ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធបណ្តឹងតវ៉ា របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធលើបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានប់កកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យសម្រេចលើពាក្យបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងសម្រេចលើបណ្ដឹងចំនួនពីរ ៖
១.បណ្ដឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ២៣៣ គ.ជ.ប ស.ស.រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ (ម្ភៃប្រាំ) មណ្ឌល រាជធានី ខេត្ត។
២.បណ្ដឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរប្ដឹងសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ សម្រេចពីលទ្ធភាពស្តីពីការចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។
បន្ទាប់បីដំណើរការនៃកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ចប់ជាស្ថាពររួចមក ក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំឱ្យមានសន្និសីទសារព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ។
បន្ទាប់ពីបើកសាវនាការពេញមួយព្រឹកថ្ងៃទី២៥ខែឧសភា រួចមក ឯកឧត្តមកិត្តនីតិកោសលបណ្ឌិត អឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្ម យល់ឃើញថាពាក្យបណ្តឹងតំណាងគណបក្សភ្លើងទៀន ជាបណ្តឹងទាក់ទងស្មារតីនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា- គ.ជ.ប មានសមត្ថកិច្ចក្នុងការបដិសេធ មិនទទួលចុះបញ្ជីគណបក្សភ្លើងទៀន។ ក្រុមប្រឹក្សាធម្មនុញ្ញតម្កល់សេចក្តីសំរេចបដិសេធរបស់ គ.ជ.ប ទុកជាបានការតាមផ្លូវច្បាប់ បិទផ្លូវតវ៉ាទាំងពីរគណបក្ស។
សូមជម្រាបថា គណបក្សភ្លើងទៀន បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេច របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេចរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី ខេត្ត។ ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ ការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
សូមរម្លឹកថា គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។
សូមជម្រាបដែរថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលមាន៧ (ប្រាំពីរ) មណ្ឌលរាជធានី ខេត្ត ដោយមូលហេតុ គណបក្សមហាសាមគ្គីជាតិខ្មែរ មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ នឹងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
គណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕ By: ទាវ សារៈមុនិន្ទ