Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ក្រុមយុវជនដើម្បីយុត្តិធម៌សង្គម ប្រកាសគាំទ្រការអនុម័តរបស់គ.ជ.ប ដែលបដិសេធលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ដោយសារតែមិនបានបំពេញឱ្យគ្រប់លក្ខខណ្ឌ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1246
ក្រុមយុវជនដើម្បីយុត្តិធម៌សង្គម ប្រកាសគាំទ្រការអនុម័តរបស់គ.ជ.ប ដែលបដិសេធលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ដោយសារតែមិនបានបំពេញឱ្យគ្រប់លក្ខខណ្ឌ ក្រុមយុវជនដើម្បីយុត្តិធម៌សង្គម ប្រកាសគាំទ្រការអនុម័តរបស់គ.ជ.ប ដែលបដិសេធលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ដោយសារតែមិនបានបំពេញឱ្យគ្រប់លក្ខខណ្ឌ

ក្រុមយុវជនដើម្បីយុត្តិធម៌សង្គម នៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។

ក្រុមយុវជនដើម្បីយុត្តិធម៌សង្គម បានបញ្ជាក់ដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមយុវជនដើម្បីយុត្តិធម៌សង្គម សូមប្រកាសគាំទ្រ សេចក្តីប្រកាសព័ត៌មានលេខៈ ០៣១ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយបានសម្រេចទទួលស្គាល់ការចុះបញ្ជីរបស់គណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតជាផ្លូវការចំនួន ១៨ (ដប់ប្រាំបី) គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយឡែកបដិសេធការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន ០១(មួយ)គណបក្សនយោបាយ។

ការបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការចុះបញ្ជីឱ្យគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតចំនួន ០១(មួយ)នោះគឺ គណបក្សភ្លើងទៀន ដោយការបដិសេធនេះស្ថិតក្រោមមូលហេតុ ដែល គណបក្សនយោបាយនេះមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅ ក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យ ច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវ ស្របតាមកថាខណ្ឌទី២ និងចំណុចទី១ មាត្រា២៧ នៃច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។

ដោយយោងតាមសេចក្តីសម្រេចលេខ ២៣៣ គ.ជ.ប.ស.ស.រ ស្តីពីការបដិសេធការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ យើងខ្ញុំទាំងអស់គ្នាក្នុងនាមជា យុវជនសូមធ្វើការអំពាវនាវដល់ គណបក្សភ្លើងទៀន បញ្ចៀសការប្រមូលផ្តុំប្រជាពលរដ្ឋធ្វើបាតុកម្មដែលជារូបភាព ចលាចល បង្ករអស្ថិរភាពក្នុងសង្គមជាតិយើង ហេតុដូច្នេះហើយសូមធ្វើការបំពេញបែបបទតម្រូវតាមនីតិវិធីច្បាប់ ជាធរមាន និងបន្តចូលរួមដោះស្រាយដោយសន្តិវិធីដើម្បីស្ថេរភាពសង្គមជាតិ ឯករាជ្យ សុខសន្តិភាព អព្យាក្រឹត និង វឌ្ឍនភាពសង្គម នៃព្រះរាជាណាចក្រកម្ពុជារបស់យើងដែលជាជនរួមជាតិ»

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។

គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕