Khmer First Close

សេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម ត្រូវបានព្រឹទ្ធសភាឯកភាពទាំងស្រុងដោយឥតកែប្រែ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 175
សេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម ត្រូវបានព្រឹទ្ធសភាឯកភាពទាំងស្រុងដោយឥតកែប្រែ សេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម ត្រូវបានព្រឹទ្ធសភាឯកភាពទាំងស្រុងដោយឥតកែប្រែ

នៅទីបំផុត ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដោយឥតកែប្រែ ក្នុងចំនួន ៥៥សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំជាវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៥រូប ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន៥រូប បានឡើងមានយោបល់រួចមក ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភាផងដែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ថ្មីនេះ រៀបចំឡើងដើម្បីកំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើង ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្ម ទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។

ទន្ទឹមនឹងនោះ សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ និងជាតម្រូវការចាំបាច់ ដើម្បីការពារ ទប់ស្កាត់មិនឱ្យរបបដ៏ឃោរឃៅព្រៃផ្សៃនេះវិលត្រឡប់មកវិញក្នុងសង្គមជាតិ ក្នុងពេលដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបកំពុងរស់នៅប្រកបដោយសេចក្តីសុខពេញលេញក្រោមដំបូលសន្តិភាព ហើយក៏ឆ្លុះបញ្ចាំងពីភាពម៉ឺងម៉ាត់ ហ្មត់ចត់ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតខ្ពស់ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕