Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

លោក ព្រាប កុល បញ្ជាក់ពីការសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1261
លោក ព្រាប កុល បញ្ជាក់ពីការសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល លោក ព្រាប កុល បញ្ជាក់ពីការសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល

តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាព លើកឡើងពីការសម្រេចចិត្តរបស់លោក ក្នុងការចូលរួមបម្រើជាតិតាមរយៈរាជរដ្ឋាភិបាលកម្ពុជា។

លោក ព្រាប កុល ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានលើកឡើងថា “ដូចដែលបងប្អូនជនរួមជាតិបានជ្រាបស្រាប់ នាពេលកន្លងទៅ ខ្ញុំបានបំពេញមុខងារនៅស្ថាប័នមិនមែន រដ្ឋាភិបាលអន្តរជាតិជាច្រើន ហើយតាមរយៈមុខងារទាំងនោះ ខ្ញុំបានផ្ដល់នូវធាតុចូល និងអនុសាសន៍ជាគន្លឹះ មួយចំនួន ដើម្បីរួមចំណែកដោយផ្ទាល់និងដោយប្រយោល ដល់កិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់របស់រាជរដ្ឋា- ភិបាលកម្ពុជា ជាពិសេសពាក់ពន្ធ័ទៅនឹងអភិបាលកិច្ចល្អ ការគ្រប់គ្រងហិរញវត្ថុសាធារណ: កំណែទម្រង់ពន្ធដារ ការលើកកម្ពស់សុចរិតភាព តម្លាភាព និងគណនេយ្យភាពសង្គមជាដើម ដែលមានសារៈសំខាន់សម្រាប់ការ អភិវឌ្ឍជាតិ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាព”។

លោកកត់សម្គាល់ឃើញថា កំណែទម្រង់មួយចំនួនបានផ្ដល់ជាផ្កាផ្លែ និងផលវិជ្ជមាន គួរឲ្យកត់សម្គាល់ រឺឯកំណែទម្រង់មួយចំនួនទៀតមានដំណើការទៅមុខយឺតជាងការរំពឹងទុក រីឯខ្លះទៀតត្រូវការពេលវេលា និងការបំពេញបន្ថែម។ ក្នុងនោះលោកសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិបន្ទាប់ នឹងពិនិត្យមើលលទ្ធ ភាពបន្តអនុវត្តកំណែទម្រង់ចាំបាច់ដែលនៅសេសសល់ទាំងនោះឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលថែម មួយកម្រិតទៀត ហើយលោកនឹងមានឱកាសចូលរួមជួយដល់កិច្ចការទាំងនោះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ និងដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសបន្ថែមទៀត “ដោយមើលឃើញយ៉ាងដូច្នេះ ទើបខ្ញុំមានបំណងចូលរួមចំណែកបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដើម្បីខ្ញុំអាចប្រើប្រាស់ចំណេះដឹង ជំនាញ ទេពកោសល្យ និងបទពិសោធជាងម្ភៃឆ្នាំ ពីកិច្ចការងារនៅស្ថាប័នអន្តរជាតិជាច្រើនក្នុងរយៈកាលកន្លងទៅ ក្នុងក្របខណ្ឌជំនាញឯកទេស វិជ្ជាជីវៈ និងបច្ចេកទេស។ ដើម្បីឈានទៅបំពេញគោលបំណងនេះ ខ្ញុំបានស្នើសុំជួបសម្តែងការគួសម និងពិភាក្សាដោយផ្ទាល់ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយ សម្ដេចបានផ្ដល់កិត្តិយសឲ្យខ្ញុំបានជួបនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣”។

ក្រោយការសំណេះសំណាលនិងពិភាក្សាជាមួយ សម្តេចនាយករដ្ឋមន្ត្រី អស់រយ:ពេលជាងបួនម៉ោង សម្ដេចបានផ្តល់នូវសេចក្តីទុកចិត្ត និងឱកាសដល់លោក និងបានទូលថ្វាយព្រះមហាក្សត្រ ស្នើសុំតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ហើយសម្តេចបានយល់ស្របអោយខ្ញុំធ្វើកិច្ចការតាមជំនាញឯកទេស បទពិសោធ និងទេពកោសល្យ ជាពិសេសលើផ្នែកដែលពាក់ព័ន្ធនឹង១. ការវិនិយោគបរទេស ២. កំណែទម្រង់មួយចំនួន ដែលពាក់ព័ន្ធទៅនឹងផ្នែកស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដូចជាផ្នែក អភិបាលកិច្ចល្អ និងការចូលរូមផ្តល់មតិយោបល់ ឬធាតុចូលក្នុងការតាត់តែងគោលនយោបាយនានា ដោយធ្វើការ ផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតតាមតម្រូវការជាក់ស្តែង។

លោកយល់ឃើញថា ភារកិច្ចខាងលើនេះ គឺពិតជាមានសារៈសំខាន់សម្រាប់ទាំងផ្នែកសេដ្ឋកិច្ចជាតិ និងទាំង ផ្នែករដ្ឋបាលសាធារណៈ ដែលអាចផ្តល់នូវផលប្រយោជន៍ដល់សង្គមជាតិយើងទាំងមូល ហើយលោកសង្ឃឹម និងជឿជាក់ថា សម្តេចនាយករដ្ឋមន្ត្រី នឹងផ្ដល់ការគាំទ្រ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីមានលទ្ធភាពចូលរួមបំពេញ ការងារទាំងនោះឲ្យមានប្រសិទ្ធភាពខ្ពស់។

បើតាមលោក ព្រាប កុល ប្រទេសកម្ពុជា គឺជារបស់យើងទាំងអស់គ្នា ប្រៀបបានទៅនឹងលំនៅឋានរួមរបស់យើងអីចឹងដែរ។ ហេតុដូច្នេះ យើងគប្បីចូលរួមចំណែកជួយគិតគូ សាងសង់ តុបតែង និងកែលម្អទាំងអស់គ្នា មិនថា យើងស្ថិតក្នុងវិស័យណា ឬទីតាំងណានោះទេ។ លោកយល់ថា នេះជាពេលវេលាសមស្របមួយ ដែលលោកត្រូវធ្វើការសម្រេចចិត្តចូលរួមបម្រើជាតិតាមរយៈ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចបន្តប្រើប្រាស់ចំណេះដឹង ជំនាញឯកទេស និងទេពកោសល្យរបស់ខ្ញុំខណៈខ្ញុំនៅ មានថាមពលនិងស្របតាមបរិការណ៍សង្គម សេដ្ឋកិច្ចជាតិ និងអន្តរជាតិ៕