Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

បទអត្ថាធិប្បាយ៖ ការបំផុសផែនការណ៍ចលាចលរបស់ក្រុមក្បត់ជាតិ បរាជ័យទាំងក្នុង និងក្រៅស្រុក

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ - នយោបាយ ព័ត៌មានជាតិ 147
បទអត្ថាធិប្បាយ៖ ការបំផុសផែនការណ៍ចលាចលរបស់ក្រុមក្បត់ជាតិ បរាជ័យទាំងក្នុង និងក្រៅស្រុក បទអត្ថាធិប្បាយ៖ ការបំផុសផែនការណ៍ចលាចលរបស់ក្រុមក្បត់ជាតិ បរាជ័យទាំងក្នុង និងក្រៅស្រុក

 

(ភ្នំពេញ)៖ អំពើប៉ុនប៉ងរបស់ទណ្ឌិតសមរង្ស៊ីដែលចង់ឆ្លៀតឱកាសយកថ្ងៃរៀបចំបុណ្យអុំទូកថ្ងៃ១៧សីហា ក្នុងសហគមន៍ខ្មែរក្នុងក្រុង Lowell រដ្ឋម៉ាសាឈូសិត សហរដ្ឋអាមរិក ដើម្បីបំផុសកំហឹងមនុស្សបង្កឱ្យមានការថ្កោលទោសប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា វៀតណាម និងឡាវ ទីបំផុតត្រូវបានបរាជ័យទាំងស្រុង។

ទណ្ឌិត សម រង្ស៊ី ជាមួយនិងភរិយា និងមនុស្សហែរហមបួនដប់នាក់ ដែលរំពឹងថាថ្ងៃបុណ្យអុំទូកទី១៧សីហា ដែលជាធម្មតាតែងតែមានពលរដ្ឋខ្មែរច្រើនម៉ឺននាក់មកពីបណ្តារដ្ឋផ្សេងៗធ្វើដំណើរមកកាន់សហគមន៍ខ្មែរក្រុងឡូវ៉ែល ក្នុងមួយឆ្នាំមានម្តងនោះ បានព្យាយាមចាប់ឱកាសថ្ងៃនោះ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត នូវអ្វីដែលពួកគេបាននិយាយប្រឌិតថា គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណដែលមានខេត្តខ្មែរចំនួនបួនគឺខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី គឺជាគម្រោងដែលរាជរដ្ឋាភិបាលបានកាត់ខេត្តខ្មែរទាំងបួននោះទៅឱ្យវៀតណាម ជាថ្នូរនៃការកាន់កាប់អំណាច។

តើ សម រង្ស៊ី ធ្វើសកម្មភាពអ្វីខ្លះ នៅថ្ងៃទី១៧ ខែសីហា ក្នុងក្រុងឡូវ៉ែល?

សាក្សីបានរាយការណ៍ថា ដើម្បីតែការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងនោះ សម រង្ស៊ី បានរៀបចំការជួបជុំក្រុមអ្នកគាំទ្ររបស់ខ្លួនច្រើនសិបនាក់ នៅមុខភោជនីយ៍ដ្ឋានប៉ៃលិន ក្នុងក្រុងឡូវ៉ែល។ សកម្មជនម្នាក់ឈ្មោះ សុភណ្ឌ ឡារី ត្រូវបានគេឃើញប្រឹងប្រែងនិយាយប៉បាច់ប៉ប៉ោច ជាមួយការប្រើសម្តីប្រមាថមាក់ងាយ រហូតដល់ការប៉ុនប៉ងចង់ផ្តួលរំលំការដឹកនាំរាជរដ្ឋាភិបាល តាមវិធីហិង្សាខុសពីដំណើរការប្រជាធិបតេយ្យ។ ការជួបជុំគ្នាធ្វើបាតុកម្មនៅមុខភោជនីយ៍ដ្ឋាន ដែលរួមមានព្រះសង្ឃ និងអ្នកគាំទ្រមកពីប្រទេសកាណាដាផងដែរនោះ គឺមុខព្រួញចង់បន្តរកការញុះញង់ ដល់ពលរដ្ឋជាច្រើនម៉ឺននាក់ដទៃទៀតនៅក្នុងពិធីបុណ្យអុំទូក ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង មិនអាចអូសទាញមនុស្សនៅទីនោះបានឡើយ។

ក្រោយការជួបជុំគ្នានៅមុខភោជនីយ៍ដ្ឋានប៉ៃលិន នោះរួចមកក្រុមធ្វើនយោបាយប្រឆាំង បានបំបែកគ្នាយ៉ាងហោចចំនួនបីក្រុម។ ក្រុមទាំងបីនោះ មួយក្រុមធ្វើដំណើរជាមួយ សម រង្ស៊ី មួយក្រុមធ្វើដំណើរជាមួយសង្ឃ ប៊ុត ប៊ុនតិញ និង សេង រតនា និងមួយក្រុមទៀត ធ្វើដំណើរជាមួយឈ្មោះ អ៊ុង ឫទ្ធី និងឈ្មោះ វាសនា នួន ដែលមុខព្រួញ គឺបម្រុងបំបែកផ្លូវផ្សេងៗគ្នា ចូលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ អំពីការកាត់ទឹកដីខ្មែរនៃខេត្តទាំងបួននោះ នៅក្នុងពិធីបុណ្យអុំទូក ដែលមានមនុស្សចូលរួមច្រើនកុះករ។

ទណ្ឌិត សម រង្ស៊ី និងភរិយា ជាមួយអ្នកហែរហមរួមមានឈ្មោះ អេង ឆៃអ៊ាង, ឡុង រី, និង នុត រំដួល ត្រូវគេឃើញថាបានព្យាយាមទៅក្រវែល នៅក្បែរបរិវេណទីតាំងម៉ៃក្រូដែលមានការរៀបចំពិធី ដើម្បីរង់ចាំឱកាស ក្រែងមានការអញ្ជើញណាមួយឱ្យជនក្បត់ជាតិនេះ អាចឡើងនិយាយចាប់អារម្មណ៍ ប៉ុន្តែសាក្សីបាននិយាយថា បើទោះបីជាគេឃើញ សម រង្ស៊ី ដើរក្រវែល ឬ ទៅអង្គុយលើវាលស្មៅក្បែរនោះ ដើម្បីការរង់ចាំឱកាសក៏ដោយ គេបានមិនឃើញថាមានអ្នករៀបចំណាម្នាក់បានចាប់អាម្មណ៍ចំពោះវត្តមានទណ្ឌិតក្បត់ជាតិបីជំនាន់នេះឡើយ។ អ្នកបានឃើញនូវអំពើឆ្លៀតឱកាសរបស់ សម រង្ស៊ីនោះ បានចាត់ទុកថាវាជាទង្វើគួរឱ្យខ្មាសអៀន។

សម រង្ស៊ី និងក្រុមអ្នកហែរហមទាំងនោះ បើទោះបីជាគេឃើញ ទណ្ឌិតរូនេះម្តងបានអង្គុយទៅលើវាលស្មៅ ហើយពេលខ្លះដើរកាត់ហ្វូងមនុស្ស ដើម្បីរកការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរនានាក៏ដោយ វត្តមានរបស់ សម រង្ស៊ី នាពេលនោះមិនទទួលបានការជ្រួលជ្រើម ឬ យកចិត្តទុកដាក់ពីពលរដ្ឋខ្មែរទាំងឡាយដែលបានទៅចូលរួមក្នុងពិធីបុណ្យអុំទូកនោះឡើយ។

សាក្សីបាននិយាយបន្តថា ក្រោយវត្តមាន សម រង្ស៊ី មិនទទួលបានការស្វាគមន៍នៅក្នុងពិធីបុណ្យអុំទូកនោះហើយ មនុស្ស២ក្រុមទៀត ក្នុងនោះរួមទាំងសង្ឃ ប៊ុត ប៊ុនតិញ ផងមិនបានបង្ហាញវត្តមានក្នុងហ្វូងមនុស្សនៃពិធីបុណ្យអុំទូកនោះឡើយ ដោយពួកគេបាននាំគ្នាបង្ហួសទៅជួបជុំនៅក្នុងវត្តមួយវិញ។

ហេតុអ្វីបានជា សម រង្ស៊ី បាត់បង់ការគាំទ្រ?

សកម្មភាពប្រឹងប្រែងអូសទាញ ប៉ុន្តែមិនទទួលបានជោគជ័យនេះ គឺជាការបង្ហាញថា ពលរដ្ឋខ្មែរក្នុងទសវត្សឆ្នាំ២០២០ មិនមែនជាពលរដ្ឋដែល សម រង្ស៊ី អាចធ្លាប់និយាយបោកប្រាស់កុហកដូចពីអតីតកាលបានឡើយ។ អំពើប៉ុនប៉ងចង់ឆ្លៀតឱកាស អូសទាញពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកនៅថ្ងៃបុណ្យអុំទូក ដើម្បីឱ្យស្អប់ ឬផ្ទុះកំហឹងប្រឆាំងពីក្រៅប្រទេសដើម្បីរកការញុះញង់ ឱ្យមានអំពើចលាចលនៅក្នុងស្រុកនោះ ត្រូវបានគេចាត់ទុកថា ជាភាពបរាជ័យដ៏សែនអាម៉ាសមួយនិយាយជារួម គឺពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ ដែលស្កាត់មកពីបណ្តារដ្ឋនានាទូទាំងសហរដ្ឋអាមេរិក មិនចាប់អារម្មណ៍លើនយោបាយវង្វេងជាតិ របស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបកុ្ខពួក ដែលចង់នាំកម្ពុជាដែលមានសន្តិភាព ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មីវិញបានឡើយ ពីព្រោះអ្វីដែល សម រង្ស៊ី និងបក្ខពួកបាននិយាយលាបពណ៌ប្រឌិតអំពីការកាត់ទឹកដីខេត្តខ្មែរទាំងបួនទៅឱ្យបរទេសនោះ គឺជាព័ត៌មានកុហកសុទ្ធសាធ។

ពលរដ្ឋខ្មែររស់នៅក្រៅស្រុកជាពិសេសអ្នកដែលមានបងប្អូនរបស់គេរស់នៅក្នុងតំបន់ក្នុងខេត្តទាំងបួន សុទ្ធបានដឹងច្បាស់ថា បើគ្មានចក្ខុវិស័យនៃគម្រោងអភិវឌ្ឍន៍ត្រីកោណនោះទេ ម្ល៉េះខេត្តភាគឦសានប្រទេសនាពេលបច្ចុប្បន្ន និងមិនមានផ្លូវថ្នល់ខ្វែងខ្វាត់ មានបណ្តាញអគ្គីសនី មានបណ្តាញទឹកស្អាត និងមានការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួននោះដែរ។ ដូច្នេះអ្វីដែល សម រង្ស៊ី និងបក្ខពួក បានលើកឡើងទាំងនោះ គឺខុសនឹងការពិតដែលកំពុងកើតមានបច្ចុប្បន្ននៅក្នុងខេត្តទាំងបួន ដែលមានពលរដ្ឋខ្មែរបានរស់នៅ និងគ្មានការបាត់បង់ទឹកដី ឬ ការកាត់ទឹកដី ឬ ការរំលោភដែនអធិបតេយ្យភាពខ្មែ ឬ ពីសំណាក់ក្រុមអន្តោប្រវេសន៍បរទេសណាមួយឡើយ។

គំនិតផ្តួចផ្តើមអភិវឌ្ឍន៍តំបន់ត្រីកោណក្នុងខេត្តបួននាភាគឦសានប្រទេស មិនមែនទើបតែមានក្នុងពេលនេះទេ។ ចក្ខុវិស័យនេះ បានកើតឡើងក្នុងឆ្នាំ១៩៩៩ គឺក្នុងឆ្នាំដែលកម្ពុជា បានក្លាយជាសមាជិករបស់អាស៊ាន និងជាច្រើនខែ បន្ទាប់ពីយុទ្ធសាស្ត្រDIFID នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន បានពន្លត់ភ្លើងសង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ ដែលជានយោបាយអច្ឆរិយៈ របស់ឥស្សរជនខ្មែរដ៏កំពូលនាចុងសតវត្សទី២០ ដោយមិនត្រឹមតែធ្វើឱ្យកម្ពុជា មានសន្តិភាពពិតប្រាកដលើទឹកដីខ្មែរនោះទេ ប៉ុន្តែថែមទាំងជានយោបាយបញ្ចប់ ការធ្វើអបគមន៍របស់ក្រុមប្រឆាំងខ្មែរនានាទាំងឡាយ មិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមកនេះផងទៀត។

ក្នុងរយៈពេល២៥ឆ្នាំមកនេះ ខេត្តទាំងបួនភាគឦសានប្រទេសដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ ត្រីកោណ បានប្រែប្រួលមុខមាត់ជាខ្លាំង និងខុសពីអ្វីដែលក្រុមធ្វើនយោបាយប្រឆាំងបានចោទប្រកាន់ថា ជាគម្រោងកាត់ទឹកដីខ្មែរឱ្យបរទេស ឬ ជាការបាត់បង់ទឹកដីខ្មែរទៅឱ្យបរទេសនោះ។ ការបង្កើតព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងញុះញង់ និងជាព័ត៌មានផ្ទុយពីការពិត ទាំងស្រុងនោះហើយ បានធ្វើឱ្យ ឧបាយកល សម រង្ស៊ី មួយនេះទៀតបានបរាជ័យទាំងស្រុង។

ចលនាជាតិក្នុងស្រុក គឺជាប្រភពរំលាយគម្រោងទុច្ចរិតរបស់ សម រង្ស៊ី

ភាពបរាជ័យ មិនអាចដុតបញ្ឆេះកំហឹងពលរដ្ឋខ្មែរ នៅក្រៅស្រុកលើកនេះទៀត គឺជាទង្វើដ៏គួរឱ្យខ្មាស់អៀនសាជាថ្មី ក្រោយភាពរារាំងរបស់ក្រុមក្បត់ជាតិ ដើម្បីមិនឱ្យមានការជីកព្រែកហ៊្វូណនតេជោ នោះ ត្រូវបានចលនាជាតិ របស់ប្រជាពលរដ្ឋ បើកកកាយនូវឧបាយកល និង បើកកកាយមុខមាត់ដ៏អាក្រក់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកតាមរយៈការរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល ជម្រុញឱ្យមានការបើកការដ្ឋានជីកព្រែកនេះ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ចំណែកភាពបរាជ័យមិនអាចឱ្យថ្ងៃទី១៧ ខែសីហា បានក្លាយជាថ្ងៃដុតកំហឹងបញ្ឆេះពលរដ្ឋបានទៀតនោះ គឺដោយសារតែចលនាជាតិរបស់ពលរដ្ឋខ្មែរជាដដែល ក្នុងការរួមសហការគ្នាជាមួយរាជរដ្ឋាភិបាលប្តេជ្ញាថាមិនឱ្យទណ្ឌិត សម រង្សី សម្រេចនូវផែនការណ៍ទុច្ចរិតបំបែកបំបាក់ជាតិខ្មែរបានឡើយ។

ចលនាជាតិខ្មែរប្រឆាំងទណ្ឌិត សម រង្ស៊ី និងបក្ខពួក ត្រូវគេឃើញថា នាពេលនេះបានលេចឡើងតាមរង្វង់ការបញ្ចេញទស្សនៈតាមបណ្តាញសង្គមនានា ដោយពួកគេរួមគ្នាប្រឆាំងនឹងអំពើញុះញង់រើសអើងជាតិសាសន៍របស់ សម រង្ស៊ី និងបក្ខពួក និងពលរដ្ឋខ្មែរ បានរួមគ្នាចងសម្បាច់សហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងពួកគេបានរាយការណ៍ប្រាប់មកអាជ្ញាធរគ្រប់ពេលវេលាពាក់ព័ន្ធនឹងសកម្មភាពសង្ស័យខុសច្បាប់ណាមួយដែលចង់បង្កចលាចលអសន្តិសុខ នៅក្នុងប្រទេស។

នៅក្នុងប្រទេសកម្ពុជានេះវិញ បន្ទាប់ពីភាពបរាជ័យរបស់ក្រុមប្រឆាំងនៅក្រៅស្រុក ការចង់បំផុសឱ្យសកម្មជនរបស់ខ្លួនក្នុងប្រទេសធ្វើការបះបោរប្រឆាំងនៅថ្ងៃទី១៨ ខែសីហា ក្នុងរូបភាពប្រឆាំងដដែលនោះ បានបរាជ័យថែមទៀត។ នៅថ្ងៃទី១៨ ខែសីហានោះ មិនមានការធ្វើបាតុកម្មណាមួយដូចក្រុមប្រឆាំងបានគ្រោងទុកនោះឡើយ។ កងកម្លាំងប្រដាប់អាវុធដែលមានកិច្ច សហការជាមួយនឹងប្រជាពលរដ្ឋ ថែមទាំងបានឃាត់ខ្លួនជនសង្ស័យ៣១នាក់ថែមទៀត ជាមួយនឹងការដកហូតវត្ថុតាងមួយចំនួន ដូចជា ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ចំពាមកៅស៊ូ និងគ្រាប់ដែកជាដើម។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជួនទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោសតាមច្បាប់។

ចលនាជាតិរួមគ្នាប្រឆាំងនឹងឧបាយកលរបស់ក្រុមឧទ្ទាមក្បត់ជាតិ វេលាចុងក្រោយនេះ ត្រូវបានគេឃើញថា បានដាស់ការភ្ញាក់រលឹកដល់មនុស្សជាច្រើន ដែលធ្លាប់លង់នឹងឧបាយកលរបស់ក្រុមក្បត់ជាតិទាំងនោះកាលពីមុន ដោយពួកគេបានសារភាពនូវកំហុស និងបានងាកមករកផ្លូវត្រូវ ក្នុងការរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីការជួយរក្សាប្រទេសជាពិសេសការទ្រទ្រង់និង លើកតម្កើងសន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។

ចលនាជាតិ បន្តរួមគ្នាជាមួយរាជរដ្ឋាភិបាល ត្រៀមបំផ្លាញរាល់ឧបាយកលនានា

គេមិនរំពឹងថា ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នឹងមិនបោះបង់នូវគម្រោងការណ៍នៃឧបាយកលទុច្ចរិតរបស់ខ្លួន ដែលព្យាយាមណាស់ក្នុងការចង់ទាញឱ្យប្រទេសជាតិ ដែលមានសន្តិភាពឱ្យធ្លាក់ចូលក្នុងអំពើចលាចលនិងសង្គ្រាមនោះ។ ម្យ៉ាងទៀត ទណ្ឌិតរូបនេះតែងឆក់ឱកាសជានិច្ច ដោយរង់ចាំមើលឱ្យតែមានការផ្លាស់ប្តូរការដឹកនាំ ឬ ទម្លាក់មេដឹកនាំរដ្ឋាភិបាលបរទេស កើតនៅក្នុងប្រទេសណាមួយ ជាពិសេសតាមចលនាបដិវត្តន៍ពណ៌ ដូចជានៅក្នុងប្រទេសបង់ក្លាដេស្ហកន្លងមកនេះជាដើម ដោយពួកគេតែងឆ្លៀតយកឱកាសនោះ និយាយញុះញង់ឱ្យសកម្មជនធ្វើសកម្មភាពទម្លាក់រដ្ឋាភិបាលខ្មែរ តាមភាពស្រមើស្រមៃ ដោយមិនគិតពីសុខទុក្ខ របស់សកម្មជនទាំងនោះឡើយ។

សម រង្ស៊ី និងបក្ខពួក ត្រូវដឹងថា ការប្រើប្រាស់វិធីញុះញង់ហិង្សាតាមបែបបដិវត្តន៍ពណ៌ ដោយចង់ផ្តួលរំលំរាជរដ្ឋាភិបាលដែលជាប់ឆ្នោត នឹងមិនអាចសម្រេចបានឡើយ។ មានវិធីតែមួយគត់ ដែលចង់ផ្លាស់ប្តូរ គឺការបោះឆ្នោតរយៈពេល៥ឆ្នាំម្តង តាមគន្លងលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះបើសិនជាចង់យកឈ្នះលើគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចត្រូវរង់ចាំដល់ខែកក្កដា ឆ្នាំ២០២៨ ដែលនឹងមានការបោះឆ្នោតសកលសាជាថ្មី។ វិធីហិង្សាដោយផ្លូវកាត់ណាមួយ គឺជាការនាំទុក្ខទោសវិញដល់ក្រុមបំពានច្បាប់តែប៉ុណ្ណោះ និងវិធីផ្លូវកាត់មិនស្របតាមបែបលទ្ធិប្រជាធិបតេយ្យនោះ នឹងមិនអាចកើតទៅរួចបានឡើយ តាមរយៈចលនាជាតិរបស់ខ្មែរក្នុងស្រុក ដែលពង្រឹងកិច្ចសហការជាមួយ និងរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រោមម្លប់សន្តិភាពដែលត្រួសត្រាយរកបានដោយលំបាករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕