Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ស៊ីហ្គេមនៅកម្ពុជា ទទួលបានជោគជ័យខ្លាំង និងទទួលបានការកោតសរសើរគ្រប់ទិសទី ខណៈបិទបញ្ចប់នៅល្ងាចនេះ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 201
ស៊ីហ្គេមនៅកម្ពុជា ទទួលបានជោគជ័យខ្លាំង និងទទួលបានការកោតសរសើរគ្រប់ទិសទី ខណៈបិទបញ្ចប់នៅល្ងាចនេះ ស៊ីហ្គេមនៅកម្ពុជា ទទួលបានជោគជ័យខ្លាំង និងទទួលបានការកោតសរសើរគ្រប់ទិសទី ខណៈបិទបញ្ចប់នៅល្ងាចនេះ

 

ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះ នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះហើយ ខណៈពិធីនេះរៀបចំឡើងលើកដំបូង បន្ទាប់ពីខកខាន  ជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិសទីថា រៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវស្មារតីកីឡាអូរឡាំពិក។

លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹងពេលវេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺកូវីដ១៩។ លោកគូសបញ្ជាក់ថា បើទោះបីជាជួបការលំបាកពីវិបត្តិជំងឺកូវីដ១៩ នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំការ ប្រកួតប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាចរៀបចំការប្រកួតស៊ីហ្គេមតាមការគ្រោងទុក។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លោក ថោង ខុន បានគូសរំលេចថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាពលេចធ្លោរជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ អគ្គិ ជ័យ កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយកថ្លៃសំបុត្រចូលទស្សនាមិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូកីឡាជាដើម។

លោក ថោង ខុន បានរំលឹកថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ក៏ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំង ចាត់តាំងការប្រកួតការបដិសណ្ឋារកិច្ចការស្នាក់នៅ និងម្ហូបអាហារជាដើម។ លោក ថោង ខុន បានអះអាងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជាកាន់តែច្រើនទៅកាន់ឆាកអន្តរជាតិ។

បើតាមលោក ថោង ខុន ក្នុងកំលុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជាទទួលបានអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ១ម៉ឺន៦ពាន់នាក់។ ក្នុងនាមជាអ្នកប្រតិបត្តិមួយរូបលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ លោក ថោង ខុន បានបង្ហាញក្តីសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង៕

អត្ថបទទាក់ទង