ឯកអគ្គរដ្ឋទូតចិន ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រសិទ្ធនាមកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ថា «មហាវិថី ស៊ី ជីនពីង»
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រសិទ្ធនាមកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ថា «មហាវិថី ស៊ី ជីនពីង»។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតចិន Wang Wenbin ក៏បានបង្ហាញសេចក្តីសោមនស្សនរីករាយដែលបានឮសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ផ្លូវដ៏ធំទូលាយមួយខ្សែនេះដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងជំរុញការអភិវឌ្ឍន៍តំបន់ជាយក្រុង។
ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូតចិនរូបនេះ បានលើកឡើងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ហើយបន្តដំណើរទៅមុខជាមួយគ្នានៅលើវិថីដ៏ភ្លឺស្វាងសម្រាប់ការអភិវឌ្ឍរួមគ្នា៕