សហរដ្ឋអាមេរិកកាត់បន្ថយអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាមកនៅត្រឹមតែ ១៩% ចាប់ពីថ្ងៃនេះតទៅ
ភ្នំពេញ, ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ — ជាការវិវឌ្ឍថ្មីសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក ដែលសហរដ្ឋអាមេរិកបានប្រកាសកាត់បន្ថយអត្រាពន្ធនាំចេញលើទំនិញកម្ពុជា មកនៅត្រឹមតែ ១៩% ចាប់ពីថ្ងៃនេះតទៅ។ ការទម្លាក់អត្រាពន្ធនេះគឺជាលើកទី៣ ហើយ ក្នុងរយៈពេលបីខែចុងក្រោយនេះ បន្ទាប់ពីបានទម្លាក់ពី ៤៩% នៅខែមេសា មកនៅ ៣៦% នៅខែកក្កដា ហើយឥឡូវនេះបានឈានដល់ ១៩%។
ជោគជ័យដ៏ត្រចះត្រចង់នេះគឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង និងការដឹកនាំដ៏វាងវៃរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំង ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល ក្នុងការដឹកនាំចរចា។
ការកាត់បន្ថយពន្ធនេះនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ទំនិញកម្ពុជាក្នុងទីផ្សារអាមេរិក ជាពិសេសសម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង អេឡិចត្រូនិក និងផលិតផលឧស្សាហកម្មផ្សេងៗ ដែលនឹងនាំឱ្យមានការកើនឡើងនៃការនាំចេញ កំណើនការងារ និងការរីកចម្រើនសេដ្ឋកិច្ចជាតិ។
អ្នកវិភាគសង្កត់ធ្ងន់ថា ការបញ្ជប់កិច្ចព្រមព្រៀងថ្មីនេះបង្ហាញអំពីទំនុកចិត្តរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា ជុំវិញការកែទម្រង់សេដ្ឋកិច្ចរបស់កម្ពុជា និងតម្លាភាពនៃការធ្វើពាណិជ្ជកម្មជាមួយគ្នា។ លទ្ធផលដ៏ត្រចះត្រង់នេះ ក៏ជាការបើកទ្វារឲ្យមានកិច្ចសហប្រតិបត្តិការរួមរវាងកម្ពុជា-អាមេរិក លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។
ជោគជ័យនេះជាភស្តុតាងបង្ហាញថា កម្ពុជាកំពុងក្លាយជាដៃគូពាណិជ្ជកម្មដែលមានសក្តានុពល និងមានសមត្ថភាពក្នុងការចរចាជាមួយប្រទេសមហាអំណាច ប្រកបដោយយុទ្ធសាស្ត្រ សន្តិសហវិជ្ជមាន និងវិជ្ជាជីវៈខ្ពស់។