Khmer First Close

ទស្សនៈមិត្តអ្នកអាន៖ ទង្វើរបស់ ស៊ន តារា បង្ហាញថា ពួកប្រឆាំងជ្រុលនិយម នៅបន្តអនុវត្តនូវនយោបាយប្រមាថអាយុជីវិតប្រជាជនខ្មែរដ៏ធ្ងន់ធ្ងរបំផុត

ដោយ៖ សម្បត្តិ កិត្យា ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 148
ទស្សនៈមិត្តអ្នកអាន៖ ទង្វើរបស់ ស៊ន តារា បង្ហាញថា ពួកប្រឆាំងជ្រុលនិយម នៅបន្តអនុវត្តនូវនយោបាយប្រមាថអាយុជីវិតប្រជាជនខ្មែរដ៏ធ្ងន់ធ្ងរបំផុត ទស្សនៈមិត្តអ្នកអាន៖ ទង្វើរបស់ ស៊ន តារា បង្ហាញថា ពួកប្រឆាំងជ្រុលនិយម នៅបន្តអនុវត្តនូវនយោបាយប្រមាថអាយុជីវិតប្រជាជនខ្មែរដ៏ធ្ងន់ធ្ងរបំផុត

ទស្សនៈមិត្តអ្នកអាន៖ ទង្វើរបស់ ស៊ន តារា បង្ហាញថា ពួកប្រឆាំងជ្រុលនិយម នៅបន្តអនុវត្តនូវនយោបាយប្រមាថអាយុជីវិតប្រជាជនខ្មែរដ៏ធ្ងន់ធ្ងរបំផុត

ជនរត់ចោលស្រុក ស៊ន តារា បានអះអាងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “អាមេរិកមិនដែលទម្លាក់គ្រាប់បែកសម្លាប់ខ្មែរទេ គឺទម្លាក់លើទ័ពយៀកកុងដែលប្រើទឹកដីខ្មែរសម្លាប់អាមេរិក។ គ្រឿងសព្វាវុធថ្លៃណាស់ ទាល់តែទិញ គ្មាននរណាយកគ្រាប់មកទម្លាក់ចោលទទេៗឡើយ។ នេះជា សច្ចភាព។”

ខាងលើនេះគឺជាខ្លឹមសារដែល ស៊ន តារា អ្នកនយោបាយបន្តវេនរបស់ពួកប្រឆាំងជ្រុលនិយមដែលកំពុងប្រើប្រាស់មូលដ្ឋានក្រៅប្រទេសវាយប្រហារលើរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំប្រទេស។ ការដែល ស៊ន តារា បែបនេះ គឺជាចេតនាបំភ្លៃប្រវត្តិសាស្ត្រពិត និងជាការប្រមាថយ៉ាងធ្ងន់ធ្ងរទៅដល់ជនខ្មែរស្លូតត្រង់ដែលបានស្លាប់បាត់បង់ជីវិត និងរងរបួសធ្លាក់ខ្លួនពិការរាប់សែននាក់ បង្កឡើងដោយគ្រាប់បែកអាមេរិក ដែលបានទម្លាក់ស្រោចមកលើទឹកដីកម្ពុជាចន្លោះទស្សវត្សឆ្នាំ៦០ និង៧០។

ប្រវត្តិសាស្ត្រពិតបានចារយ៉ាងច្បាស់និងត្រូវបានទទួលស្គាល់ដោយភាគីអាមេរិកផងដែរថា អាមេរិកគឺពិតជាបានទម្លាក់គ្រាប់បែកមកលើកម្ពុជា ដោយមានគោលដៅទៅលើយោធាយៀកកុងមែន ប៉ុន្តែការទម្លាក់គ្រាប់បែកដ៏ច្រើនសន្ធឹកសន្ធាប់អស់រយៈពេលជាច្រើនឆ្នាំលើទឹកដីកម្ពុជាដ៏កម្សត់ គឺបានសម្លាប់ប្រជាជនកម្ពុជាជារាប់ម៉ឺននាក់ បង្កឲ្យមានជនពិការរហូតមកដល់ពេលបច្ចុប្បន្ន និងបំផ្លាញភូមិដ្ឋានប្រជាជនខ្មែរព្រមទាំងហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទី។ សព្វថ្ងៃគ្រាប់បែកដែលសេសសល់នៅកប់ក្នុងដីច្រើនណាស់ ដែលបាននិងកំពុងតែបន្តសម្លាប់ប្រជាជនខ្មែរស្លូតត្រង់ដែលមិនដឹងអីរហូតដល់សព្វថ្ងៃ។ 

ជាការពិតសោកនាដកម្មខាងលើនេះ កូនខ្មែរត្រូវតែចងចាំនឹងមិនអាចបំភ្លេចបានឡើយ ចៀសវាងជនឆ្លៀតឱកាស បំភ្លៃប្រវត្តិសាស្ត្រ និងបោកប្រាស់យុវជនខ្មែរជំនាន់ក្រោយបាន។ ការបង្ហោះសាររបស់ ស៊ន តារា គឺបង្ហាញថាជននេះ កំពុងវង្វេងផ្លូវកាន់តែធ្ងន់ធ្ងរ ដែលប្រហែលជាមិនអាចមានអ្នកណាដាស់តឿនក្រើនរំលឹកបានឡើយ។ ជាមួយគ្នានេះ ការលើកឡើងដោយមិនទទួលស្គាល់សោកនាដកម្មនៃការស្លាប់ដោយការទម្លាក់គ្រាប់បែករបស់អាមេរិក កាលពីអតីតកាលនេះ វាស្មើនឹងការគាំទ្រដល់ទង្វើសម្លាប់ជាតិឯងដូច្នេះដែរ។ អ្វីដែលត្រូវយល់ គឺប្រវត្តិសាស្ត្រមិនអាចផ្លាស់ប្តូរបានតាមគំនិតរវើរវាយរបស់បុគ្គលណា ឬតាមរយៈការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋាន និងភស្តុតាង ដូច ស៊ន តារា នោះឡើយ។ 

បើតាមប្រភពនៃការស្រាវជ្រាវផ្លូវការរបស់អង្គការអន្តរជាតិ និងឯកសារច្បាស់លាស់ពីសង្គ្រាមឥណ្ឌូចិន បានបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែកយ៉ាងច្រើនលើទឹកដីកម្ពុជាក្នុងអំឡុងសង្គ្រាមយៀកកុង និងសង្គ្រាមត្រួតត្រាខ្មែរ។ ជាក់ស្តែង គ្រាប់បែកដែលទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោកប្រធានាធិបតី ចនសុន (Johnson) ចាប់ពីឆ្នាំ១៩៦៥ ដល់១៩៧៣ មកលើទឹកដីកម្ពុជាចំនួនប្រមាណ ៤៧៥ ៥១៥តោន(ជិតកន្លះលានតោន) និងក្នុងរដ្ឋបាលលោកប្រធានាធិបតី រីឆាត និចសុន (Richard Nixon) ចាប់ពីឆ្នាំ១៩៦៩ បានបញ្ជាដាច់ណាត់ឱ្យទម្លាក់គ្រាប់បែកសម្លាប់អ្វីៗដែលមានជីវិត ដោយកុំឱ្យកងទ័ពខ្វល់ពីអ្វីទាំងអស់ រួមទាំងការចំណាយ។ ការទម្លាក់គ្រាប់បែកក្នុងរដ្ឋបាលលោក Nisxon កាន់តែខ្លាំងក្លា ពោលគឺមានចំនួនប្រមាណជាង ២លានតោនក្នុងរយៈពេល៥ឆ្នាំ (១៩៦៩-១៩៧៣) នាំឱ្យទិន្នន័យសរុបមានចំនួនជាង ២លាន៨សែនតោន ក្នុងរយៈពេលជាង៨ឆ្នាំ គឺពីថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣ ដែលក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង២៨លានគ្រាប់ និងគ្រាប់បែកគីមី ថែមទៀតផង (ពុំទាន់មានកំណត់ត្រា ឬទិន្នន័យនៅឡើយទេ)។ សេចក្ដីរាយការណ៍របស់អាមេរិកផ្ទាល់បានបញ្ជាក់ថា ចំនួនគ្រាប់បែកដែលអាមេរិកបានប្រើលើកម្ពុជា មានច្រើនជាងសម័យសង្គ្រាមលោកលើកទីពីរទៅទៀត។ នេះជាការពិតប្រវត្តិសាស្ត្រ ដែលបានបញ្ជាក់ដោយប្រភពអន្តរជាតិនានា។ 

ដូច្នេះ ការនិយាយថា “អាមេរិកមិនដែលទម្លាក់គ្រាប់បែកសម្លាប់ខ្មែរទេ” គឺជាការនិយាយភូតកុហកបោកប្រាស់ប្រជាពលរដ្ឋខ្មែរ ពោលមិនមែនជាការពិតឡើយ។ គ្រាប់បែកអាមេរិកបានសម្លាប់ប្រជាជនកម្ពុជា បំផ្លាញភូមិដ្ឋានប្រជាជន និងបង្កឲ្យមានមហន្តរាយធ្ងន់ធ្ងរ ដែលបណ្តាលឲ្យកម្ពុជាបានធ្លាក់ក្នុងភាពអស្ថិរភាពនយោបាយ និងជំរុញឱ្យខ្មែរក្រហមមានឱកាសដណ្តើមបានជ័យជន្នះគ្រប់គ្រងកម្ពុជា។ នេះជាការពិតដែលមិនអាចប្រកែកបាន។

ទោះបីជាគោលដៅអាមេរិកចង់សម្លាប់វៀតណាមមែន ប៉ុន្តែអាមេរិកបានប្រើប្រាស់ទឹកដីខ្មែរ នេះវាខុសនឹងច្បាប់អន្តរជាតិទៅហើយ។ អាមេរិកដើម្បីតែគោលបំណងខ្លួន គឺមិនគិតពីអាយុជីវិតរបស់ប្រជាជនខ្មែរនោះទេ សូម្បីតែជនជាតិអាមេរិកក៏ទទួលស្គាល់នូវកំហុសពីអតីតកាលនេះដែរ ទើបគេត្រូវមានកាតព្វកិច្ចផ្តល់ជំនួយដល់ខ្មែរដើម្បីដោះគ្រាប់មីនដែលនៅបន្តកប់ក្នុងដីជាច្រើនសន្ធឹកសន្ធាប់។ អ្វីដែលកើតឡើងពីអតីតកាលបានក្លាយជាប្រវត្តិសាស្ត្រដ៏ជូរចត់សម្រាប់ខ្មែរទៅហើយ តែអ្វីដែលរឹតតែឈឺចាប់ជាងនេះទៅទៀតនោះ គឺការបកស្រាយបំភ្លៃប្រវត្តិសាស្ត្រពិត និងការបំណុលមហាជន ក្នុងចេតនាកេងចំណេញនយោបាយរបស់ពួកជ្រុលនិយម វារឹតតែធ្វើឱ្យខ្មែរមិនអាចទទួលយកបានទៀត។ ស៊ន តារា ពិតជាបានប្រមាថធ្ងន់ធ្ងរខ្លាំងណាស់ដល់អាយុជីវិតរបស់ប្រជាជនខ្មែរដែលស្លាប់និងរងគ្រោះដោយសារគ្រប់បែកដែលទម្លាក់ដោយអាមេរិក។ ដូច្នេះ ស៊ន តារា មិនគួរហៅខ្លួនឯងថាជាខ្មែរទៀតឡើយ ព្រោះអ្នកមិនសមនឹងកើតជាជាតិសាសន៍ដ៏ស្លូតត្រង់និងសុច្ចរិតមួយនេះទេ៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង