Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ ២០២៩

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ 426
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ ២០២៩ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ ២០២៩

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ ចូលរួមពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អ រៀបចំការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នេះឡើង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវវិធានការកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និង កីឡា តាមរយៈការបន្តការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការធ្វើប្រតិភូកម្មការងារ និងការផ្តល់គាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សជំនាញកីឡា និងការកែទម្រង់ការប្រកួតកីឡាជាដើម។

សមិទ្ធផលជាក់ស្តែង នៅឆ្នាំ២០២៣ កន្លងទៅ ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេង ព្រមទាំងទទួលបានការកោតសរសើរពីប្រទេសក្នុងតំបន់ និងពិភពលោក ទាំងលើទិដ្ឋភាពនៃការរៀបចំ និងការទទួលបានមេដាយពីការប្រកួតសរុបចំនួន ២៨២ គ្រឿង ដោយឈរលេខរៀងទី៤ ក្នុងចំនួន១១ ប្រទេស ក្នុងតំបន់អាស៊ាន និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជាទទួលបានមេដាយសរុប ៧៣ គ្រឿង ដោយឈរលេខរៀងទី ៨ ក្នុងចំនួន ១១ ប្រទេស ក្នុងតំបន់អាស៊ាន។

ជាមួយគ្នានោះ សម្តេចបវរធិបតី បានលើកឡើងថា ការរៀបចំការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២ នេះ ជាឱកាសថ្មីមួយទៀត ដែលបានបង្ហាញអំពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមខ្លួនរួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី ៦ នៅឆ្នាំ ២០២៩។ ម៉្យាងវិញទៀត ការរៀបចំព្រឹត្តិការណ៍កីឡាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ក៏ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារ ពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ ជាដើម ដែលនេះគឺជាការខិតខំប្រឹងប្រែងរបស់កម្ពុជា មួយជំហានទៀតក្នុងការបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីភាពជាតិ និងកម្លាំងសេដ្ឋកិច្ច កម្ពុជា។

ក្នុងពិធីនោះ សម្តេចបវរធិបតី បានបញ្ជាក់ថាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ ២០២៩ ហើយការសម្រេចធ្វើជាម្ចាស់ផ្ទះនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើសមត្ថភាពពេញលេញ និងការកៀរគរធនធានចាំបាច់ និងគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់អាស៊ីដ៏ធំនេះឱ្យបានល្អ និងរលូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡា យុវជនអាស៊ីឆ្នាំ២០២៩ កម្ពុជា មានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ឱ្យទទួលបានបទពិសោធល្អក្នុងការចូលរួមការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង