Khmer First Close

សហគមន៍ទេសចរណ៍អន្លង់ធំ នឹងទទួលបានសមិទ្ធផលថ្មីៗ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 165
សហគមន៍ទេសចរណ៍អន្លង់ធំ នឹងទទួលបានសមិទ្ធផលថ្មីៗ សហគមន៍ទេសចរណ៍អន្លង់ធំ នឹងទទួលបានសមិទ្ធផលថ្មីៗ

 នាឱកាសចុះពិនិត្យសហគមន៍ទេសចរណ៍អន្លង់ធំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅក្នុងឱកាសដែលសម្តេចធិបតី បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសមាជិកសហគមន៍ កាលពីថ្ងៃ២៥ ខែកុម្ភ: ឆ្នាំ២០២៥កន្លងទៅ បានចេញបទបញ្ជាឱ្យ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ មេបញ្ជាការរង កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទទួលបន្ទុកសាងសង់អនុវិទ្យាល័យ និងជួសជុលកែលម្អផ្លូវធ្វើឱ្យប្រសើរឡើង ប្រវែងជាង ៦គីឡូម៉ែត្រ ពីសហគមន៍ទៅកាន់ទីតាំងស្រះដំរី។ នេះបើយោងតាមការបង្ហោះផ្សាយក្នុងផេកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

បន្ទាប់ពីទទួលបានបទបញ្ជាភ្លាមពីប្រមុខរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត ប្រាក់ សោភ័ណ និងឧត្តមសេនីយ៍ទោ បានចុះទៅជួបបងប្អូន អ៊ំពូមីង តាយាយ លោកគ្រូអ្នកគ្រូ និងសហគមន៍ ក្នុងគោលបំណងសាកសួរបន្ថែមអំពីចំណាប់អារម្មណ៍ និងការឯកភាពក្នុងការរៀបចំ៖

១/ ការធ្វើឱ្យប្រសើរឡើងផ្លូវពីសហគមន៍ឆ្ពោះទៅកាន់ស្រះដំរី ដែលជាផ្លូវចរាចរណ៍ទេសចរដ៏សំខាន់របស់សហគមន៍អន្លង់ធំ មានប្រវែងប្រមាណជាង ៦គីឡូម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ ក៏ប៉ុន្តែការជួសជុលនេះ គឺឈរលើការថែរក្សាសណ្ឋានផ្លូវដើម ដោយមិនធ្វើឱ្យមានការប៉ះពាល់ណាមួយនោះទេ ពិសេសក៏មានការឯកភាពពីតំណាងសហគមន៍ផងដែរ។ ការជួសជុលកែលម្អឱ្យប្រសើរឡើង បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២៨ កុម្ភ: ដោយមានការចូលរួមសហការជាប់ជាប្រចាំពីតំណាងសហគមន៍ សំដៅធានាបានការឯកភាពគ្នា និងថែរក្សាសណ្ឋានផ្លូវដើម និងមិនបាត់បង់គុណតម្លៃវប្បធម៌របស់យើង។ 

២/ ក្រោយពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មានការឯកភាពរួមគ្នាក្នុងការសម្រេចឱ្យសាងសង់អនុវិទ្យាល័យថ្មី នៅទីតាំងថ្មី អគារថ្មីមួយខ្នងពីរជាន់ ១២បន្ទប់ ជាជំហ៊ានទីមួយ ហើយនឹងរៀបចំក្របខណ្ឌស្នើសុំជាវិទ្យាល័យទៅថ្ងៃក្រោយ។ 

បច្ចុប្បន្នគ្រឿងចក្រ បានដាក់ដល់ទីតាំងសម្រាប់ត្រៀមសម្អាត និងឈូសឆាយដីថ្មីតែនៅមិនទាន់អាចដំណើរការបាននោះទេ គឺត្រូវរង់ចាំជំនាញចុះមកពិនិត្យ និងបោស សម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះសិន ដើម្បីអាចនឹងចាប់ផ្តើមការសាងសង់បាននៅពេលដ៏ខ្លីខាងមុខ។ ព្រមជាមួយគ្នា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានឯកភាពផ្តល់ជូននៅអគារទីចាត់ការ ០១ខ្នង អគារបណ្ណាល័យ ០១ខ្នង និងអគារស្នាក់នៅលោកគ្រូអ្នកគ្រូ ០១ខ្នង ដែលមាន ០៣បន្ទប់គេង ជូនដល់សាលាបឋមសិក្សាសម្តេចឪសម្តេចម៉ែអន្លង់ធំ ហើយបានចាប់ផ្តើមដំណើរការសាងសង់ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង