ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ធ្វើទស្សនកិច្ចនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការ តាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្សវត្ថុបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា យកមករក្សាទុកនៅទីនេះ។
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រៅបានបើកឱ្យសាធារណៈបានចូលទស្សនាហើយ ក៏អនុញ្ញាតឱ្យ អ្នកសិក្សាស្រាវជ្រាវនានា ចូលមកសិក្សាស្វែងយល់ផងដែរ។ ជាក់ស្តែងថ្មីៗនេះ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ចំនួនប្រមាណ១៧០អង្គ-នាក់ បានចូលមកទស្សនកិច្ចសិក្សា ការតាំងបង្ហាញសមុច្ច័យ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោមការជួយសម្របសម្រួលពីសំណាក់អាជ្ញាធរជាតិអប្សរា។
នាឱកាសនោះ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា បានបង្ហាញសប្បាយរីករាយ និងការគាំទ្រ នៅពេលបានឃើញការដាក់តាំងបង្ហាញវត្ថុបុរាណ និងវត្ថុសិល្បៈទាំងអស់ ជាពិសេសការថែរក្សាវត្ថុទាំងនោះបានយ៉ាងល្អប្រសើរ នៅក្នុងសារមន្ទីរ ហើយអាចឱ្យប្រជាពលរដ្ឋ យុវជន ឬភ្ញៀវទេសចរចូលមកទស្សនា និងសិក្សាស្វែងយល់។
សូមជម្រាបផងដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានតាំងបង្ហាញវត្ថុសិល្បៈបុរាណជាច្រើនរាប់រយប្រភេទផ្សេងៗគ្នា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណៈជនជាដើម។
ក្នុងនោះ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ សារមន្ទីរ បានរៀបចំតាំងពិព័រណ៌មិនអចិន្ត្រៃយ៍មួយ ដោយតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និងទើបរកឃើញពីកំណាយស្រាវជ្រាវ នៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍ ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណ តំបន់ភ្នំគូលែនផង ដោយមានអ្នកជំនាញធ្វើបទបង្ហាញជូនភ្ញៀវ និងបង្ហាញទាំងវិធីសាស្រ្តនៃការជួសជុលឡើងវិញនូវវត្ថុសិល្បៈទាំងនោះ ជូនសាធារណៈជនបានទស្សនាផងដែរ៕