សមាជិក ប.ស.ស. អាចទៅទទួលសេវាពិនិត្យ ពិគ្រោះនិងព្យាបាលដោយមិនមានកំណត់ចំនួនដងចូលប្រើប្រាស់ហើយក៏មិនមានការបង់ថ្លៃសេវាព្យាបាលដែរ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺស្ដីពីការផ្ដល់សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រជូនសមាជិក ប.ស.ស. ឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់បំផ្លើស និងទម្លាក់កំហុសដែលជាអំពើល្មើសច្បាប់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម។
បេឡាជាតិសន្តិសុខសង្គម បានបំភ្លឺយ៉ាងច្បាស់ថា សមាជិក ប.ស.ស. អាចទៅទទួលសេវាពិនិត្យពិគ្រោះនិងព្យាបាលតាមស្តង់ដាវិជ្ជាជីវៈវេជ្ជសាស្ត្រ បាននៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូដោយមិនមានកំណត់ចំនួនដងចូលប្រើប្រាស់សេវានោះទេហើយក៏មិនមានការបង់ថ្លៃសេវាព្យាបាលដែរ។
ករណី សមាជិក ប.ស.ស. បានទទួលព័ត៌មានមិនពិតឬឃើញការអនុវត្តផ្ទុយពីសេចក្តីបំភ្លឺនេះ សូមធ្វើការទំនាក់ទំនងមកលេខ ១២៨៦ ឬ ១២៩៧ ដើម្បីរាយការណ៍ឬប្ដឹងតាមបណ្ដឹងអនាមិកដើម្បី ប.ស.ស.
ចាត់វិធានការតាមច្បាប់ជាធរមាន៕