Khmer First Close

រដ្ឋបាលខេត្ដពោធិ៍សាត់ ចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញការផ្ដល់បទសម្ភាសន៍មិនពិត ពាក់ព័ន្ធនឹងតំបន់ការពារ អភិរក្ស និងស្តារគម្របបៃតងឡើងវិញផ្លូវអន្ទង់អាំង (ភ្នំ១៥០០)

ដោយ៖ សម្បត្តិ កិត្យា ​​ | 23 ម៉ោងមុន ព័ត៌មានជាតិ 146

រដ្ឋបាលខេត្ដពោធិ៍សាត់ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញការផ្ដល់បទសម្ភាសន៍មិនពិតរបស់បុគ្គល២រូប គឺឈ្មោះ សែម សុខគា និងឈ្មោះ លី ម៉ី ទៅកាន់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងតំបន់ការពារ អភិរក្ស និងស្តារគម្របបៃតងឡើងវិញផ្លូវអន្ទង់អាំង (ភ្នំ១៥០០)។

ជុំវិញការនិយាយមិនពិតរបស់បុគ្គលទាំងពីររូបខាងលើ រដ្ឋបាលខេត្ដពោធិ៍សាត់ធ្លាប់បានចេញសេចក្តីបំភ្លឺព័ត៌មានជូនសាធារណជនម្តងរួចហើយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ រដ្ឋបាលខេត្តពោធិ៍សាត់ គូសបញ្ជាក់បន្ថែមថា ទីតាំងដីដែលពួកគាត់ទាំង២នាក់បានលើកឡើងនៅ ក្នុងការសម្ភាសនោះ ជាទីតាំងដីដែលមិនស្ថិតនៅក្រៅតំបន់ដែលត្រូវបានកំណត់ជាតំបន់ការពារ អភិរក្ស និងស្តារ គម្របបៃតងឡើងវិញផ្លូវអន្លង់អាំង (ភ្នំ១៥០០) ដូចការលើកឡើងរបស់ពួកគាត់ទាំង២នាក់នោះទេ ហើយដីក្នុង ទីតាំងដែលបានកំណត់នេះ ពុំមានការផ្តល់កម្មសិទ្ធិជូនបុគ្គលណាម្នាក់ឡើយ។

ចំពោះទីតាំងជាក់លាក់ដែលបាន កំណត់ជាតំបន់ការពារ អភិរក្ស និងស្តារគម្របបៃតងឡើងវិញផ្លូវអន្ទង់អាំង (ភ្នំ១៥០០)នោះ គឺស្ថិតនៅភូមិ ដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់(អមសងខាងផ្លូវជាតិលេខ៥៥) ដែលគិតចេញពីព្រំដីដែល រាជរដ្ឋាភិបាលបានធ្វើអនុប្បយោគ និងប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋតាមរយៈការអនុវត្តបទបញ្ជា លេខ០១ បប (យន្តការក្រុមនិស្សិតវាស់វែងដី)ឡើងទៅភ្នំ១៥០០។

ទន្ទឹមនឹងការកំណត់ជាតំបន់ការពារ អភិរក្ស និងស្តារគម្របបៃតងឡើងវិញនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយស្ថាប័ន និងអ្នកពាក់ព័ន្ធបានដំណើរការ ដាំដើមឈើនៅសងខាងផ្លូវជាតិលេខ៥៥ និងទីតាំងមួយចំនួន នៃតំបន់ផ្លូវអន្ទង់អាំង (ភ្នំ១៥០០) សរុប ៥០.០០០ដើម ដើម្បីរួមចំណែកបង្កើនគម្របបៃតងឡើងវិញជាបណ្តើរៗផងដែរ៕