Khmer First Close

ឯកឧត្តម ហ៊ុន ម៉ានី៖ ខេត្តសៀមរាបឆ្នាំនេះ នឹងមានភាពអស្ចារ្យ និងសប្បាយរីករាយលើសពីធម្មតា ជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ដោយ៖ សម្បត្តិ កិត្យា ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ 148
ឯកឧត្តម ហ៊ុន ម៉ានី៖ ខេត្តសៀមរាបឆ្នាំនេះ នឹងមានភាពអស្ចារ្យ និងសប្បាយរីករាយលើសពីធម្មតា ជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឯកឧត្តម ហ៊ុន ម៉ានី៖ ខេត្តសៀមរាបឆ្នាំនេះ នឹងមានភាពអស្ចារ្យ និងសប្បាយរីករាយលើសពីធម្មតា ជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥នេះថា «ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងធ្វើឡើងចំនួន៦ទីតាំង គឺនៅបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub street និងអង្គរឃ្យុងយូ»។

ឯកឧត្តម បានបន្ថែមថា នឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនមានដូចជា ការសម្តែងទស្សនីយភាពចង្វាក់បេះដូងអង្គរ, កម្មវិធីភូមិខ្ញុំ, កម្មវិធីការប្រកួតអុកចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតោះៗលេងទឹក, កម្មវិធីសួនមុនីហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។ 

ហើយអ្វីដែលកាន់តែពិសេស នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ គឺព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវបានរៀបចំដោយក្រសួងព្រះបរមរាជវាំង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ 

នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ ហើយក៏ជាឱកាសសម្រាប់ប្រជាជនខ្មែរ ក្នុងការធ្វើដំណើរមកខេត្តសៀមរាប បានជួបព្រះភ័ក្រ្តព្រះមហាក្សត្រ ដោយផ្ទាល់ ក៏ដូចជាបានសប្បាយរីករាយជាមហាគ្រួសារខ្មែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា គិតចាប់ឆ្នាំ២០១៣រហូតមកដល់ពេលនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានធ្វើចំនួន១២ឆ្នាំហើយ។ ការរៀបចំអង្គរសង្រ្កាន្តឆ្នាំទី១២នេះ ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើនរូប ហើយក៏ជាផ្តល់ជូននូវជម្រើសមួយបន្ថែមទៀតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ជូនដល់ពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ 

ដោយ ឃុត សៅ