Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

លិខិតមិត្តអ្នកអាន៖ «ទិវាសន្តិភាពនៅកម្ពុជា» គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ

ដោយ៖ Yeung Sreypoch ​​ | 20 ម៉ោងមុន ទស្សនៈ - នយោបាយ ព័ត៌មានជាតិ 150
លិខិតមិត្តអ្នកអាន៖ «ទិវាសន្តិភាពនៅកម្ពុជា» គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ លិខិតមិត្តអ្នកអាន៖ «ទិវាសន្តិភាពនៅកម្ពុជា» គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ

បើគិតមកដល់ឆ្នាំ២០២៤នេះ គឺជាខួបលើកទី២៦ឆ្នាំ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) នៃនយោបាយឈ្នះ-ឈ្នះ ដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសបានរស់នៅប្រកបដោយភាពសុខសាន្ដក្រោមដំបូលនៃសុខសន្ដិភាព ហើយតាមរយៈការទទួលបាននូវសុខសន្ដិភាពនេះ គឺដោយសារតែការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាអគ្គស្ថាបនិកនៃនយោបាយឈ្នះ ឈ្នះ និងជាបិតានៃសន្ដិភាពនៅកម្ពុជា។

ដើម្បីជាការឆ្លើយតប ទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្រ្គាម និងដើម្បីរំលឹកដល់គុណូបការៈដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះប្រកបដោយជោគជ័យ នាំមកនូវសុខសន្តិភាពពេញលេញនិងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ការរៀបចំទិវាសន្តិភាពនៅកម្ពុជា គឺជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខសោកលំបាកវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានាដែលបង្កឡើងដោយសង្រ្គាម និងការបែកបាក់ជាតិ ព្រមទាំងការបំផុសស្មារតីនេះដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមសង្រ្គាម យល់ដឹងកាន់តែច្បាស់អំពីគុណតម្លៃនៃសុខសន្តិភាព រួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាពនៅកម្ពុជា ជាពិសេសការចូលរួមការពារឱ្យបានដាច់ខាតនូវសុខសន្តិភាពដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព។

ការទទួលបាននូវសុខសន្ដិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិរហូតដល់ពេលនេះ ក៏បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាដែលកំពុងទទួលបានផលប្រយោជន៍ពីសុខសន្តិភាព អរគុណសន្ដិភាព អរគុណមគ្គុទេ្ទសក៏ឯកនៃសន្ដិភាព និងអរគុណប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះប្រៀបដូចពាក្យចាស់បុរាណមួយបានពោលថា «ផឹកទឹក ត្រូវនឹកដល់ប្រភព» ដូច្នោះដែរ។ ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិតជាមានសេចក្តីត្រេកអរសប្បាយរីករាយឥតឧបមា និងចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនអនេករបស់កម្ពុជា ដែលប្រៀបដូចជាផ្កាកំពុងរីកស្គុះស្គាយនៅក្រោមពន្លឺនិងសន្សើមនៃសន្តិភាព។

«ទិវាសន្តិភាពនៅកម្ពុជា» ក៏ជាសារសម្រាប់បង្ហាញទៅកាន់ពិភពលោក ក៏ដូចជាបង្ហាញប្រជាពលរដ្ឋខ្មែរថា សន្តិភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះត្រូវចងចាំជានិច្ច និងមិនត្រូវបំភ្លេចនោះឡើយ ព្រោះថាសន្តិភាពនេះហើយ ដែលបាននិងកំពុងធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យដូចបច្ចុប្បន្ននេះ។

រាជរដ្ឋាភិបាល ដែលបានដឹកនាំកសាងជាតិដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំបន្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តចាត់ទុក «សន្តិភាព» គឺជាកត្តាចាំបាច់បំផុតមិនអាចខ្វះបានប្រៀបបីដូចជា ខ្យល់អុកស៊ីហ្សែន ដែលយើងត្រូវការដកដង្ហើមជារៀងរាល់ថ្ងៃ ព្រោះថា ប្រសិនបើកម្ពុជាបាត់សន្តិភាព ក៏មិនមានឱកាសកសាងនូវសមិទ្ធផលនានាបានដែរ ហើយលើសពីនេះទៀត វានឹងត្រូវធ្លាក់ចុះអន្តរាយខ្ទេចខ្ទីហិនហោច«ថែមទៀតផង។

សរុបមកវិញ «ទិវាសន្តិភាពនៅកម្ពុជា» ពិតជាមានអត្ថន័យសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជាតិខ្មែរយើង ដែលយើងត្រូវនាំគ្នាចូលរួមថែរក្សាការពារសន្តិភាពឱ្យបានទោះក្នុងតម្លៃណាក៏ដោយ ព្រោះភាពជាក់ស្តែង បានបង្ហាញហើយថា «មានសន្តិភាព ទើបមានការអភិវឌ្ឍ» ហើយមានការអភិវឌ្ឍទើបមានការរីកចម្រើនលើគ្រប់វិស័យ៕

ដោយ៖ មាន មេត្តា