អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ
អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ
យោងតាមការបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអង្គភាពស៊ីម៉ាក់ (CMAC) នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ចំណែកកម្លាំងអង្គភាពស៊ីម៉ាក់នៅតែបន្តឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខេត្តទាំងឡាយ តាមសំនូមពរជាធម្មតា។
គួរជម្រាបថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានជូនដំណឹងអំពីការផ្អាកប្រតិបត្តិការបណ្តោះអាសន្ននៅខេត្តកំពង់ចាម ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង ដោយសារតែអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយទាំងឡាយ។ ការផ្អាកនេះ មិនមែនតែប្រទេសកម្ពុជាទេ គឺក្នុងក្របខណ្ឌទូទាំងពិភពលោកតែម្ដង។
ដើម្បីជៀសវាងការបកស្រាយដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលអាចនាំឱ្យមានការយល់ច្រឡំ និងការព្រួយបារម្ភពីសំណាក់សាធារណជន ឯកឧត្តម ហេង រតនា និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានជួបសំណេះសំណាល និងផ្សព្វផ្សាយការងារពាក់ព័ន្ធការផ្អាកគម្រោងជំនួយរបស់សហរដ្ឋអាមេរិកលើផ្នែកមួយចំនួន។
ឯកឧត្តម ហេង រតនា បានឱ្យដឹងថា កម្លាំងដែលផ្អាកនេះជាកម្លាំងបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ ជាគោលមិនសំដៅលើការបោសសម្អាតគ្រាប់មីន ឬចម្ការមីននោះទេ។ ម្យ៉ាងវិញទៀត ដោយសារមានអ្នកយល់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមមិនច្បាស់ ទើបមានការបកស្រាយខុស៕