ទស្សនៈមិត្តអ្នកអាន៖ «សុខសន្តិភាព» គឺជាដើមទុនដ៏សំខាន់បំផុត ក្នុងការកសាងនិងអភិវឌ្ឍជាតិ
បន្ទាប់ពីធ្វើការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំប្រទេសកម្រិតទ្រង់ទ្រាយធំ នៅខែសីហាឆ្នាំ២០២៣ ក្រោយការបោះឆ្នោតសកលដោយជោគជ័យនៅកម្ពុជា និងបន្ទាប់ពីចូលកាន់តំណែងបន្តវេនពីរាជរដ្ឋាភិបាលអាណត្តិទី៦ រាជរដ្ឋាភិបាលអាណតិ្តទី៧ របស់ប្រមុខដឹកនាំវ័យក្មេងកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងរក្សាបាននូវជំហរដ៏រឹងមាំ ការពារសុខសន្តិភាពជាចម្បង រក្សាស្ថិរភាពសង្គម និងបានបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ប្រកបដោយភាពវៃឆ្លាត ស្វាហាប់ និងប្រសិទ្ធភាពខ្ពស់ បន្តពី សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា។ ក្នុងអាណត្តិថ្មីទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងគោលនយោបាយដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ប្រកបដោយមហិច្ឆតាខ្ពស់។ ប្រមុខដឹកនាំកម្ពុជានាពេលបច្ចុប្បន្ន និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺផ្តល់អាទិភាពខ្ពស់បំផុតលើគោលការណ៍សន្តិភាពជាគ្រឹះ ព្រោះការអភិវឌ្ឍទៅមុខបាន គឺត្រូវផ្តើមចេញពីសុខសន្តិភាព។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបច្ចុប្បន្នចាត់ទុកថា សុខសន្តិភាពគឺកេរ្តិ៍មរតកដ៏មានតម្លៃ និងជាដើមទុនដ៏ធំបំផុត ដែលត្រូវតែរក្សាការពារឱ្យបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។
ប្រជាជនត្រូវបានប្រមុខដឹកនាំកម្ពុជា តែងចាត់ទុកជាចៅហ្វាយនាយ ហើយការដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗជាច្រើនសន្ធឹកសន្ធាប់ គឺផ្តោតសំខាន់លើតម្រូវការរបស់ប្រជាជនជាធំ។ សម្តេចតេជោ ធ្លាប់រំលឹកជារឿយៗថា រដ្ឋាភិបាលគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មន្ត្រីទាំងអស់ត្រូវចាត់ទុកសុខទុក្ខរបស់ប្រជាជន គឺជាការងារអាទិភាពបំផុតរបស់ខ្លួន។ បន្តមកដល់រាជរដ្ឋាភិបាលសព្វថ្ងៃ ក៏បែបនេះដែរ ប្រជាជនគ្រប់ស្រទាប់វណ្ណៈមិនត្រូវបានរើសអើងឡើយ រាជរដ្ឋាភិបាលតែងតែខិតខំផ្តល់នូវអត្ថប្រយោជន៍នានាដល់ប្រជាជនតាមគ្រប់វិធីសាស្ត្រ ដូចជាការខិតខំផ្តល់ឱ្យប្រជាជន មានឱកាសពេញលេញទទួលបានការសិក្សារៀនសូត្រទាំងចំនេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈ ខិតខំកែលម្អនិងផ្តល់នូវសេវាសុខាភិបាលកាន់តែងាយស្រួលមានប្រសិទ្ធភាព និងចំណាយតិច ខិតខំកសាងផ្លូវស្ពានគ្រប់ទិសទី ឱ្យប្រជាជនបានធ្វើដំណើរ និងរកទទួលទានបានកាន់តែងាយស្រួល ខិតខំស្វែងរកទីផ្សារកសិផលជូនកសិករ ខិតខំដោះស្រាយបញ្ហាប្រព័ន្ធទឹកស្រោចស្រព ទឹកស្អាតសម្រាប់បរិភោគ និងភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់ តាំងពីទីក្រុងដល់ទីជនបទ។ ជាពិសេសជាងនេះទៅទៀត រាជរដ្ឋាភិបាលបានគិតគូជានិច្ចពីសុខទុក្ខកម្មករ-កម្មាការិនី ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការជួយឧបត្ថម្ភគាំទ្រជានិច្ចដល់គ្រួសារពលរដ្ឋដែលងាយរងគ្រោះ ពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងហានិភ័យតាមគ្រប់រូបភាព។
បើយើងក្រឡេកមើលទីក្រុង ទីប្រជុំជន និងគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា បាននិងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនរហ័ស តាមរយៈវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ កាន់តែល្អប្រសើរឡើង ទាំងស្ពានវែងឆ្លងទន្លេ និងសមុទ្រ ស្ពានអាកាស ផ្លូវល្បឿនលឿន ផ្លូវកៅស៊ូនិងបេតុងរលោងស្រិលកាន់តែច្រើនឡើង និងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះបានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កម្ពុជា ដែលផ្ទុយស្រឡះពីរូបភាពដែលកម្ពុជាទើបចាប់ផ្តើមកសាងជាតិឡើងវិញពីបាតដៃទទេរនៅដើម្បី១៩៧៩ ដែលពេលនោះអ្វីក៏អត់ខ្សត់គ្រប់យ៉ាង។
ជាការពិតណាស់ នាពេលបច្ចុប្បន្ន បើទោះបីប្រទេសជាច្រើនលើពិភពលោក បាននិងកំពុងទទួលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីបញ្ហាសង្គ្រាម និងជម្លោះនៅតាមបណ្តាប្រទេសមួយចំនួនលើសកលលោក ប៉ុន្តែកម្ពុជានៅតែបន្តរក្សាបានកំណើនសេដ្ឋកិច្ចរបស់ខ្លួន បានរឹងមាំ និងមានលំនឹងល្អ។ បើយោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមាន ៥,៨% សម្រាប់ឆ្នាំ២០២៤ និង ៦% សម្រាប់ឆ្នាំ២០២៥។ កំណើនសេដ្ឋកិច្ចនេះបានមកពីកំណើននៃ វិស័យវាយនភណ្ឌ កសិកម្ម និងទេសចរណ៍ ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ កម្លាំងចលករទាំងនេះ បាននាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើនរឹងមាំនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។ ដោយសារស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ និងមានកំណើនវិជ្ជមាននេះហើយ បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងជាលំដាប់ ទោះមិនល្អដូចស្ថានភាពមុនវិបត្តិជំងឺឆ្លងកូវីដ-១៩ក្តី។ ពេលនេះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកំពុងត្រៀមរៀបចំទទួលឆ្នាំថ្មី ឆ្នាំសាកល២០២៥ ដោយក្តីអំណរសាទរ និងរីករាយជាទីបំផុត និងមានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ទីមរណីយដ្ឋាននានានៅទូទាំងប្រទេស ក៏ដូចជាធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសផងដែរ។ ជាក់ស្តែង សណ្ឋាគារ និងផ្ទះសំណាក់នៅតាមតំបន់ទេសចរណ៍នានា ត្រូវបានកក់ស្ទើរតែពេញ ដើម្បីចូលរួមកម្សាន្តក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៤-២០២៥ ខាងមុខនេះ។ ទន្ទឹមគ្នានេះ នៅតាមបណ្តាខេត្ត ក្រុង បានរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ដោយមានការប្រគុំតន្ត្រី ការតុបតែងទីក្រុង ការរាប់ថយក្រោយ ការបាញ់កាំជ្រួច និងបង្ហោះគោម ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយអ្វីដែលរិតតែពិសេសនោះគឺ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនឹងរៀបចំកម្មវិធី «សាទរកម្ពុជា» លើកដំបូងនៅថ្ងៃឆ្លងឆ្នាំសកល ២០២៥ នៅមុខសួនព្រះបរមរាជរាំង ដែលបានផ្សារភ្ជាប់អំពីវប្បធម៌ កេរ្តិ៍ដំណែលដូនតាខ្មែរ ពិសេសប្រជាពលរដ្ឋអាចចូលរួមលេងកម្សាន្ត និងឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិយើង។ ទិដ្ឋភាពសប្បាយរីករាយនឹងបន្តកើតមានជាបន្តបន្ទាប់ក្នុងទឹកដីកម្ពុជា ឱ្យតែកម្ពុជារក្សាបានសុខសន្តិភាព ព្រោះជាក់ស្តែងណាស់ខណៈពេលនេះ មានប្រទេសមួយចំនួនមិនមានឱកាសប្រារព្ធពិធីសប្បាយរីករាយអបអរសាទរដូចកម្ពុជានោះទេ ហើយបាននិងកំពុងស្ថិតក្នុងស្ថានភាពវឹកវរ ចលាចល និងសង្គ្រាម ដែលបំផ្លាញខ្ចេចខ្ទីអស់ ដែលនេះគឺជាសោកនាដកម្មនៃ ដែលគ្មានពលរដ្ឋប្រទេសណាមួយចង់ជួបឡើយ។
ដូច្នេះហើយ សន្តិភាពមានតម្លៃលើសលប់មិនអាចកាត់ថ្លៃបាន។ សន្តិភាពគឺជាដើមចមដែលផ្តល់ឱ្យប្រជាពលរដ្ឋរស់នៅដោយគ្មានការភ័យខ្លាច មានសិទ្ធិប្រតិបត្តិជំនឿសាសនា មានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេសដោយរីករាយ។ សុខសន្តិភាព ក៏បានផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាលទាក់ទាញអ្នកវិនិយោគពីបរទេសមកដាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនឡើងផងដែរ។ សន្តិភាពបានផ្តល់ឱកាសឲ្យយើងអាចទាក់ទាញភ្ញៀវទេសចរបរទេសរាប់លាននាក់មកទស្សនាកម្ពុជា ដែលជាឧស្សាហកម្មគ្មានផ្សែងជួយផ្តល់ចំណូលដល់ពលរដ្ឋជាច្រើនលាននាក់ ខណៈកម្ពុជាជាទឹកដីសុវណ្ណភូមិ និងជាទឹកដីដែលមានប្រវត្តិដ៏ចំណាស់ដែលមានអរិយធម៌ដ៏រុងរឿង។ សុខសន្តិអភាព ក៏បានផ្តល់ឱកាសឱ្យយើងបាននាំយកកសិផល និងផលិតផលជាច្រើនមុខរបស់យើងទៅលក់នៅបរទេសផងដែរ។
ជារួមមកវិញ គុណតម្លៃនៃសុខសន្តិភាព គឺជាកត្តាកំណត់ក្នុងការសម្រេចឲ្យបាននូវការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។ ក្នុងគោលដៅឆ្ពោះទៅកាន់ប្រទេសអភិវឌ្ឍដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាលើកកម្ពស់នូវវប្បធម៌សន្តិភាព ជាពិសេសការចូលរួម និងថែរក្សាការពារឲ្យបានជាដាច់ខាតនូវសុខសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិនិងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់សម្រាប់យើងទាំងអស់គ្នា។ សូមចងចាំជានិច្ចថា «សន្តិភាពដើម្បីយើងទាំងអស់គ្នា យើងទាំងអស់គ្នាដើម្បីសន្តិភាព»៕
ដោយ៖ សុខ សុវណ្ណ