Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1996
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យនីត្យានុកូលភាព» ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការ គណៈរដ្ឋមន្ត្រី និង ធ្វើបទឧទ្ទេស​នាមដោយឯកឧត្តមបណ្ឌិត ហេង វង្សប៊ុនឆាត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះស្តីការគណៈរដ្ឋមន្ត្រី ក្រុម​ប្រឹក្សាអ្នកច្បាប់ និង​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងនិស្សិត សរុបប្រមាណ ៥០០នាក់ ។​
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា នេះជាលើកទី៧ហើយ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលបែបនេះ ក្នុងទិសដៅបន្តកសាង និងពង្រឹងធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចជារបស់ស្ថាប័នពាក់ព័ន្ធ ដែលមានបំណងចង់សិក្សារៀន​សូត្រ។ ឯកឧត្តម វង្សី វិស្សុត បានស្នើដល់មន្រ្តីទាំងអស់ ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងចំណេះដឹងជាប់ជាប្រចាំ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ «Life-long learning» ដោយធ្វើការផង និងរៀនផង ហើយរៀនក្នុងស្ថាប័នខ្លួនឯងផង និងរៀនពីខាងក្រៅផង ដើម្បីបន្តរក្សាខ្លួនជាមនុស្សដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ប្រធានបទស្តីពី«ការត្រួតពិនិត្យនីត្យានុកូល​ភាព» ពិតជាមានសារសំខាន់និងឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការ​របស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ក្នុងនោះមានទាំងការងារកំណែទម្រង់ច្បាប់ និងអភិបាលកិច្ចល្អ។
ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឋាមពល និងភាពជាក់ស្តែងនិយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមុំទី១ បានកំណត់យក “ការពង្រឹងនិងការកែទម្រង់ស្ថាប័ន” ជាចំណុចចាំបាច់និងស្នូល តាមរយៈការបន្តកែទម្រង់ស្ថាប័ននិងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារនៅក្នុង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន ទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យនិងការវាយតម្លៃលើការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រ​​នានា របស់រាជរដ្ឋាភិបាល ក្នុងបរិការណ៍ដ៏ស្មុគស្មាញនៃសង្គម‑សេដ្ឋកិច្ច ទាំងក្នុងនិងក្រៅប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី៤បានកំណត់យកការលើកកម្ពស់និងពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ មានគោលដៅពង្រឹងគោលការណ៍នីតិរដ្ឋ ពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌ ដែលជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានាថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ។
ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា នៅក្នុងសង្គមប្រជាធិបតេយ្យនិងនីតិរដ្ឋ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ដែលនៅក្នុងនោះ មានចែងអំពីគោលការណ៍ធំៗជាច្រើន ដូចជា ស្ថាប័ននយោបាយនិងធម្មនុញ្ញ ស្ថាប័នធានាការអនុវត្ត​ច្បាប់ សិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋ ប្រព័ន្ធសេដ្ឋកិច្ច សំដៅធានានិរន្តរភាពនិងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋ ដែលយកប្រជាជនជាធំ។ ការធានានូវអនុលោមភាពនិងការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ ទាំងក្នុងន័យចង្អៀតនិងទូលាយ គឺជាយន្តការចំបងមួយ ហើយ ប្រទេសជាច្រើន រួមទាំងកម្ពុជាបានបង្កើតឱ្យមានយន្តការត្រួតពិនិត្យធម្មនុញ្ញភាព ដើម្បីធានាថារាល់ច្បាប់ទាំងអស់ត្រូវតែមានអនុលោមភាពជាមួយរដ្ឋធម្មនុញ្ញនេះ។ បន្ថែមពីលើការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ការធានានីត្យានុកូលភាពនៃសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរសាធារណៈ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ទាំងនៅក្នុងការដាក់ចេញលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់ ទាំងសកម្មភាព ទាំងការសម្រេចចិត្ត គឺជាកិច្ចការងារសំខាន់ផងដែរ ហើយដែលជាប្រធានបទនៃវគ្គបណ្តុះបណ្តាលរបស់យើងនាថ្ងៃនេះ។ ហើយមិនតែប៉ុណ្ណោះ មាត្រា៥២ នៃរដ្ឋធម្មនុញ្ញ និង មាត្រា៤និងមាត្រា៦នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ​រដ្ឋមន្ដ្រី ឆ្នាំ២០១៨ បានកំណត់យ៉ាងច្បាស់ពីតួនាទីរបស់រាជរដ្ឋាភិបាល ដែលជាអ្នកធានានិងការពារនីត្យានុកូលភាពផង និងការអនុវត្តច្បាប់ ផង។

ឯកឧត្តម វង្សី វិស្សុត​ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ដែលជាយន្តការដឹកនាំ ស​ម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។ ក្នុងនាមជាប្រធាន គ.ក.ច. ឯកឧត្តម វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំលើកទី១ របស់   គ.ក.ច. កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ដើម្បីពិភាក្សាលើសេចក្តីព្រាងឯកសារ ចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់។ ឯកឧត្តមបន្តថា ឯកសារទាំងនេះនឹងកំណត់បញ្ហាជាសារវន្តមួយចំនួនពាក់ព័ន្ធនឹងចក្ខុវិស័យ​បេស​កកម្ម យុទ្ធសាស្ត្រគន្លឹះ យុទ្ធសាស្ត្រគាំទ្រ យន្តការគាំទ្រ និងផែនការសកម្មភាពការងារកែទម្រង់ របស់ គ.ក.ច. ដោយរួមទាំងការបកស្រាយអំពីនីត្យានុកូលភាពផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម បណ្ឌិត ហេង វង្សប៊ុនឆាត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាវាគ្មិនកិត្តិយស ពោរពេញដោយសមត្ថភាព និងបទពិសោធ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃស្ម័គ្រចិត្តចែករំលែកចំណេះដឹងនិងបទពិសោធដល់វគ្គបណ្តុះបណ្តាលនេះ។

អត្ថបទទាក់ទង