Khmer First Close

តើលោក ដូណាល់ ត្រាំ ចុះហត្ថលេខាចេញបញ្ជាអ្វីខ្លះនៅថ្ងៃទី១ ដែលលោកចូលកាន់តំណែង?

ដោយ៖ សម្បត្តិ កិត្យា ​​ | 19 ម៉ោងមុន ព័ត៌មានអន្តរជាតិ 190
តើលោក ដូណាល់ ត្រាំ ចុះហត្ថលេខាចេញបញ្ជាអ្វីខ្លះនៅថ្ងៃទី១ ដែលលោកចូលកាន់តំណែង? តើលោក ដូណាល់ ត្រាំ ចុះហត្ថលេខាចេញបញ្ជាអ្វីខ្លះនៅថ្ងៃទី១ ដែលលោកចូលកាន់តំណែង?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានចាប់ផ្ដើមអនុវត្តពាក្យសន្យារបស់លោក ជាមួយការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាបន្តបន្ទាប់ ហើយបទបញ្ជាទាំងនេះត្រូវបានរំពឹងថា កា្លយជាការចាប់ផ្ដើមផែនការធ្វើកំណែទម្រង់រដ្ឋាភិបាលសហព័ន្ធរបស់លោក។

ក្នុងថ្ងៃទី១នៃការវិលត្រឡប់ទៅកាន់សេតវិមានសម្រាប់អាណត្តិទី២ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើន ក្នុងនោះរួមមានទាំងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស ការផ្អាកការជ្រើសរើសបុគ្គលិកថ្មី ក្នុងរដ្ឋាភិបាលសហព័ន្ធ និងតម្រូវឱ្យបុគ្គលិករដ្ឋទាំងអស់ ត្រឡប់មកធ្វើឡើងនៅការិយាល័យវិញជាដើម។

ប៉ុន្មានម៉ោងក្រោយ នៅឯការិយាល័យពងក្រពើ លោក ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដែលលើកលែងទោស ឱ្យអ្នកដែលត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌពាក់ព័ន្ធនឹងការវាយប្រហារលើ វិមានសភា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ព្រមទាំងពន្យារពេលការបិទកម្មវិធី TikTok នៅសហរដ្ឋអាមេរិក និងធ្វើកំណែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។ តាមរយៈបទបញ្ជាទាំងនេះ លោក ត្រាំ បានប្រកាសថា «យុគសម័យមាស» របស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមហើយ។
ខាងក្រោមនេះជាបទបញ្ជាប្រតិបត្តិដែលលោក ត្រាំ បានចុះហត្ថលេខាក្នុងថ្ងៃទី១ នៃការចូលកាន់តំណែងជា ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក៖

* លើកលែងទោស និងបន្ធូរបន្ថយទោសឱ្យជនដែលត្រូវចោទក្នុងរឿងព្រហ្មទណ្ឌថ្ងៃទី៦ ខែមករា

នៅក្នុងចំណោមបទបញ្ជាប្រតិបត្តិដំបូងៗ លោក ត្រាំ បានប្រកាសអំឡុងការចាប់ផ្ដើមថ្ងៃទី១ នៃអាណត្តិទី២របស់លោកពីការលើកលែងទោសដល់មនុស្សភាគច្រើនដែលត្រូវបានចោទប្រកាន់ ជុំវិញ ការវាយប្រហារលើវិមានសភា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ នៅឯការិយាល័យពងក្រពើ កាលពីថ្ងៃចន្ទ លោក ត្រាំ បានបញ្ជាក់ទៀតថាការលើកលែងទោសនឹងគ្របដណ្ដប់លើមនុស្សជិត ១៥០០នាក់ ដោយក្នុងចំណោមពួកគេភាគច្រើនត្រូវបានលើកលែងទោសទាំងស្រុង និងខ្លះទៀតត្រូវបានបន្ធូរបន្ថយទោស។ ក្រុមរដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់មនុស្សច្រើនជាង ១៥៨០នាក់ ថាបានចូលរួមក្នុង សកម្មភាពវាយប្រហារវិមានសភា ហើយក្នុងចំណោមពួកគេទៀតសោត មានជិត ១២៧០នាក់ត្រូវបានកាត់ទោសឱ្យជាប់ពិរុទ្ធ។ មនុស្ស១៤នាក់ ក្នុងនោះរួមមានទាំងមេចលនា Proud Boys និង Oath Keepers ដែលត្រូវបានកាត់ទោសឱ្យជាប់ពិរុទ្ធ គឺត្រូវបានបន្ធូរបន្ថយទោស។

* ពន្យារពេលការបិទ TikTok

ដូចដែលបានសន្យានៅមុនថ្ងៃចូលកាន់តំណែង លោក ត្រាំ កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលពន្យារពេលការអនុវត្តបម្រាមលើការបិទប្រតិបត្តិការ TikTok នៅក្នុងសហរដ្ឋអាមេរិក ដើម្បីទុកពេលឱ្យក្រុមហ៊ុនសម្ព័ន្ធរបស់ TikTok លក់កម្មវិធីដ៏មានប្រជាប្រិយភាពរបស់ខ្លួន ឬក៏ត្រូវប្រឈមមុខនឹងការបិទ។ បទបញ្ជារបស់លោក ត្រាំ បានណែនាំឱ្យក្រសួងយុត្តិធម៌អាមេរិក កុំទាន់អនុវត្តបម្រាម នៅក្រោមច្បាប់ Foreign Adversary Controlled Applications Act ដែលត្រូវបានអនុម័តដោយមានការគាំទ្រយ៉ាងទូលំទូលាយ ពីសំណាក់តំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ នៅក្នុងសភាទាំង២ របស់សហរដ្ឋអាមេរិក និងដែលត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែមេសាកន្លងទៅ។

ច្បាប់នេះបានតម្រូវឱ្យក្រុមហ៊ុនអាមេរិកដូច Apple និង Google លុបចោលកម្មវិធី TikTok ចេញពី App Store ឬ Play Store របស់ខ្លួនត្រឹមថ្ងៃទី១៩ ខែមករាកន្លងទៅ លុះត្រាណាតែ TikTok ត្រូវបានលក់ ទៅឱ្យក្រុមហ៊ុនអាមេរិក ឬក្រុមហ៊ុនណាមួយនៅក្នុងប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ មុនឱសានវាទចូលមកដល់ TikTok បានបិទប្រតិបត្តិការរបស់ខ្លួនដែលមានអ្នកប្រើប្រាស់នៅអាមេរិក ជាង ១៧០លាននាក់។

តែមិនយូរប៉ុន្មាន TikTok បានបើកដំណើរការឡើងវិញ ក្រោយលោក ត្រាំ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា បានសន្យាថាស្វែងរកមធ្យោបាយមួយដើម្បីរក្សា TikTok ឱ្យបន្តប្រតិបត្តិការនៅអាមេរិក។ យ៉ាងណាក៏ដោយ អនាគតរបស់ TikTok នៅសហរដ្ឋអាមេរិកនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយវាមិនច្បាស់ថាតើក្រុមហ៊ុនចិន ByteDance ដែលជាមេរបស់ TikTok នឹងយល់ព្រមលក់ កម្មវិធីរបស់ខ្លួនឬក៏យ៉ាងណានោះទេ បើទោះជាអាចមានកិច្ចព្រមព្រៀងមួយស្របសម្រួលដោយលោក ត្រាំ ក៏ដោយ។ តាមបទបញ្ជារបស់លោក ត្រាំ ការបិទ TikTok ត្រូវពន្យារពេល ៧៥ថ្ងៃ។

* ចេញបទបញ្ជាលុបចោលបទបញ្ជារបស់លោក ចូ បៃដិន

លោក ដូណាល់ ត្រាំ បានលុបចោលបទបញ្ជាប្រតិបត្តិចំនួន ៧៨ ដែលចេញដោយលោក ចូ បៃដិន ហើយបទបញ្ជាទាំងនេះភាគច្រើនត្រូវបានលោក បៃដិន ចុះហត្ថលេខានៅពេលចូលកាន់តំណែងនៅថ្ងៃទី១។ បទបញ្ជាដែលត្រូវបានលុបចោលរួមមាន៖ បទបញ្ជាប្រតិបត្តិដែលអនុញ្ញាតឱ្យអ្នកធ្លាប់វះកាត់ប្ដូរភេទអាចចូលបម្រើការក្នុងជួរយោធា បទបញ្ជាដែលហាមឃាត់ការចាប់ផ្ដើមជាថ្មីនូវកុងត្រាពន្ធនាគារឯកជន បទបញ្ជាដែលដកគុយបា ចេញពីបញ្ជីប្រទេសគាំទ្រភេរវកម្ម បទបញ្ជាដាក់ទណ្ឌកម្មលើអ្នកតាំងទីលំនៅអ៉ីស្រាអែល នៅក្នុងតំបន់ West Bank រួមទាំងបទបញ្ជាកាត់បន្ថយហានិភ័យ AI ផងដែរ។

លោក បៃដិន ទើបតែដកគុយបា ចេញពីបញ្ជីភេរវករកាលពីពេលថ្មីៗនេះប៉ុណ្ណោះ និងបានដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៉ីស្រាអែលក្នុងតំបន់ West Bank កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយចោទថាពីបទប្រព្រឹត្ត អំពើហិង្សា។

* អន្តោប្រវេសន៍

អំឡុងសុន្ទរកថាស្បថចូលកាន់តំណែង លោក ត្រាំ បានប្រកាសថាលោកនឹងប្រកាសអាសន្នថ្នាក់ជាតិសម្រាប់តំបន់ព្រំដែនភាគខាងត្បូង។ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជានៅឯការិយាល័យពងក្រពើ កាលពីយប់ថ្ងៃចន្ទ ដែលអនុញ្ញាតឱ្យប្រើប្រាស់ធនធានរបស់មន្ទីរបញ្ចកោណ និងការដាក់ពង្រាយកងកម្លាំង ព្រមទាំងការសាងសង់ជញ្ជាំងព្រំដែន។ លោក ត្រាំ​ ថែមទាំងបានបិទការប្រើប្រាស់កម្មវិធី ឬ app មួយដែលអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ជូនដំណឹងទៅកាន់គយអាមេរិក និងឆ្មាំការពារព្រំដែន ពីបំណងចូលក្នុងសហរដ្ឋអាមេរិក និងសម្រួលដល់ការសុំសិទ្ធិជ្រកកោនទៀតផង។ លោក ត្រាំក៏បានចុះហត្ថលេខា ផងដែរលើបទបញ្ជាមួយដែលនឹងកំណត់និយមន័យឡើងវិញ ពី «ការចូលសញ្ជាតិពីកំណើត» ជានីតិវិធីមួយដែលកំណត់ថាអ្នកដែលកើតនៅសហរដ្ឋអាមេរិកនឹងទទួលបានសញ្ជាតិអាមេរិក ដោយស្វ័យប្រវត្តិ។
លើសពីនេះ អនុលោមតាមបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ជនអន្តោប្រវេសន៍ខុសច្បាប់នឹងត្រូវបានបណ្ដេញទ្រង់ទ្រាយធំចេញពីសហរដ្ឋអាមេរិក។

* ដកសហរដ្ឋអាមេរិកចេញពី WHO

លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានចេញបទបញ្ជាប្រតិបត្តិ ដើម្បីចាប់ផ្ដើមនីតិវិធីដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO ជាការសម្រេចចិត្តមួយដ៏សំខាន់ក្នុងការកាត់ផ្ដាច់ទំនាក់ទំនងជាមួយទីភ្នាក់ងារ សុខាភិបាលសាធារណៈរបស់អង្គការសហប្រជាជាតិមួយនេះ។ លោក ត្រាំ បានរិះគន់ជាយូរណាស់មកហើយលើ WHO ហើយរដ្ឋបាលរបស់លោកកាលពីអាណត្តិទី១ នៅខែកក្កដា ឆ្នាំ២០២០ បានប្រកាសថា នឹងដកសហរដ្ឋអាមេរិកចេញពីអង្គការមួយនេះ ក្នុងពេលដែលកូវីដ១៩ បន្តឆ្លងរាលដាលនៅពេលនោះ។ តែលោក ចូ បៃដិន បានចេញបទបញ្ជារារាំងការដកខ្លួនចេញពី WHO។

ជាមួយការចេញបទបញ្ជាប្រតិបត្តិ លោក ត្រាំ បានចោទប្រកាន់ថា WHO គ្មានសមត្ថភាពដោះស្រាយកូវីដ១៩ និងវិបត្តិសុខាភិបាលសកលផ្សេងៗទៀត ជាពិសេសគឺលោក ត្រាំ បានចោទទីភ្នាក់ងាររបស់ UN មួយនេះថារងឥទ្ធិពលពីចិន និងបានសមគំនិតជាមួយចិន ក្នុងការលាក់បាំង និងបំភ័ន្តប្រជាជនពិភពលោកពីប្រភពកូវីដ១៩។

* ផ្អាកជ្រើសរើសបុគ្គលិកសហព័ន្ធ និងតម្រូវឱ្យបុគ្គលិករដ្ឋត្រឡប់មកធ្វើការនៅការិយាល័យវិញ

លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដើម្បីផ្អាកការជ្រើសរើសបុគ្គលិកក្នុងរដ្ឋាភិបាលសហព័ន្ធ។ «ជាផ្នែកមួយនៃការផ្អាកនេះ គឺនឹងមិនមានការជ្រើសរើសបុគ្គលិកសហព័ន្ធថ្មីបន្ថែមទេ ចាប់ពីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយក៏គ្មានមុខតំណែងថ្មីត្រូវបង្កើតឡើងនោះដែរ លើកលែងតែមុខតំណែងនៅក្នុងជួរយោធា និងមុខតំណែងពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ សន្តិសុខជាតិ ឬសុវត្ថិភាព សាធារណៈ។ បទបញ្ជារបស់លោក ត្រាំ បានណែនាំឱ្យនាយកនៃការិយាល័យគ្រប់គ្រង និងកញ្ចប់ថវិកា ត្រូវពិគ្រោះយោបល់ជាមួយទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាលដែលជាអង្គភាពថ្មីមួយត្រូវបានលោក ត្រាំ បង្កើត ដើម្បីដាក់ជូនផែនការក្នុងរយៈពេល៩០ថ្ងៃ សំដៅកាត់បន្ថយវិសាលភាពនៃកម្លាំងពលកម្មរបស់រដ្ឋាភិបាលសហព័ន្ធ ជាមួយការបង្កើនប្រសិទ្ធភាពឱ្យកាន់តែល្អប្រសើរឡើង។

បន្ថែមពីលើនេះ បញ្ជាមួយផ្សេងទៀតរបស់លោក ត្រាំ ក៏តម្រូវដែរឱ្យក្រសួង និងទីភ្នាក់ងាររដ្ឋទាំងអស់ចាត់វិធានការចាំបាច់នានា ដើម្បីបិទបញ្ចប់ការធ្វើការពីផ្ទះ ហើយតម្រូវឱ្យបុគ្គលរដ្ឋទាំងអស់ត្រឡប់មកធ្វើការពេញម៉ោងនៅការិយាល័យ វិញ។ តែថ្នាក់ដឹកនាំក្រសួង និងទីភ្នាក់ងារអាចធ្វើការលើកលែងក្នុងករណីចាំបាច់។

ទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាល ឬហៅកាត់ថា DOGE ត្រូវបានលោក ត្រាំ បង្កើតឡើងឱ្យមហាសេដ្ឋីអាមេរិក លោក Elon Musk និងអ្នកជំនួញអាមេរិក លោក Vivek Ramaswamy ដឹកនាំ ក្នុងគោលបំណង កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងពង្រឹងប្រសិទ្ធភាពការងារ។ តែ DOGE មិនមែនជាក្រសួងថ្មីផ្លូវការរបស់សហរដ្ឋអាមេរិកនោះទេ ដូច្នេះគេនៅតែមានការសង្ស័យពីអំណាចរបស់ទីភ្នាក់ងារមួយនេះ និងថាតើទីភ្នាក់ងារនេះត្រូវធ្វើប្រតិបត្តិការយ៉ាងដូចម្ដេច?

* តម្កល់ប្រយោជន៍អាមេរិកជាធំ

ដោយដើរតាមគោលនយោបាយតម្កល់ប្រយោជន៍អាមេរិកជាធំ ឬ America First លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដោយប្ដូរឈ្មោះឈូងសមុទ្រម៉ិកស៉ិក (Gulf of Mexico) ទៅជា ឈូងសមុទ្រអាមេរិក (Gulf of America) និងប្ដូរឈ្មោះភ្នំ Denali ដែលជាភ្នំខ្ពស់ជាងគេនៅអាមេរិកខាងជើង ទៅជាភ្នំ McKinley ដោយយកឈ្មោះតាមអតីតប្រធានាធិបតីអាមេរិក លោក William McKinley។ ការប្ដូរឈ្មោះនេះត្រូវបានលោក ត្រាំ​ចាត់ទុកថាជាឧទ្ទិសដល់ភាពអស្ចារ្យរបស់សហរដ្ឋអាមេរិក។ ភ្នំ McKinley ត្រូវបានប្ដូរឈ្មោះទៅជាភ្នំ Denali ដោយអតីតប្រធានាធិបតីអាមេរិក លោក Barack Obama។

* បរិស្ថាន និងថាមពល

កាលពីថ្ងៃចន្ទ លោក ត្រាំ បានដកសហរដ្ឋអាមេរិកជាលើកទី២ ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលមានគោលដៅបង្ការកុំឱ្យកម្ដៅផែនដីកើនឡើងលើស ១.៥អង្សាសេ។ កាលពីអាណត្តិទី១ លោក ត្រាំ ក៏ធ្លាប់បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះដែរ តែសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន បានត្រឡប់ចូលរួមក្នុងកិច្ចព្រមព្រៀងនេះជាថ្មី។

គួរបញ្ជាក់ថា លោក ត្រាំ ក៏បានសន្យាដែរថានឹងប្រកាសអាសន្នថាមពលថ្នាក់ជាតិ ហើយពិនិត្យឡើងវិញលើនីតិវិធីដែលរដ្ឋបាលរបស់លោក បាននិយាយថា បានដាក់បន្ទុកជ្រុលហួសហេតុលើការផលិតថាមពល និងការប្រើប្រាស់៕

President Donald Trump pumps his fist and is surrounded by his family after he was sworn in by Supreme Court Chief Justice John Roberts during his inauguration ceremony as the 47th president in the Rotunda at the Capitol in Washington on Monday morning, Jan. 20, 2025. (Kenny Holston/The New York Times)