Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ជប៉ុនសម្រេចផ្ដល់ថវិកាជាង៦០ម៉ឺនដុល្លារអាមេរិក ដើម្បីលុបបំបាត់អំពើហិង្សាទៅលើកុមារនៅតាមសាលា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1149
ជប៉ុនសម្រេចផ្ដល់ថវិកាជាង៦០ម៉ឺនដុល្លារអាមេរិក ដើម្បីលុបបំបាត់អំពើហិង្សាទៅលើកុមារនៅតាមសាលា ជប៉ុនសម្រេចផ្ដល់ថវិកាជាង៦០ម៉ឺនដុល្លារអាមេរិក ដើម្បីលុបបំបាត់អំពើហិង្សាទៅលើកុមារនៅតាមសាលា

ថវិកាសរុបចំនួន៦៣៧.៨៣៨ ដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ដល់កម្ពុជា ដើម្បីលុបបំបាត់អំពើហិង្សាទៅលើកុមារនៅតាមសាលារៀន ដែលកិច្ចសន្យាផ្ដល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ក្រោមអធិបតីភាពលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយសម្រាប់អនុវត្តគម្រោង។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ថ្លែងនៅក្នុងពិធីចុះហត្ថលេខានោះថា គម្រោងលុបបំបាត់អំពើហិង្សាលើកុមារតាមសាលារៀនក្នុងខេត្តកំពង់ចាម ឆ្នាំទី២នេះ អនុវត្តដោយអង្គការ Save the Children Japan លើសកម្មភាពលើកកម្ពស់ការយល់ដឹងដល់កុមារ ឪពុកម្ដាយ និងបុគ្គលិកអប់រំ បង្កើតប្រព័ន្ធការពារកុមារនៅតាមសាលារៀន និងតស៊ូមតិ ដើម្បីកិច្ចការពារកុមារតាមសាលារៀន ក្នុងគោលបំណងលុបបំបាត់អំពើហិង្សាលើកុមារតាមសាលារៀន។

បើតាមលោក អ៊ូអិណុ អាត់ស៊ូស៊ី តាមរយៈគម្រោងនេះ សិស្សប្រមាណ១ ម៉ឺន២ ពាន់នាក់ និងគ្រូបង្រៀនចំនួន៤៤០ នាក់ នៃសាលារៀនគោលដៅ នឹងអាចទទួលបានអត្ថប្រយោជន៍ពីបរិស្ថានគ្មានអំពើហិង្សា ដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុន នឹងនាំឲ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេ ដែលត្រូវបានអនុវត្តនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍន៍។ រយៈពេល២០ឆ្នាំ ចុងក្រោយនេះ ស្ថានទូតជប៉ុន បានផ្ដល់ជំនួយជាង១៤០គម្រោង ក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីនេះ និងបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕