សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបន្តផ្តល់គោលនយោបាយអនុគ្រោះនានា ដើម្បីគាំទ្រដល់វិស័យកសិកម្មរបស់កម្ពុជា
នៅវេលារសៀល ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។
មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ រួមទាំងអាណត្តិទី៧នេះ មិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ។ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយាអាទិភាពចំនួន ៣ សម្រាប់វិស័យកសិកម្មគឺ ទី១) ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ទី២) ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាម ឃុំ-សង្កាត់ និង ទី៣) ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ។ កម្មវិធីគោលនយោបាយទាំងបីនេះ បាន និង កំពុងអនុវត្តយ៉ាងសកម្ម ដែលក្នុងនោះមានកម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ របស់រាជរដ្ឋាភិបាលសម្រាប់រក្សាលំនឹងតម្លៃស្រូវ ។ សម្រាប់ការបញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ ក៏បានជ្រើសរើស និងបណ្តុះបណ្តាលបានចំនួន ២៥០ នាក់ រួចហើយ និងគ្រោងប្រឡងជ្រេីសបន្ថែមដល់ចំនួន១០០០នាក់នៅឆ្នាំក្រោយ ដេីម្បីពន្លឿនកាលដាក់ពង្រាយមន្រ្តីកសិកម្មសម្រាប់ជួយផ្តល់បច្ចេកទេសកសិកម្មដល់ប្រជាកសិករនៅតាមឃុំ-សង្កាត់ក្នុងការរៀបចំស្តង់ដា និងបង្កេីនប្រសិទ្ធិភាព ដែលអាចកាត់បន្ថយថ្លៃដេីមផលិត និងបង្កេីនផលិតភាពដេីម្បីបង្កេីនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ចំពោះការអភិវឌ្ឍកសិកម្មទំនើប ក៏បានបង្កើតសហគមន៍ចំនួន ៨ ដែលគ្របដណ្តប់លើផ្ទៃដីចំនួនជិត ២.០០០ ហិកតា ហើយក្នុងនោះ ក៏មានសហគមន៍សម្រាប់ផលិតកម្មស្រូវផងដែរ ។
សម្តេធិបតី បានបន្ថែមទៀតថា ក្នុងបរិបទនៃសេដ្ឋកិច្ចមិនទាន់នឹងនរ រាជរដ្ឋាភិបាលបានជួយដល់ប្រជាពលរដ្ឋតាមរូបភាព ២ គឺការឧបត្ថម្ភជាសាច់ប្រាក់ និងការលើកលែង ឬបន្ធូរបន្ថយពន្ធអាករ ។ ក្នុងរូបភាពទី១ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់តាមរយៈវិស័យសង្គមកិច្ច ដែលកន្លងទៅមានការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ និងប្រជាពលរដ្ឋរងសម្ពាធដោយវិបត្តិជំងឺកូវីដ-១៩សរុបចំនួនប្រមាណ ៧០ ម៉ឺន គ្រួសារ ស្មើនិង ២ លាន ៨សែន នាក់ ដោយចំណាយអស់ថវិកាជាង ១.៤០០ លានដុល្លារអាមេរិក ហេីយបច្ចុប្បន្ន រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលមានប្រជាពលរដ្ឋជាង៥៦ម៉ឺនគ្រួសារ ក្រៅពីនោះក៍មានកម្មវិធីឧបត្ថមផ្សេងៗ ដូចជាការឧបត្ថមសា់ប្រាក់ដល់ស្រី្តមានផ្ទៃពោះ និងកុមារមានអាយុក្រោមពីរឆ្នាំ។ រូបភាពទី២ គឺរាជរដ្ឋាភិបាលបាន ផ្តល់ការអនុគ្រោះដល់វិស័យឯកជន ដូចជាការមិនយកពន្ធ ឬបន្ថយពន្ធ ដោយក្នុងនោះមាន ការលើកលែងពន្ធប្រចាំឆ្នាំលើដីកសិកម្ម, ការលើកលែងពន្ធលើដីសម្បទានសេដ្ឋកិច្ចដែលពាក់ព័ន្ធកសិកម្ម, សហគ្រាសកសិកម្មដែលអាចសុំការអនុគ្រោះតាមគម្រោងមានលក្ខណៈគ្រប់គ្រាន់អនុគ្រោះពន្ធអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋលើការនាំចូល និងការផ្គត់ផ្គង់លើទំនិញមួយចំនួនដូចជា ជី ពូជដំណាំ ចំណីសត្វផ្សេងៗ ការលើកលែងអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ ជាដើម ។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអះអាងបន្ថែមទៀតថា រាជរដ្ឋាភិបាលនៅតែបន្តគោលនយោបាយអនុគ្រោះនានា ដើម្បីគាំទ្រដល់វិស័យកសិកម្មរបស់កម្ពុជា ៕