Khmer First Close

មេរៀនដ៍ជូរចត់ដែលប្រជាជនខ្មែរត្រូវចងចាំអំពីការបាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃដែលបានផ្ទុះឡើងនៅឆ្នាំ ២០០៨ នៅទិប្រាសាទព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ ២០១១

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 171
មេរៀនដ៍ជូរចត់ដែលប្រជាជនខ្មែរត្រូវចងចាំអំពីការបាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃដែលបានផ្ទុះឡើងនៅឆ្នាំ ២០០៨ នៅទិប្រាសាទព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ ២០១១ មេរៀនដ៍ជូរចត់ដែលប្រជាជនខ្មែរត្រូវចងចាំអំពីការបាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃដែលបានផ្ទុះឡើងនៅឆ្នាំ ២០០៨ នៅទិប្រាសាទព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ ២០១១

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានរំលឹកពីមេរៀនដ៏ជូរចត់ដែលប្រជាជនខ្មែរត្រូវចងចាំអំពីការបាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃដែលបានផ្ទុះឡើងនៅឆ្នាំ២០០៨ នៅទិសប្រាសាទព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ២០១១ ដែលចាប់ផ្ដើមឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះខ្លឹមសារដូចតទៅ៖

ទើបរកឃើញរូបប៉ុន្មានសន្លឹកនេះ ដែលថតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ។  រូបទាំងនេះបង្ហាញអំពីការចរចារវាងភាគីកម្ពុជាដែលដឹកនាំដោយរូបខ្ញុំ ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោក (ដោយមានការចូលរួមពី ឯកឧត្តម ជា ម៉នអតីតមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣) ជាមួយភាគីកងទ័ពថៃដែលដឹកនាំដោយនាយសេនាធិការកងទ័ពជើងគោកថៃ  ក្នុងគោលដៅឈានទៅរកការផ្អាកការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដែលបានផ្ទុះឡើងនៅឆ្នាំ ២០០៨ នៅទិសប្រាសាទព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ ២០១១។ 

សូមរំលឹកផងថាការប្រយុទ្ធគ្នាពេលនោះ គឺមិនមែនផ្ដើមដោយកងទ័ព ឬរាជរដ្ឋាភិបាលនៃប្រទេសណាមួយនោះទេ។ ប៉ុន្តែវាចាប់ផ្ដើមឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ហើយរំលោភចូលមកកាន់កាប់វត្តកែវសិក្ខាគីរីស្វារៈ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។ 

សកម្មភាពដែលផ្ដើមឡើងដោយមនុស្សប៉ុន្មាននាក់នេះ បានរាលដាលរហូតដល់មានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពនៃប្រទេសទាំងពីរអស់រយៈពេលជាង៣ឆ្នាំ ចាប់ពីតំបន់ប្រាសាទព្រះវិហាររហូតដល់តំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ដោយបានបង្កឲ្យកងទ័ពទាំងពីរប្រទេសរងរបួសនិងស្លាប់ជាច្រើននាក់ ក៏ដូចជាបង្ខំឲ្យប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋថៃដែលរស់នៅក្នុងនិងក្បែរតំបន់ប្រយុទ្ធគ្នា រាប់ពាន់គ្រួសារត្រូវជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួន។ បន្ថែមលើនោះទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងវិស័យផ្សេងៗ ក៏ទទួលរងការប៉ះពាល់ជាអវិជ្ជមានផងដែរនាពេលនោះ។ 

បទពិសោធន៍ដែលទើបតែកើតមានជាងមួយទសវត្សរ៍កន្លងទៅនេះ គឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេសឲ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពអ្វីមួយ ត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាសវាងនូវសកម្មភាពជ្រុលនិយមទាំងឡាយណា ដែលអាចឈានទៅបង្កើតអំពើហិង្សាដូចបានកើតឡើងនៅចន្លោះឆ្នាំ២០០៨-២០១១។ 

ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រជាពលរដ្ឋថៃ មានសិទ្ធិស្នេហាជាតិ និងស្នេហាទឹកដីរបស់ខ្លួន។ ប្រទេសទាំងពីរមិនអាចលើកចេញពីគ្នាបានទេ ហើយចំពោះបញ្ហាព្រំដែននៅសេសសល់ដែលជាមរតកប្រវត្តិសាស្ត្រ គឺបានបន្សល់ទុកជាយូរណាស់មកហើយ។ យើងត្រូវខិតខំដោះស្រាយឲ្យបានចប់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ តាមរយៈយន្តការផ្លូវការដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ ដើម្បីជាសវាងបង្កជាបញ្ហាហិង្សា ដែលអាចកើតមានជាយថាហេតុដូចកាលពីឆ្នាំ២០០៨-២០១១។ 

ខ្ញុំកើតមិនទាន់សង្គ្រាមក្នុងទសវត្សរ៍ទី៧០ ហើយក៏នៅតូចនៅក្នុងដំណាក់កាលនៃសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សទី៩០។ ប៉ុន្តែខ្ញុំគិតថាការប្រយុទ្ធគ្នានៅឆ្នាំ២០០៨-២០១១ គឺមិនខុសគ្នាពីការប្រយុទ្ធគ្នាកាលពីអតីតកាលនោះទេ គឺគ្មានអ្វីចំណេញពីសង្គ្រាមនិងការប្រយុទ្ធគ្នានោះទេ។ 

អ្នកដែលខាតបង់ផ្ទាល់គឺយោធិននៃប្រទេសទាំងពីរនិងក្រុមគ្រួសារដែលត្រូវបាត់បង់សមាជិកគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា (មិនទាន់គិតពីផលប៉ះពាល់លើទំនាក់ទំនងក្នុងវិស័យផ្សេងៗរវាងប្រទេសទាំងពីរនោះផង)។ 

ដោយឡែក អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ ពួកគេតែងតែរត់ទៅនៅកន្លែងសុវត្ថិភាពរាប់រយគីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នា។ 

ខ្ញុំសង្ឃឹមថានេះគឺជាមេរៀនមួយដែលប្រជាពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត»៕

អត្ថបទទាក់ទង