទីពឹង នៅក្នុងភូមិសាស្រ្ដខេត្ដប៉ៃលិន។ នៅក្នុងនាមជាប្រធានមូលនិធិ លោកជំទាវបណ្ឌិត តែងតែយកចិត្ដទុកដាក់ចំពោះចាស់ជរាគ្មានទីពឹង និងបានផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនពួកគាត់ផងដែរ។
នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អមដំណើរដោយក្រុមការងារមូលនីធិ និងយុវជន សសយក បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកតា លោកយាយចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិ និងបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ដែលជានិច្ច កាល សម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
លោកជំទាវបណ្ឌិតប្រធានមូលនីធិ បានមានប្រសាសន៍លើកឡើងថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីកចម្រើនលើគ្រប់វិស័យជាពិសេសហេដ្ឋា រចនាសម្ព័នរូបវ័ន្ននានា រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបាន យកចិត្ត ទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ ស្លាប់ អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា មូលនិធិចាស់ជរានេះ បានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំ ឡើងទៅដែលពុំមានលទ្ធភាព អាចចេញទៅប្រកបមុខរបរ ដើម្បីចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកម្ពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាព លោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗឲ្យប្រព្រឹត្តតែអំពើល្អ៕